ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី១៥ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ១,១០-១៧)
អ្នករាល់គ្នាជាមេដឹកនាំដ៏អាក្រក់ដូចមេដឹកនាំក្រុងសូដុមអើយចូរស្ដាប់ការប្រៀនប្រដៅរបស់ព្រះអម្ចាស់!អ្នករាល់គ្នាជាប្រជាជនដ៏អាក្រក់ដូចប្រជាជនក្រុងកូម៉ូរ៉ាអើយចូរផ្ទៀងត្រចៀកស្ដាប់ការប្រៀនប្រដៅរបស់ព្រះនៃយើង! ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងមិនរវីរវល់នឹងយញ្ញបូជាដ៏ច្រើនឥតគណនារបស់អ្នករាល់គ្នាទេ យើងធុញទ្រាន់នឹងចៀមឈ្មោល ព្រមទាំងខ្លាញ់កូនគោ ដែលអ្នករាល់គ្នាដុតបូជាថ្វាយយើង យើងក៏មិនពេញចិត្តនឹងឈាមគោ ឈាមចៀម និងឈាមពពែរបស់អ្នករាល់គ្នាដែរ។ អ្នករាល់គ្នាចូលមករកយើង តើនរណាហៅអ្នករាល់គ្នាឱ្យមកជាន់ទីលានវិហាររបស់យើងដូច្នេះ? ចូរឈប់យកតង្វាយដ៏ឥតបានការនេះមកថ្វាយយើងទៅ យើងខ្ពើមផ្សែងធូបរបស់អ្នករាល់គ្នាណាស់ ហើយយើងក៏ធុញទ្រាន់នឹងពិធីបុណ្យផ្សេងៗ បុណ្យចូលខែថ្មី បុណ្យថ្ងៃសីល ឬពិធីដ៏ឱឡារឹក ដែលរៀបចំឡើងដោយមនុស្សទុច្ចរិតដែរ។ យើងស្អប់បុណ្យចូលខែថ្មី និងពិធីបុណ្យផ្សេងៗរបស់អ្នករាល់គ្នាណាស់ ពិធីបុណ្យទាំងនេះធ្វើឱ្យយើងធុញទ្រាន់ ទ្រាំមិនបាន។ កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ យើងងាកមុខចេញ ទោះបីអ្នករាល់គ្នាសូត្រធម៌ច្រើនយ៉ាងណាក្តី ក៏យើងមិនព្រមស្តាប់ដែរ ព្រោះដៃអ្នករាល់គ្នាប្រឡាក់ទៅដោយឈាម។ ចូរលាងសម្អាតខ្លួនឱ្យបានស្អាតបរិសុទ្ធ! ចូរយកអំពើទុច្ចរិតចេញពីមុខយើងទៅ កុំប្រព្រឹត្តអំពើអាក្រក់ទៀតឡើយ!។ ចូររៀនធ្វើអំពើល្អ! ចូរស្វែងរកយុត្តិធម៌! ចូរជួយអ្នកដែលត្រូវគេសង្កត់សង្កិនឱ្យបានរួចពីទុក្ខ! ចូររកយុត្តិធម៌ឱ្យក្មេងកំព្រា ហើយការពារស្ត្រីមេម៉ាយ!»។
ទំនុកតម្កើងលេខ ៥០ (៤៩),៧-៨.១៦-១៧.២១.២៣ បទព្រហ្មគីតិ
| ៧ | ប្រជាជនបវរ | នាំគ្នាមកស្តាប់ពាក្យពិត | |
| អ៊ីស្រាអែលអើយកុំគិត | យើងនេះពិតព្រះអ្នកហើយ | ។ | |
| ៨ | យើងមិនស្តីបន្ទោស | អ្នកទាំងអស់ដែលបានថ្វាយ | |
| យញ្ញបូជាទាំងឡាយ | អចិន្ត្រៃយ៍មិនដែលអាក់ | ។ | |
| ១៦ | ព្រះម្ចាស់មានបន្ទូល | ទៅមនុស្សពាលឥតស្ទើរស្ទាក់ | |
| ហេតុអ្វីបានជាអ្នក | សូត្រឥតអាក់ក្រឹត្យវិន័យ | ។ | |
| ហើយចេះតែទន្ទេញ | ឥតទោម្នេញរៀងរាល់ថ្ងៃ | ||
| ពាក្យសម្ពន្ធមេត្រី | ជាមួយយើងដូច្នេះណា? | ។ | |
| ១៧ | ប៉ុន្តែអ្នកថ្លោះធ្លោយ | មិនស្តាប់ឡើយនូវវាចារ | |
| ទូន្មានគ្រប់អាត្មា | អ្នកបែរជាចោលបង់បោះ | ។ | |
| ២១ | អ្នកដែលធ្លាប់ប្រព្រឹត្ត | រឿងឧក្រិដ្ឋឥតកំណើត | |
| យើងនៅស្ងៀមម្តេចកើត | គ្មានកំណើតយើងដាក់ទោស | ។ | |
| ២៣ | អ្នកណាថ្វាយពាក្យថ្កើង | មកដល់យើងជាតង្វាយ | |
| យើងរីករាយស្រស់ស្រាយ | យើងសប្បាយជួយសង្គ្រោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ៥,១១
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលព្រះរាជ្យនៃស្ថានបរមសុខ!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១០,៣៤-១១,១)
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ «កុំនឹកស្មានថា ខ្ញុំមកនេះ ដើម្បីនាំយកសន្តិភាពមកឱ្យផែនដីឡើយ។ ខ្ញុំមិនមែននាំសន្តិភាពមកទេ គឺខ្ញុំមកបំបែកមនុស្សចេញពីគ្នា។ ខ្ញុំមកធ្វើឱ្យកូនប្រុសបែកពីឪពុក កូនស្រីបែកពីម្តាយ កូនប្រសាស្រីបែកពីម្តាយក្មេក ហើយអ្នកដែលនៅក្នុងផ្ទះជាមួយក្លាយទៅជាសត្រូវនឹងគ្នា។ អ្នកណាស្រឡាញ់ឪពុកម្តាយជាងស្រឡាញ់ខ្ញុំ អ្នកនោះមិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ ហើយអ្នកណាស្រឡាញ់កូនប្រុសកូនស្រីរបស់ខ្លួនខ្លាំងជាងស្រឡាញ់ខ្ញុំ ក៏មិនសមនឹងធ្វើជាសាវ័ករបស់ខ្ញុំដែរ។ អ្នកណាមិនយកឈើឆ្កាងរបស់ខ្លួន ហើយមិនមកតាមខ្ញុំទេ អ្នកនោះមិនសមធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ អ្នកណារក្សាទុកជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិត។ រីឯអ្នកដែលបាត់បង់ជីវិត ព្រោះតែខ្ញុំនឹងបានជីវិតនោះមកវិញ។ អ្នកណាទទួលអ្នករាល់គ្នា ក៏ដូចជាទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចទទួលព្រះអង្គដែលចាត់ខ្ញុំឱ្យមកនោះដែរ។ អ្នកណាទទួលព្យាការីម្នាក់ក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលរង្វាន់ដូចព្យាការី។ អ្នកណាទទួលមនុស្សសុចរិតម្នាក់ ក្នុងនាមជាមនុស្សសុចរិត អ្នកនោះនឹងទទួលរង្វាន់ដូចមនុស្សសុចរិត។ អ្នកណាឱ្យទឹកត្រជាក់ សូម្បីតែមួយកែវដល់អ្នកតូចតាចម្នាក់ ក្នុងនាមជាសាវ័ករបស់ខ្ញុំ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។ លុះព្រះយេស៊ូមានព្រះបន្ទូលផ្តែផ្តាំក្រុមសាវ័កទាំងដប់ពីរចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចាកចេញពីទីនោះទៅបង្រៀន និងប្រកាសដំណឹងល្អដល់អ្នកស្រុកនៅតាមភូមិនានា។

