០៩ កក្កដា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី១៤ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីហូសេ (ហស ១១,១-៤.៨-៩)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «កាលអ៊ីស្រាអែលនៅក្មេង យើងស្រឡាញ់អ៊ីស្រា​អែល យើងបានហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីបមក យើងបាន​ហៅ​គេ​មក​យ៉ាង​ណា គេ​ក៏​ងាក​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ប្រជាជន​របស់​យើង​នាំ​គ្នា​ធ្វើ​យញ្ញ‌បូជាសែន​ព្រះ​បាល​ទាំង‌ឡាយ ហើយ​ដុត​គ្រឿង​ក្រអូប​ជា​សក្ការ​បូជាចំពោះ​រូប​បដិមា ហើយយើង​នេះ​ហើយ​ដែល​បាន​កាន់​ដៃ និងបង្ហាត់អ៊ីប្រាអ៊ីមឱ្យចេះដើរ តែគេមិនទទួលស្គាល់ថា យើងថែរក្សាគេទេ។ យើងណែនាំគេដោយចិត្តអាណិតអាសូរ និងដោយចិត្តស្រឡាញ់។ យើងថ្នាក់​ថ្នមគេ ដូចឪពុកលើកកូនមកបីថើប ហើយយើងយកចិត្តទុកដាក់បញ្ចុកចំណីគេ តែ​ពួកគេមិនព្រមវិលមករកយើងវិញទេ។ អេប្រាអ៊ីមអើយ! តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូចម្តេច? អ៊ីស្រាអែលអើយ! តើយើងអាចប្រគល់អ្នកទៅក្នុងកណ្តាប់ដៃរបស់ខ្មាំងកើតឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ! យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់! យើងមិនអាចប្រព្រឹត្តតាមកំហឹងដ៏ខ្លាំងក្លារបស់យើងទេ! យើងមិនមែនមកដើម្បីបំផ្លាញអេប្រាអ៊ីម ព្រោះយើងជាព្រះជាម្ចាស់ មិនមែនជាមនុស្សទេ! យើង​ជាព្រះដ៏វិសុទ្ធដែលស្ថិតនៅជាមួយអ្នក យើងមិនមែនមកដើម្បីបំផ្លាញឡើយ»។

ទំនុកតម្កើងលេខ ៨០ (៧៩),២-៣.១៥-១៦.១៩-២០ បទព្រហ្មគីតិ

២ ព្រះម្ចាស់ជាគង្វាល អ៊ីស្រាអែលសូមសណ្តាប់  
  ពូជពង្សលោកយ៉ូសែប ដែលព្រះអង្គបានដឹកនាំ ។
  ដូចជាអ្នកគង្វាល ចាំយាមឃ្វាលចៀមថែទាំ  
  គេរស់ដោយសុខដុម សូមសម្តែងព្រះបារមី ។
៣ ឱ្យពួកកុលសម្ព័ន្ធ អេប្រាអ៊ីមឃើញស្នាដៃ  
  និងជាតិផ្សេងៗក្តី សូមទ្រង់លៃជួយសង្គ្រោះ ។
១៥ ឱ!ព្រះជាម្ចាស់អើយ កុំកន្តើយសូមទ្រង់ទត  
  ពីស្ថានបរមសុខមក ជួយយើងខ្ញុំកុំខានឡើយ ។
១៦ សូមទ្រង់ជួយរក្សា ថែចម្ការដែលមានហើយ  
  ការពារកុំបណ្តោយ ក្រែងថ្លោះធ្លោយខ្មាំងញាំញី ។
១៩ យើងខ្ញុំមិនបែកបែរ ចិត្តងាករេពីព្រះអង្គ  
  សូមប្រោសប្រទានផង ឱ្យយើងខ្ញុំមានជីវិត ។
  ពេលខ្ញុំរស់ឡើងវិញ ចិត្តពោរពេញនៅនែបនិត្យ  
  គោរពបម្រើពិត ឥតមានក្បត់ឆ្ងាយពីទ្រង់ ។
២០ ឱ!ព្រះជាម្ចាស់ខ្ញុំ សូមជួយនាំកុំរេរង់  
  វិលមករកព្រះអង្គ ឱ្យយើងខ្ញុំក្រាបបង្គំ ។
  សូមបែរព្រះភក្ត្រមក ញញឹមរកពួកយើងខ្ញុំ  
  ដោយព្រះទ័យឧត្តម នោះយើងខ្ញុំរួចជីវិត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មក១,១៥)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ! ចូរនាំគ្នាជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១០,៧-១៥) 

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កទាំងដប់ពីរនាក់ថា៖ ​«ពេលធ្វើដំណើរទៅ ចូរប្រកាសថា ព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ។ ចូរមើលអ្នកជំងឺឱ្យបានជា ប្រោសមនុស្សស្លាប់ឱ្យទទួលជីវិតថ្មី ធ្វើឱ្យមនុស្សឃ្លង់បាន​ស្អាតបរិសុទ្ធ ដេញខ្មោចចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់​ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ។ កុំរកមាសប្រាក់ ឬលុយកាក់ដាក់ក្នុងថង់​ឡើយ ហើយកុំយកថង់យាម កុំយកអាវបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។ ពេលអ្នករាល់គ្នាចូលទៅក្នុងភូមិឬក្រុងណាមួយ ចូរសួររកអ្នកដែលសមនឹងទទួលអ្នករាល់គ្នាឱ្យស្នាក់នៅ។ ត្រូវស្នាក់នៅផ្ទះអ្នកនោះ រហូតដល់ពេលអ្នករាល់គ្នាត្រូវចេញពីទីនោះ។ ពេលចូលទៅក្នុងផ្ទះណា ត្រូវជម្រាបសួរដោយជូនពរអ្នកផ្ទះនោះឱ្យបានប្រកបដោយសេចក្តីសុខសាន្ត ប្រសិនបើអ្នកផ្ទះនោះសមនឹងទទួលសេចក្តីសុខសាន្ត នោះសេចក្តីសុខសាន្តនឹងកើតមានដល់គេ ដូចពាក្យជម្រាបសួររបស់អ្នករាល់គ្នាមិនខាន។ ផ្ទុយទៅវិញ បើគេមិនសមនឹងទទួលទេ សេចក្ដីសុខសាន្ដរបស់អ្នករាល់គ្នា នឹងវិលមករក​អ្នករាល់គ្នាវិញ។ បើគេមិនព្រមទទួលអ្នករាល់គ្នា ហើយបើគេមិនព្រមស្តាប់ពាក្យរបស់អ្នករាល់គ្នាទេ ចូរចេញពីផ្ទះនោះ ឬពីក្រុងនោះ ទាំងរលាស់ធូលីដីចេញពីជើងរបស់អ្នក​រាល់គ្នាផង។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក អ្នកក្រុងសូដុម និងអ្នកក្រុង​កូម៉ូរ៉ានឹងទទួលទោសស្រាលជាងអ្នកស្រុកនោះ»។