០៨ កក្កដា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី១៤ ឆ្នាំ«គូ»
ពណ៌បៃតង 


សូមថ្លែងព្រះគម្ពីរព្យាការីហូសេ (ហស ១០,១-៣.៧-៨.១២)

ពីដើម ប្រជាជនអ៊ីស្រាអែលប្រៀបដូចជាចម្ការទំពាំងបាយជូរដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ ប៉ុន្តែ ផ្លែចម្រើនឡើងយ៉ាង​ណា ចំនួនអាសនៈសម្រាប់គោរព​ព្រះក្លែងក្លាយ ក៏កើនឡើងច្រើនយ៉ាងនោះដែរ។ ស្រុករបស់គេកាន់តែល្អយ៉ាងណា គេក៏តុបតែងស្តូបសម្រាប់ព្រះក្លែងក្លាយ កាន់តែល្អឡើងៗយ៉ាងនោះដែរ។ ដោយពួកគេ​មានចិត្តមិនស្មោះ ពួកគេត្រូវតែទទួលទោស គឺព្រះអម្ចាស់នឹងផ្តួលរំលំអាសនៈរបស់​ពួកគេ ព្រមទាំងកម្ទេចស្តូបរបស់ពួកគេទៀតផង។ ឥឡូវនេះ ពួកគេនិយាយគ្នាថា៖ «យើងគ្មានស្ដេចទេ ព្រោះយើងមិនបានគោរពកោតខ្លាចព្រះអម្ចាស់។ ក៏ប៉ុន្ដែ ប្រសិនបើ យើងមានស្ដេច តើស្ដេចអាចជួយយើងបានឬទេ?»។ អ្នកក្រុងសាម៉ារីនិងស្ដេចរបស់គេ រលាយសូន្យទៅដូចពពុះទឹក។ ចំណែកឯទីសក្ការៈទាំងឡាយ ជាកន្លែងដែលប្រជាជន អ៊ីស្រាអែលប្រព្រឹត្ដអំពើបាប ក៏ត្រូវបំផ្លាញចោលដែរ។ ល្ពាក់និងអញ្ចាញនឹងដុះលើ​អាសនៈរបស់គេ។ ពេលនោះគេនឹងនិយាយទៅកាន់ភ្នំធំៗថា៖ «ចូរជួយលាក់យើងខ្ញុំ​ផង!» ហើយគេក៏និយាយទៅកាន់ភ្នំតូចៗថា៖ «ចូររលំសង្កត់លើយើងខ្ញុំមក!»។ ចំណែកឯអ្នករាល់គ្នាវិញ ចូរនាំគ្នាសាបព្រោះសេចក្ដីសុចរិត អ្នករាល់គ្នានឹងច្រូតបាន​​ភក្ដីភាពយ៉ាងបរិបូណ៌! ចូរកាប់គាស់ដីចម្ការថ្មី! ដល់ពេលត្រូវស្វែងរកព្រះអម្ចាស់ហើយ​គឺចាប់ពីពេលនេះ រហូតដល់ព្រះអង្គយាងមកចាក់បង្ហូរសេចក្ដីសុចរិតលើអ្នករាល់គ្នា។

ទំនុកតម្កើងលេខ ១០៥ (១០៤),២-៧ បទកាកគតិ

ចូរច្រៀងបទថ្វាយ តម្កើងកុំណាយ រៀងរាល់វេលា
  រៀបរាប់អំពី សព្វអស់កិច្ចការ សុទ្ធតែអស្ចារ្យ
    ដែលទ្រង់ប្រព្រឹត្ដ
ចូរខ្ពស់មុខឡើង ព្រោះតែព្រះយើង ជាព្រះវិសុទ្ធ
  អ្នកស្វែងរកទ្រង់ ខ្ពង់ខ្ពស់បំផុត ចូរសប្បាយចិត្ដ
    កុំបីសៅហ្មង
ចូរស្វែងរកព្រះ ដែលមានតេជះ បារមីត្រចង់
  ស្វែងរកព្រះភក្រ្ដ របស់ព្រះអង្គ កុំនៅរេរង់
    ឈប់ឈរសោះឡើយ
សូមនឹកដល់ការ សម្បើមអស្ចារ្យ ទ្រង់បានធ្វើហើយ
  នឹកដល់បាដិហារិយ៍ កុំនៅកន្ដើយ នឹងការវិនិច្ឆ័យ
    ដែលទ្រង់សម្រេច
ពូជពង្សរបស់ អប្រាហាំទាំងអស់ នៅបម្រើស្រេច
  កូនចៅយ៉ាកុប ដ៏ល្អបណ្ដាច់ ព្រះអង្គសម្រេច
    ជ្រើសយកយូរហើយ
ព្រះជាអម្ចាស់ ទ្រង់គឺជាព្រះ របស់យើងអើយ
  កុំនៅបង្អង់ រេរង់តោះតើយ គឺព្រះនោះហើយ
    គ្រប់គ្រង់ផែនដី

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (មក១,១៥)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ! ចូរនាំគ្នាជឿដំណឹងល្អចុះ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១០,១-៧) 

ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កទាំងដប់ពីរនាក់មក ហើយប្រទានឱ្យគេមាន​អំណាចដេញខ្មោច ព្រមទាំងមានអំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និងអ្នកពិការគ្រប់​ប្រភេទឱ្យបានជាផង។ ទូតរបស់ព្រះអង្គទាំងដប់ពីរមាននាមដូចតទៅ អ្នកទី​មួយគឺស៊ីម៉ូនហៅសិលា និងអន់ដ្រេ ជាប្អូនរបស់គាត់។ យ៉ាកុប និងយ៉ូហានជាប្អូន​របស់គាត់ដែលត្រូវជាកូនរបស់លោកសេបេដេ។ ភីលីព និងបារថូឡូមេ ថូម៉ាស់និង​ម៉ាថាយ​​ជាអ្នកទារពន្ធ។ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និងថាដេ ស៊ីម៉ូន ជាអ្នកជាតិ​និយម​ និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។ ព្រះយេស៊ូចាត់ក្រុមសាវ័កទាំងដប់ពីរនាក់នេះឱ្យទៅ ដោយផ្ដែផ្ដាំថា៖«កុំទៅ​រកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជន​ជាតិសាម៉ារីដែរ គឺត្រូវទៅ​ស្វែងរកអស់អ្នកដែលវង្វេង ក្នុងចំណោមជនជាតិអ៊ីស្រាអែលនោះវិញ។ ពេលធ្វើ​ដំណើរទៅ ចូរប្រកាសថា ព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ!»។