០៤ កក្កដា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី១៣ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស (អម ៩,១១-១៥)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ដាវីឌដែលជិតរលំទៅហើយនោះឡើងវិញ យើងនឹងជួសជុលកន្លែងធ្លុះធ្លាយ យើងនឹងលើកកន្លែងដែលរលំបាក់បែក ហើយសង់ខ្ទមនោះឱ្យបានល្អដូចដើមវិញ ដើម្បីឱ្យជនជាតិអ៊ីស្រាអែលចាប់យកស្រុក​អេដុមដែលនៅសេសសល់ ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់ដែលយើងគ្រប់គ្រងកាលពីដើម»។ នេះជាព្រះបន្ទូលរបស់ព្រះ អម្ចាស់ដែលសម្រេចការ​ទាំងនោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ កាលណាគេច្រូតស្រូវរួចរាល់ហើយ អ្នកភ្ជួរក៏មកភ្ជួរភ្លាម។ ក្រោយពេលសាបព្រោះស្រូវរួចហើយ អ្នកជាន់ផ្លែទំពាំងបាយ​ជូរ ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។ ទឹកទំពាំងបាយ​ជូរនឹងហូរចុះពីភ្នំតូច ភ្នំធំ យ៉ាងសម្បូណ៌ហូរហៀរ។ ពេលនោះ យើងនឹងនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ ឱ្យត្រឡប់មកវិញ។ ពួកគេនឹងសាងក្រុងទាំងប៉ុន្មានដែលខូចខាត ដើម្បីស្នាក់នៅ។ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាទំពាំងបាយជូរ។ ពួកគេនឹងធ្វើចម្ការ ហើយបរិភោគផលផ្លែពីចម្ការនោះផង។ យើងនឹងឱ្យពួកគេរស់នៅយ៉ាងស្ថិតស្ថេរលើ​ទឹកដីរបស់ខ្លួន ហើយគ្មាននរណាអាចយកពួកគេចេញពីស្រុកដែលយើងបានប្រគល់ឱ្យ​ពួកគេនោះទៀតឡើយ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។

ទំនុកតម្កើងលេខ ៨៥ (៨៤),៩.១១-១៤ បទកាកគតិ

៩ យើងខ្ញុំត្រងត្រាប់ ត្រចៀកប្រុងស្តាប់ បន្ទូលព្រះអង្គ
  ទ្រង់នឹងប្រទាន សុខសាន្តគ្មានហ្មង លើរាស្ត្រទ្រង់ផង
    ដែលមិនលេលា ។
១១ ទ្រង់មានព្រះទ័យ សប្បុរសថ្លាថ្លៃ បារមីរុងរឿង
  ព្រះអង្គស្មោះស័គ្រ ករុណាមិនឆ្មើង យុត្តិធម៌កើតឡើង
    នៅលើលោកីយ៍ ។
១២ សេចក្តីទៀងត្រង់ ចាប់ដុះរហង់ ពាសពេញផែនដី
  សេចក្តីសុចរិត ក៏លាស់ជាថ្មី ពីសួគ៌ាល័យ
    ចុះជួយរក្សា ។
១៣ ព្រះអម្ចាស់ផ្ទាល់ ប្រទានមង្គល ឱ្យយើងគ្រប់គ្នា
  ចំណែកផែនដី បង្កើតផលា ភោគផលផ្លែផ្កា
    សំបូរមិនខ្វះ ។
១៤ សេចក្តីសុចរិត យុត្តិធម៌ប្រណីត នៅមុខព្រះម្ចាស់
  សុខសាន្តតាមដាន រៀបផ្លូវថ្វាយព្រះ ឥតមានក្រឡះ
    សុខសាន្តរហូត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ១៩,៧,៩

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាអរសប្បាយឡើង ព្រោះព្រះជាម្ចាស់បានចងសម្ពន្ធមេត្រីថ្មី! អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ
ឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការរបស់កូនចៀម អ្នកទាំងនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៩,១៤-១៧) 

ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ត ចូលមកគាល់ព្រះយេស៊ូ ហើយទូល​សួរព្រះអង្គថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ីតមអាហារ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬ? ទេ!។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។ ពុំដែល​មាននរណាយកក្រណាត់ថ្មី មកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឱ្យ​សម្លៀកបំពាក់រហែកលើសដើមទៅទៀត។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែក ត្រូវខូចខាតមិនខាន។ គេតែងច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រា ទាំងថង់ស្បែកនៅគង់បាន»។