ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី១៣ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស (អម ៩,១១-១៥)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅថ្ងៃនោះ យើងនឹងលើកខ្ទមរបស់ដាវីឌដែលជិតរលំទៅហើយនោះឡើងវិញ យើងនឹងជួសជុលកន្លែងធ្លុះធ្លាយ យើងនឹងលើកកន្លែងដែលរលំបាក់បែក ហើយសង់ខ្ទមនោះឱ្យបានល្អដូចដើមវិញ ដើម្បីឱ្យជនជាតិអ៊ីស្រាអែលចាប់យកស្រុកអេដុមដែលនៅសេសសល់ ព្រមទាំងស្រុករបស់ប្រជាជាតិទាំងអស់ដែលយើងគ្រប់គ្រងកាលពីដើម»។ នេះជាព្រះបន្ទូលរបស់ព្រះ អម្ចាស់ដែលសម្រេចការទាំងនោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ កាលណាគេច្រូតស្រូវរួចរាល់ហើយ អ្នកភ្ជួរក៏មកភ្ជួរភ្លាម។ ក្រោយពេលសាបព្រោះស្រូវរួចហើយ អ្នកជាន់ផ្លែទំពាំងបាយជូរ ក៏នឹងមកបេះផ្លែយកមកជាន់ភ្លាមៗដែរ។ ទឹកទំពាំងបាយជូរនឹងហូរចុះពីភ្នំតូច ភ្នំធំ យ៉ាងសម្បូណ៌ហូរហៀរ។ ពេលនោះ យើងនឹងនាំអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយ ឱ្យត្រឡប់មកវិញ។ ពួកគេនឹងសាងក្រុងទាំងប៉ុន្មានដែលខូចខាត ដើម្បីស្នាក់នៅ។ ពួកគេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាទំពាំងបាយជូរ។ ពួកគេនឹងធ្វើចម្ការ ហើយបរិភោគផលផ្លែពីចម្ការនោះផង។ យើងនឹងឱ្យពួកគេរស់នៅយ៉ាងស្ថិតស្ថេរលើទឹកដីរបស់ខ្លួន ហើយគ្មាននរណាអាចយកពួកគេចេញពីស្រុកដែលយើងបានប្រគល់ឱ្យពួកគេនោះទៀតឡើយ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។
ទំនុកតម្កើងលេខ ៨៥ (៨៤),៩.១១-១៤ បទកាកគតិ
| ៩ | យើងខ្ញុំត្រងត្រាប់ | ត្រចៀកប្រុងស្តាប់ | បន្ទូលព្រះអង្គ |
| ទ្រង់នឹងប្រទាន | សុខសាន្តគ្មានហ្មង | លើរាស្ត្រទ្រង់ផង | |
| ដែលមិនលេលា | ។ | ||
| ១១ | ទ្រង់មានព្រះទ័យ | សប្បុរសថ្លាថ្លៃ | បារមីរុងរឿង |
| ព្រះអង្គស្មោះស័គ្រ | ករុណាមិនឆ្មើង | យុត្តិធម៌កើតឡើង | |
| នៅលើលោកីយ៍ | ។ | ||
| ១២ | សេចក្តីទៀងត្រង់ | ចាប់ដុះរហង់ | ពាសពេញផែនដី |
| សេចក្តីសុចរិត | ក៏លាស់ជាថ្មី | ពីសួគ៌ាល័យ | |
| ចុះជួយរក្សា | ។ | ||
| ១៣ | ព្រះអម្ចាស់ផ្ទាល់ | ប្រទានមង្គល | ឱ្យយើងគ្រប់គ្នា |
| ចំណែកផែនដី | បង្កើតផលា | ភោគផលផ្លែផ្កា | |
| សំបូរមិនខ្វះ | ។ | ||
| ១៤ | សេចក្តីសុចរិត | យុត្តិធម៌ប្រណីត | នៅមុខព្រះម្ចាស់ |
| សុខសាន្តតាមដាន | រៀបផ្លូវថ្វាយព្រះ | ឥតមានក្រឡះ | |
| សុខសាន្តរហូត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ១៩,៧,៩
អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាអរសប្បាយឡើង ព្រោះព្រះជាម្ចាស់បានចងសម្ពន្ធមេត្រីថ្មី! អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ
ឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការរបស់កូនចៀម អ្នកទាំងនោះពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៩,១៤-១៧)
ពេលនោះ ពួកសិស្សរបស់លោកយ៉ូហានបាទីស្ត ចូលមកគាល់ព្រះយេស៊ូ ហើយទូលសួរព្រះអង្គថា៖ «យើងខ្ញុំ និងពួកខាងគណៈផារីស៊ីតមអាហារ ចុះហេតុដូចម្តេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយទៅគេវិញថា៖ «ក្នុងពិធីមង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចកាន់ទុក្ខកើតឬ? ទេ!។ ថ្ងៃក្រោយ ពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារវិញ។ ពុំដែលមាននរណាយកក្រណាត់ថ្មី មកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឱ្យសម្លៀកបំពាក់រហែកលើសដើមទៅទៀត។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកមុខជាធ្លាយ ស្រានឹងហូរចេញ ហើយថង់ស្បែក ត្រូវខូចខាតមិនខាន។ គេតែងច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី ទើបទាំងស្រា ទាំងថង់ស្បែកនៅគង់បាន»។

