ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី១២ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី២ (២ពង្ស ១៧,៥-៨.១៣-១៥.១៨)
សេ្តចស្រុកអាស្ស៊ីរីឡើងមកវាយស្រុកអ៊ីស្រាអែលទាំងមូល ហើយឡោមព័ទ្ធក្រុមសាម៉ារីអស់រយៈពេលបីឆ្នាំ។ នៅឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទហូសេ ស្តេចស្រុកអាស្ស៊ីរីវាយយកបានក្រុងសាម៉ារី ហើយកៀរជនជាតិអ៊ីស្រាអែលទៅស្រុកអាស្ស៊ីរី។ ហេតុការណ៍នេះកើតឡើង ព្រោះតែជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ជាព្រះរបស់គេ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប និងរំដោះពួកគេឱ្យរួចពីកណ្តាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្តេចស្រុកអេស៊ីប តែពួកគេបែរជាគោរពថ្វាយបង្គំព្រះដទៃទៅវិញ។ ពួកគេធ្វើតាមទំនៀមទម្លាប់របស់ប្រជាជាតិនានាដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខជនជាតិអ៊ីស្រាអែល ព្រះអម្ចាស់ព្រមានជនជាតិអ៊ីស្រាអែល និងជនជាតិយូដា តាមរយៈព្យាការី និងគ្រូទាយឆុតទាំងអស់ថា «ចូរបោះបង់ចោលផ្លូវអាក្រក់ ហើយកាន់តាមបទបញ្ជា និងក្រឹត្យវិន័យរបស់់យើង ព្រមទាំងប្រព្រឹត្តតាមទាំងស្រុង នូវវិន័យដែលយើងបានប្រគល់ឱ្យដូនតារបស់អ្នករាល់គ្នា និងអ្នករាល់គ្នាផ្ទាល់ តាមរយៈពួកព្យាការីជាអ្នកបម្រើរបស់យើង»។ ប៉ុន្តែ ពួកគេពុំស្តាប់តាមទេ ពួកគេមានចិត្តរឹងចចេសដូចដូនតារបស់ពួកគេ ដែលមិនព្រមជឿលើព្រះអម្ចាស់ជាព្រះរបស់ខ្លួន។ ពួកគេបានបោះបង់ចោលវិន័យរបស់ព្រះអង្គ ពួកគេផ្តាច់សម្ពន្ធមេត្រីដែលព្រះអង្គចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងព្រះបន្ទូលដែលព្រះអង្គព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការ ដែលបណ្តាលឱ្យខ្លួនទៅជាឥតបានការដែរ។ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធយ៉ាងខ្លាំងទាស់នឹងជនជាតិអ៊ីស្រាអែល ព្រះអង្គដេញពួកគេចេញឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គ នៅសល់តែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ។
ទំនុកតម្កើងលេខ ៦០ (៥៩),៣-៦.១៣-១៤ បទព្រហ្មគីតិ
| ៣ | ឱព្រះជាម្ចាស់អើយ | ហេតុម្តេចឡើយក៏បោះបង់ | |
| ចោលខ្ញុំនៅត្រមង់ | ព្រមទាំងឱ្យបរាជ័យ | ។ | |
| ទោះបីទ្រង់ពិរោធ | ឬខ្ញាល់ក្រោធសូមប្រណី | ||
| ជួយខ្ញុំផុតពីក្ស័យ | រួចពីដៃសត្រូវផង | ។ | |
| ៤ | ព្រះអង្គប្រើបារមី | ឱ្យផែនដីប្រេះតែម្តង | |
| របេះចេញទៀតផង | សូមជួយផងភ្ជិតឱ្យជាប់ | ។ | |
| ៥ | ព្រះអង្គធ្វើឱ្យរាស្ត្រ | ទ្រង់ទាំងអស់រស់មិនគាប់ | |
| វេទនាមិនឈរឈប់ | រងទោសទុក្ខក្តៅឈឺផ្សា | ។ | |
| ៦ | ព្រះអង្គបានប្រទាន | ទង់ជ័យមានជាសញ្ញា | |
| ដល់អ្នកខ្លាចចេស្តា | អាចផុតពីបរាជ័យ | ។ | |
| ១៣ | សូមយាងជួយយើងខ្ញុំ | ឱ្យប្រឆាំងសត្រូវផង | |
| ដ្បិតអ្វីសព្វទាំងពួង | មកពីមនុស្សជួយមិនបាន | ។ | |
| ១៤ | បើទ្រង់គង់ជាមួយ | ខ្ញុំមិនព្រួយមិនរំខាន | |
| ព្រះអង្គបង្ក្រាបបាន | ពួកសាមាន្យឱ្យវិនាស | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប៤,១២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៧,១-៥)
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «កុំថ្កោលទោសអ្នកដទៃឱ្យសោះ ដើម្បីកុំឱ្យព្រះជាម្ចាស់ថ្កោលទោសអ្នករាល់គ្នា។ អ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់ឱ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឱ្យអ្នកដទៃ។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែកបងប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកដូច្នេះ?។ បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្តេចក៏អ្នកនិយាយទៅបងប្អូនថា “ទុកឱ្យខ្ញុំផ្តិតយកល្អងធូលីចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្តិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។

