១៥ មិថុនា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី១១ ឆ្នាំ«គូ»
 ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី១ (១ពង្ស ២១,១-១៦)

នៅក្រុងយីសរេអែលមានបុរសម្នាក់ ឈ្មោះណាបុត។ គាត់មានចម្ការទំពាំងបាយជូរ​មួយនៅក្បែររាជវាំងរបស់ព្រះបាទអខាប់ ជាស្តេចស្រុកសាម៉ារី។ ថ្ងៃមួយ ព្រះបាទអខាប់​មានរាជឱង្ការទៅកាន់លោកណាបុតថា៖ «ចូរប្រគល់ចម្ការទំពាំងបាយជូររបស់អ្នកមក​ឱ្យយើង ដើម្បីយើងយកទៅធ្វើសួនបន្លែ ព្រោះចម្ការនេះស្ថិតនៅជិតវាំងស្រាប់។ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរមួយល្អជាងចម្ការនេះទៅអ្នក ឬប្រសិនបើអ្នកចង់​បានប្រាក់វិញ យើងនឹងបង់ឱ្យតាមតម្លៃចម្ការ»។ លោកណាបុតទូលព្រះបាទអខាប់ថា៖ «សូមព្រះអម្ចាស់ធ្វើជាសាក្សីចុះ! ទូលបង្គំមិនព្រមប្រគល់ដីដែលជាកេរមត៌កពី​ដូនតានេះ ថ្វាយព្រះករុណាទេ!»។ ព្រះបាទអខាប់យាងចូលវាំងវិញទាំងមួម៉ៅ និង​ក្រេវក្រោធ ព្រោះតែពាក្យសម្តីដែលលោកណាបុតជាអ្នកស្រុកយីសរេអែលទូលថា៖ «ទូលបង្គំមិនព្រមប្រគល់ដីដែលជាកេរមត៌កពីដូនតានេះថ្វាយព្រះករុណាទេ»។ ស្តេចផ្ទំលើ​ព្រះទែន បែរព្រះភក្ត្រទៅជញ្ជាំង ហើយមិនព្រមសោយព្រះស្ងោយឡើយ។ ម្ចាស់​ក្សត្រិយ៍​យេសាបិលជាមហេសីយាងមកគាល់ស្តេច ហើយទូលសួរថា៖ «ហេតុអ្វីបានជា​ព្រះករុណាមានព្រះទ័យមួម៉ៅ មិនព្រមសោយព្រះស្ងោយដូច្នេះ?»។ ស្តេចមានរាជ​ឱង្ការដូចតទៅ៖ «យើងនិយាយជាមួយណាបុត ជាអ្នកស្រុកយីសរេអែលថា ចូរលក់ចម្ការ​ទំពាំងបាយជូររបស់អ្នកមកឱ្យយើង ឬប្រសិនបើអ្នកមិនចង់បានប្រាក់ទេ យើងនឹង​ប្រគល់ចម្ការទំពាំងបាយជូរមួយទៀតជាថ្នូរ។ ប៉ុន្តែ គាត់ឆ្លើយថា “ទូលបង្គំមិនព្រម​ប្រគល់ចម្ការទំពាំងបាយជូររបស់ទូលបង្គំថ្វាយព្រះករុណាទេ!”»។ ម្ចាស់ក្សត្រិយ៍យេសាបិលជាមហេសីទូលថា៖ «តើព្រះករុណាមិនមែនគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទេឬ!? សូមតើនឡើងសោយព្រះស្ងោយ ហើយមានព្រះហឫទ័យរីករាយចុះ ចាំខ្ញុំម្ចាស់​ទៅយក​ចម្ការទំពាំងបាយជូររបស់អាណាបុត ជាអ្នកស្រុកយីសរេអែលនេះមកថ្វាយ»។ ម្ចាស់ក្សត្រិយ៍យេសាបិលសរសេររាជសារមួយ ក្នុងនាមព្រះបាទអខាប់ ព្រមទាំងយក​ត្រារាជ្យមកប្រថាប់ផង ហើយចាត់គេឱ្យយកទៅជូនពួកព្រឹទ្ធាចារ្យ និងមេដឹកនាំដែលនៅក្រុងជាមួយលោកណាបុត។ ក្នុងរាជសារនោះ ម្ចាស់ក្សត្រិយ៍យេសាបិល​សរសេរថា៖«ចូរប្រកាសឱ្យប្រជាជនធ្វើពិធីតមអាហារ ហើយឱ្យលោកណាបុត​អង្គុយនៅកន្លែងគណៈអធិបតី។ ត្រូវឱ្យមនុស្សខិលខូចពីរនាក់ មកអង្គុយនៅទល់​មុខ​គាត់ ដើម្បីធ្វើជាសាក្សីចោទប្រកាន់គាត់ថា លោកបានប្រមាថព្រះជាម្ចាស់ និងប្រមាថ​ព្រះមហាក្សត្រ!។ បន្ទាប់មក ចូរនាំគាត់ទៅក្រៅ រួចយកដុំថ្មគប់សម្លាប់ចោលទៅ»។ ពួកព្រឹទ្ធាចារ្យ និងមេដឹកនាំដែលរស់នៅក្នុងក្រុងជាមួយលោកណាបុត ធ្វើតាមសេចក្តី​ដែលម្ចាស់ក្សត្រិយ៍យេសាបិលបានបញ្ជាក្នុងរាជសារ។ ពួកគេប្រកាសពិធីតមអាហារ ​ហើយឱ្យលោកណាបុតអង្គុយនៅកន្លែងគណៈអធិបតី។ មនុស្សខិលខូចពីរនាក់មកអង្គុយនៅទល់មុខលោកណាបុត រួចចោទប្រកាន់លោកនៅចំពោះមុខប្រជាជនថា៖ «លោកណាបុតបានប្រមាថព្រះជាម្ចាស់ និងប្រមាថព្រះមហាក្សត្រ!»។ ដូច្នេះគេនាំលោកណាបុត​ចេញទៅក្រៅ ហើយយកដុំថ្មគប់សម្លាប់លោក។ គេចាត់មនុស្សឱ្យទៅទូលម្ចាស់​​ក្សត្រិយ៍យេសាបិលថា៖ «យើងខ្ញុំបានយកដុំថ្មគប់សម្លាប់លោកណាបុតហើយ »។ កាល​ម្ចាស់ក្សត្រិយ៍យេសាបិលជ្រាបថា គេបានយក​ដុំថ្មគប់សម្លាប់លោកណាបុតហើយនោះ​ ម្ចាស់ក្សត្រិយ៍យេសាបិលក៏ទូលព្រះបាទអខាប់ថា៖«សូមតើនឡើងយាងទៅចាប់យកចម្ការទំពាំងបាយ​ជូររបស់អាណាបុត ជាអ្នកស្រុកយីសរេអែល ដែលមិនព្រមលក់ថ្វាយព្រះករុណាចុះ ដ្បិត​អាណាបុតនេះ ស្លាប់បាត់បង់ជីវិតហើយ»។ កាលព្រះបាទអខាប់ជ្រាបថា លោកណាបុត​ស្លាប់ហើយ ទ្រង់ក៏តើនឡើង យាងចុះទៅចាប់យកចម្ការទំពាំងបាយជូររបស់លោកណាបុត ជាអ្នកស្រុកយីសរេអែល។

ទំនុកតម្កើងលេខ ៥,២-៣.៥-៧ បទព្រហ្មគីតិ

ឱ! ព្រះអម្ចាស់អើយ កុំកន្តើយផ្ទៀងព្រះកាណ៌  
  ស្តាប់ស័ព្ទខ្ញុំវាចា ខ្ញុំឈឺផ្សាពន់ពេកក្រៃ
ឱព្រះជាអម្ចាស់ ទ្រង់ជាព្រះមហាក្សត្រថ្លៃ  
  សូមយកព្រះហឫទ័យ នឹងសម្រែកទូលបង្គំ
ទ្រង់មិនសព្វព្រះទ័យ អំពើព្រៃផ្សៃឫស្យា  
  ជនអាក្រក់មុសា ក្បែរភក្ត្រាព្រះអង្គឡើយ
ព្រះអង្គមិនចង់ឃើញ ជនព្រហើនចូលកៀកកើយ  
  មិនសព្វព្រទ័យឡើយ ជនណាហើយធ្វើអាក្រក់
អស់អ្នកបង្ហូរឈាម អស់អ្នកបៀមល្បិចកខ្វក់  
  ពួកអ្នកភូតកុហក បោកវីវក់វិនាសបង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន១១៩, ១០៥

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលជាចង្កៀងមាលា ឱ្យខ្ញុំដើរត្រង់ ពិតជាពន្លឺ បំភ្លឺត្រចង់ ជីវិតផូរផង់ ឱ្យខ្ញុំសុខសាន្ត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៥,៣៨-៤២) 

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួក​គេថា៖ «អ្នករាល់គ្នាធ្លាប់បានឮសេចក្តីថ្លែងទុកមកថា “ភ្នែកមួយ សងភ្នែកតែមួយ ធ្មេញមួយ សងធ្មេញតែមួយ”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា កុំតបតនឹង​មនុស្សកំណាចឱ្យសោះ! បើមានគេទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឱ្យគេទះម្ខាង​ទៀតទៅ! បើមានគេប្តឹងចង់បានអាវក្នុងរបស់អ្នក ចូរឱ្យគេយកអាវធំថែម​ទៀត​​ទៅ! បើមានគេបង្ខំអ្នកឱ្យធ្វើដំណើរមួយយោជន៍ ចូរទៅពីរយោជន៍ជាមួយ​គេចុះ! អ្នកណាសុំអ្វីពីអ្នក ចូរឱ្យគេទៅ កុំគេចមុខចេញពីអ្នកដែលសុំខ្ចីអ្វីៗពីអ្នកដែរ»។