ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី១០ ឆ្នាំ«គូ»
ពណ៌បៃតង
បុណ្យរម្លឹក
សន្តបារណាបាស ជាគ្រីស្តទូត
សូមចុចទីនេះ
លោកយ៉ូសែប ហៅថា “បារណាបាស” (ឈ្មោះនេះមានន័យថា “អ្នកដែលលើកទឹកចិត្ត”) មិនមែននៅក្នុងក្រុមសាវ័កទាំងដប់ពីរនាក់ទេ ក៏ប៉ុន្តែ ដោយលោកខិតខំប្រកាសដំណឹងល្អ គ្រីស្តបរិស័ទដើមដំបូងតែងហៅលោកថា “គ្រីស្តទូត” ដែរ។ ពេលលោកប្រែចិត្តគំនិតទៅជាគ្រីស្តបរិស័ទ លោកប្រគល់សម្បត្តិទាំងប៉ុន្មានរបស់លោកឱ្យក្រុមគ្រីស្តទូត។ លោកយល់ថា សាសន៍ដទៃអាចចូលក្នុងព្រះសហគមន៍បានដោយមិនបាច់កាន់តាមធម្មវិន័យនៃជនជាតិយូដាទេ គឺគ្រាន់តែឱ្យគេផ្ញើជិវិតទាំងស្រុងទៅលើព្រះយេស៊ូប៉ុណ្ណោះ។ លោកទៅរកលោកប៉ូល ហើយលោកទាំងពីរនាក់ចេញទៅប្រកាសដំណឹងល្អជាមួយគ្នា។ តាមសេចក្តីដែលគ្រីស្តបរិស័ទដើមដំបូងធ្លាប់តំណាលតៗគ្នាមក លោកទទួលមរណភាពនៅកោះគឺប្រូស ជាស្រុកកំណើតរបស់លោក។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្ដទូត កក (១១,២១-២៦; ១៣,១-៣)
នៅក្រុងអន់ទីយ៉ូក មានមនុស្សដ៏ច្រើនលើសលប់បានជឿ ព្រមទាំងបែរចិត្តគំនិតមករកព្រះអម្ចាស់ផង។ ព្រះសហគមន៍នៅក្រុងយេរូសាឡឹមបានឮដំណឹងនេះ ក៏ចាត់លោកបារណាបាសឱ្យទៅក្រុងអន់ទីយ៉ូក។ កាលគាត់ទៅដល់បានឃើញព្រះជាម្ចាស់ប្រណីសន្តោសពួកគេដូច្នេះ គាត់ត្រេកអរសប្បាយ ហើយទូន្មានគេទាំងអស់គ្នាឱ្យប្តេជ្ញាចិត្តនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។ លោកបារណាបាសជាមនុស្សម្នាក់មានចិត្តសប្បុរស ពោរពេញដោយព្រះ វិញ្ញាណដ៏វិសុទ្ធ និងដោយជំនឿ។បន្ទាប់មកទៀត លោកបារណាបាសចេញដំណើរទៅរកលោកសូលនៅក្រុងតារសុស។ កាលបើជួបហើយ គាត់ក៏នាំលោកមកក្រុងអន់ទីយ៉ូក។ លោកទាំងពីររស់នៅជាមួយព្រះសហគមន៍អស់រយៈពេលមួយឆ្នាំ ហើយបង្រៀនបណ្តាជនជាច្រើនផង។ នៅក្រុងអន់ទីយ៉ូកនោះហើយ ដែលគេហៅពួកសាវ័កលើកទីមួយថា “គ្រីស្តបរិស័ទ”។ ក្នុងព្រះសហគមន៍ក្រុងអន់ទីយ៉ូក មានព្យារី និងគ្រូពេទ្យ គឺមានលោកបារណាបាស លោកស៊ីម៉ូន ហៅខ្មៅ លោកសូល្យុសជាអ្នកស្រុកគីរេន លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយព្រះបាទហេរ៉ូដ ជាស្តេចអនុរាជកាលនៅពីក្មេង និងលោកសូល។ នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីគោរពបម្រើព្រះអម្ចាស់ និងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបារណាបាស និងសូចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរឱ្យបំពេញកិច្ចការដែលយើងនឹងដាក់ឱ្យធ្វើ»។ ក្រោយពីបាននាំគ្នាតមអាហារ និងអធិដ្ឋានរួចហើយ គេបានដាក់ដៃលើលោកទាំងពីរ ហើយឱ្យលោកចេញទៅ។
ទំនុកតម្កើងលេខ ៦៥ (៦៤),១០-១៣ បទពាក្យ ៧
| ១០ | ព្រះអង្គថែទាំមើលរក្សា | បោចស្មៅបន្លារែកទឹកស្រោច | |
| ផែនដីជោកសព្វមិនឱ្យខ្លោច | រួចបានបង្កើតផលបរិបូរណ៍ | ។ | |
| អស់ទាំងទន្លេព្រែកបឹងស្ទឹង | ព្រៀបពេញទំហឹងពេញហៀរហូរ | ||
| ពេញទាំងបឹងបួទាំងដងអូរ | ព្រះអង្គចាប់ផ្គូរដូចតទៅ | ។ | |
| ១១ | ព្រះអង្គស្រោចស្រពស្រែចម្ការ | ទាំងដីផងណារាបគ្មានស្មៅ | |
| មានភ្លៀងធ្លាក់មកទឹកដក់នៅ | តាមវាលស្រែស្រូវពូជធាដុះ | ។ | |
| ១២ | ដល់ពេលច្រូតកាត់ព្រះអង្គបាន | ផ្តល់ស្រូវជាទានដ៏សប្បុរស | |
| ដែលជាអំណោយដ៏ខ្ពង់ខ្ពស់ | សម្បូរទាំងអស់ឥតមានខ្វះ | ។ | |
| ១៣ | រីឯនៅវាលរហោស្ថាន | មានស្មៅដុះច្រើនពោរពេញពាស | |
| ភ្នំតូចភ្នំធំភ្នំទាំងអស់ | ញញឹមស្រស់បស់ដោយអំណរ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១យហ៤,២)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានទុកវិន័យនេះឱ្យយើង គឺអ្នកស្រឡាញ់ព្រះជាម្ចាស់ ក៏ត្រូវស្រឡាញ់បងប្អូនដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៥,២០-២៦)
ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នា មិនប្រសើរជាងសេចក្តីសុចរិតបស់ពួកធម្មចារ្យ និងពួកខាងគណៈផារីស៊ីទេ អ្នករាល់គ្នាពុំអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។ អ្នករាល់គ្នាធ្លាប់ឮសេចក្តីដែលមានថ្លែងប្រាប់បុព្វបុរសថា “កុំសម្លាប់មនុស្ស អ្នកណាសម្លាប់គេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោស”។ រីឯខ្ញុំវិញ ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា អ្នកណាខឹងនឹងបងប្អូន អ្នកនោះនឹងត្រូវគេផ្តន្ទាទោសដែរ។ អ្នកណាជេរប្រទេចផ្តាសាបងប្អូន អ្នកនោះនឹងត្រូវក្រុមប្រឹក្សាជាន់ខ្ពស់កាត់ទោស ហើយអ្នកណាត្មះតិះដៀលគេ អ្នកនោះនឹងត្រូវគេផ្តន្ទាទោស ធ្លាក់ក្នុងភ្លើងនរកអវចី។ ដូច្នេះ កាលណាអ្នកយកតង្វាយទៅថ្វាយព្រះជាម្ចាស់ ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនម្នាក់មានទំនាស់នឹងអ្នក ចូរទុកតង្វាយរបស់អ្នកនៅកន្លែងថ្វាយតង្វាយ ហើយទៅស្រុះស្រួលនឹងបងប្អូនរបស់អ្នកជាមុនសិន រួចសឹមវិលមកថ្វាយតង្វាយរបស់អ្នកវិញ។ កាលណាអ្នកធ្វើដំណើរទៅតុលាការជាមួយគូវិវាទរបស់អ្នក ចូរស្រុះស្រួលជាមួយអ្នកនោះជាប្រញាប់ ក្រែងលោកគេបញ្ជូនអ្នកទៅចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយអ្នកត្រូវជាប់គុក។ ខ្ញុំសុំប្រាប់ឱ្យអ្នកដឹងច្បាស់ថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។

