០២ មិថុនា ២០២៦

Written on 03/02/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី០៩
 ពណ៌បៃតង ឆ្នាំ«គូ»

សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតសិលា (២សល ៣,១២-១៥.១៧-១៨)

បងប្អូនជាទីស្រឡាញ់!
ចូរទន្ទឹងរង់ចាំ និងខ្នះខ្នែងធ្វើឱ្យថ្ងៃរបស់ព្រះជាម្ចាស់នោះកាន់តែឆាប់មកដល់ គឺជាថ្ងៃដែលផ្ទៃមេឃនឹងត្រូវឆេះរលាយ ហើយធាតុនានានឹងឆេះរលាយសូន្យអស់ទៅដែរ។ យើងទន្ទឹងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មីដែលប្រកបដោយសេចក្តីសុចរិត តាមព្រះបន្ទូលសន្យា។ បងប្អូនជាទីស្រឡាញ់អើយ! ដូច្នេះ ក្នុងពេលដែលបងប្អូនទន្ទឹងរង់ចាំហេតុការណ៍ទាំងនេះ ចូរខ្នះខ្នែងធ្វើយ៉ាងណាឱ្យព្រះជាម្ចាស់ឃើញថា បងប្អូនល្អឥតខ្ចោះ ឥត​សៅហ្មង និងឃើញបងប្អូនរស់នៅដោយសុខសាន្ត។ តោងយល់ថា ព្រះអម្ចាស់នៃយើង​មានព្រះហឫទ័យអត់ធ្មត់ មកពីព្រះអង្គចង់សង្គ្រោះបងប្អូន។ បងប្អូនជាទីស្រឡាញ់អើយ! បងប្អូនបានជ្រាបសព្វគ្រប់ជាមុនហើយ។ ដូច្នេះត្រូវប្រុង​ប្រយ័ត្នខ្លួន កុំបណ្តោយជនពាលនាំបងប្អូនឱ្យវង្វេង ហើយមិនត្រូវបាត់បង់គោលជំហរ​ដ៏រឹងប៉ឹងរបស់បងប្អូនឡើយ។ ផ្ទុយទៅវិញ សូមបងប្អូនចម្រើនឡើងដោយព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ហើយដោយស្គាល់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់​ព្រះអង្គ នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន!។

ទំនុកតម្កើងលេខ ៩០ (៨៩),២-៤.១០.១៤-១៦ បទពាក្យ ៧

២ មុនពេលមានភ្នំកកើតឡើង មុនពេលព្រះអង្គបង្កើតដី  
  មុនពិភពលោកនិងអ្វីៗ ព្រះអម្ចាស់ថ្លៃជាបិតា ។
៣ ព្រះអង្គធ្វើឱ្យមនុស្សគ្រប់ទី ក្លាយជាធូលីដីវិញណា  
  គឺព្រះអង្គមានបន្ទូលថា៖ អស់ពូជពង្សអដាំវិលវិញ ។
៤ ចំពោះព្រះអង្គរយៈពេល មួយពាន់ឆ្នាំក្រែលដូចម្សិលមិញ  
  ឬដូចជាពេលមួយយប់ពេញ កន្លងផុតចេញទៅថ្មីៗ ។
១០ អាយុយើងខ្ញុំរស់បានត្រឹម តែចិតសិបឆ្នាំមិនវែងអី  
  បើបានប៉ែតសិបនោះប្រពៃ ក្រោយមកស្នូលដីបែកខ្ចាត់ខ្ចាយ ។
  ក្នុងពេលដែលខ្ញុំមានជីវិត ខ្ញុំតែងនឹកគិតតែងខ្វល់ខ្វាយ  
  និងជួបតែទុក្ខឥតស្រស់ស្រាយ ជីវិតឃ្លាតឆ្ងាយត្រូវមរណា ។
១៤ សូមសម្តែងហឫទ័យមេត្តា ដោយក្តីករុណាដ៏ប្រសើរ  
  ចំពោះខ្ញុំជាអ្នកបម្រើ ខ្ញុំមានអំណរគ្រប់ពេលវេលា ។
១៥ ព្រះអង្គឱ្យខ្ញុំកើតទុក្ខធំ អស់ពេលច្រើនឆ្នាំខ្ញុំវេទនា  
  សូមប្រោសឱ្យខ្ញុំផុតទុក្ខា សប្បាយយូរយាយ៉ាងនោះដែរ ។
១៦ សូមសម្តែងឱ្យខ្ញុំឃើញច្បាស់ ពីការសង្គ្រោះឥតកែប្រែ  
  ឱ្យកូនចៅខ្ញុំឃើញហូរហែរ ភាពថ្កុំថ្កើងដែរនៃព្រះអង្គ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១ ធម ៦,១៥ ១៦)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ប្រកបដោយសុភមង្គល មានតែព្រះអង្គមួយគត់ដែលជាព្រះអធិបតី ព្រះអង្គជាព្រះមហាក្សត្រធំ លើសមហាក្សត្រនានា ជាព្រះអម្ចាស់ធំលើសអម្ចាស់នានា។ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១២,១៣-១៧)

នៅគ្រានោះ គេចាត់ពួកខាងគណៈផារីស៊ី និងពួកខាងសេ្តចហេរ៉ូដខ្លះឱ្យទៅជិត​ព្រះយេស៊ូ ចាំចាប់កំហុសនៅពេលព្រះអង្គមានព្រះបន្ទូល។ គេនាំគ្នាមកទូលព្រះអង្គថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកមានប្រសាសន៍សុទ្ធតែពិតទាំងអស់ លោកគ្រូពុំយោគ​យល់ ហើយក៏ពុំរើសមុខនរណាឡើយ គឺលោកគ្រូប្រៀនប្រដៅអំពីរបៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមសេចក្តីពិត។ តើ ធម្មវិន័យរបស់យើងអនុញ្ញាត​ឱ្យបង់ពន្ធដារថ្វាយព្រះចៅអធិរាជរ៉ូម៉ាំងឬទេ?។ តើយើងត្រូងបង់ ឬមិនត្រូវបង់?»។ ព្រះយេស៊ូឈ្វេងយល់ពុតត្បុតរបស់គេ ទ្រង់មានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឱ្យខ្ញុំមើលមើល៍»។ គេក៏​យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូបនិងឈ្មោះ ព្រះចៅអធិរាជ!»។ ព្រះយេស៊ូក៏មានព្រះបន្ទូលទៅគេថា៖ «អ្វីៗជារបស់ព្រះចៅអធិរាជ ចូរថ្វាយទៅព្រះចៅ​អធិរាជវិញទៅ! ហើយអ្វីៗដែលជារបស់ព្រះជាម្ចាស់ ចូរថ្វាយទៅព្រះជាម្ចាស់វិញ​ដែរ!»។ គេងឿងឆ្ងល់នឹងព្រះយេស៊ូយ៉ាងខ្លាំង។​