១៩ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី២០ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល (អគ ៣៤,១-១១)

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖«កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងអ្នកដឹកនាំអ៊ីស្រាអែលទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់អ្នកដឹកនាំទាំងនោះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ “ពួកគង្វាលអ៊ីស្រាអែលអើយ! អ្នករាល់គ្នាត្រូវវេទនាហើយ ដ្បិតអ្នករាល់គ្នាគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ធម្មតាពួកគង្វាលតែងតែមើលថែរក្សាហ្វូងចៀម រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមិនបានមើលថែទាំហ្វូងចៀមទេ អ្នករាល់គ្នាគិតតែពីយកទឹកដោះមកផឹក កាត់រោមចៀមមកធ្វើជាសម្លៀកបំពាក់ ហើយសម្លាប់​ចៀមធាត់ៗធ្វើជាអាហារ។ អ្នករាល់គ្នាពុំបានជួយចៀមណាដែលខ្សោយឱ្យមានកម្លាំងឡើយ អ្នករាល់គ្នាពុំបានព្យាបាលចៀម​ឈឺ ឬរុំរបួសឱ្យចៀមរបួសទេ។ អ្នករាល់គ្នាមិនបាននាំចៀមវង្វេងឱ្យត្រឡប់មកវិញ ហើយក៏មិនដើររកចៀមដែលបាត់ដែរ។ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាប្រើអំណាចជិះជាន់សង្កត់សង្កិនពួកគេ។ ចៀមទាំងនោះត្រូវខ្ចាត់ខ្ចាយរត់បែកខ្ញែកគ្នា ហើយត្រូវសត្វសាហាវដេញចាប់ស៊ី ព្រោះគ្មាននរណាឃ្វាល។ ហ្វូងចៀមរបស់យើងវង្វេងទៅគ្រប់ទីកន្លែងតាមភ្នំតូចភ្នំធំ បែកខ្ញែកគ្នាពាសពេញស្រុក តែគ្មាន នរណា​រវីរវល់ថែទាំ! គ្មាននរណាដើររកវាឡើយ!»។ ហេតុនេះ អ្នកដឹកនាំអ៊ីស្រាអែលអើយ! ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅមានព្រះបន្ទូលដូចតទៅនេះ៖«ហ្វូងចៀម​របស់យើងត្រូវគេលួចប្លន់ ត្រូវសត្វព្រៃចាប់ស៊ី ព្រោះតែគ្មាននរណាឃ្វាល រីឯពួកអ្នកដែលយើងប្រើឱ្យឃ្វាល មិនរវីរវល់ដើររកហ្វូងចៀមរបស់យើងទេ គឺពួកគេគិត​តែពីរកប្រយោជន៍ផ្ទាល់ខ្លួន ឥតគិតឃ្វាលហ្វូងចៀមឡើយ។ ហេតុនេះ ពួកគង្វាល​អើយ! ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា យើងនឹង​ដាក់ទោសពួកគង្វាលទាំងនោះ យើងនឹងដកហ្វូងចៀមយើងចេញពីកណ្តាប់ដៃរបស់គេ​មកវិញ។ យើងនឹងលែងឱ្យពួកគេឃ្វាលហ្វូង​ចៀមរបស់យើង ដើម្បីរកផល​ប្រយោជន៍ផ្ទាល់ខ្លួនទៀតហើយ! យើងនឹងបេះហ្វូងចៀមរបស់យើងពីមាត់គេលែង​​ឱ្យគេស៊ីដូចមុនទៀត។ ចាប់​ពីពេលនេះតទៅ យើងនឹងតាមរកហ្វូងចៀមរបស់យើង ហើយមើលថែទាំវាដោយយើងផ្ទាល់»។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧

១ ឱ!ព្រះអម្ចាស់ជាគង្វាល មើលឥតរយាលណែនាំខ្ញុំ  
  ឱ្យដើរតាមផ្លូវដែលសក្តិសម ភោគផលជិតជុំឥតខ្វះឡើយ ។
២ ព្រះអង្គឱ្យខ្ញុំសម្រាកនៅ លើវាលមានស្មៅបានធូរស្បើយ  
  នាំខ្ញុំទៅក្បែរមាត់ទឹកហើយ ប្រទានឱ្យកាយមានកម្លាំង ។
៣ ទ្រង់នាំខ្ញុំតាមផ្លូវសុចរិត ល្អល្អះប្រណីតភ្លឺចិញ្ចាំង  
  ព្រះកិត្តិនាមល្បីក្លាខ្លាំង គ្មានអ្វីរារាំងព្រះអង្គឡើយ ។
៤ ទោះបីរូបខ្ញុំដើរកាត់ភ្នំ ជ្រលងតូចធំស្លាប់ក៏ដោយ  
  ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ ទ្រង់គង់ជាមួយតាមការពារ ។
៥ ព្រះអង្គរៀបចំឱ្យបរិភោគ អាហារគគោកមុខបច្ចា  
  រួចទ្រង់ចាក់ប្រេងលើសិរសា បំពេញកែវស្រាខ្ញុំហៀរហូរ ។
៦ ព្រះអង្គប្រទានសុភមង្គល ហឫទ័យខ្វាយខ្វល់ដោយអាសូរ  
  មកទូលបង្គំជាហែរហូរ ឥតមានឈប់ឈរមួយជីវិត ។
  ដរាបណាជីវិតនៅមាន ខ្ញុំរស់សុខសាន្តឥតមានគិត  
  ក្នុងព្រះដំណាក់ល្អប្រណីត ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច ។

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (ទន១៤៥,១៣,១៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូល សុទ្ធតែពិតប្រាកដទាំងអស់ ព្រះអង្គប្រព្រឹត្តតាមសេចក្តីទៀងត្រង់ក្នុងគ្រប់ប្រការ។ ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២០,១-១៦) 

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាដូចតទៅ៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងម្ចាស់ចម្ការម្នាក់ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករ​មកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់។ គាត់បានព្រមព្រៀងជាមួយពួក​កម្មករជាស្រេចថា នឹងឱ្យប្រាក់មួយដួងក្នុងមួយថ្ងៃ ហើយចាត់គេឱ្យទៅធ្វើការក្នុងចម្ការ។ ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារ ឥតធ្វើអ្វីសោះ។ គាត់ក៏និយាយទៅកាន់គេថា៖“ចូរអ្នករាល់គ្នា​ទៅធ្វើការនៅចម្ការខ្ញុំទៅ! ខ្ញុំនឹងឱ្យប្រាក់ឈ្នួលត្រឹមត្រូវ”។ អ្នកទាំងនោះក៏នាំគ្នា​ទៅធ្វើការនៅចម្ការ។ ម្ចាស់ចម្ការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោង​បីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។ ប្រមាណជាម៉ោងប្រាំល្ងាច គាត់​ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតនៅតាមទីផ្សារ។ គាត់សួរគេថា៖ “ហេតុដូចម្តេចបានជាអ្នករាល់គ្នាឈរនៅទីនេះមួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ?”។ ពួកគេឆ្លើយថា “មកពីគ្មាននរណា​ជួលយើងខ្ញុំទៅធ្វើការទេ!”។ គាត់ក៏និយាយទៅកាន់អ្នកទាំងនោះថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំទៅ”។ លុះដល់ល្ងាចម្ចាស់​ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា៖ “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឱ្យគេ គឺចាប់ផ្តើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ ពួកអ្នកដែលបានចាប់ផ្តើមធ្វើការម៉ោងប្រាំល្ងាច មកដល់ទទួលប្រាក់ម្នាក់មួយ​ដួងៗ។ ពួកអ្នកដែលចាប់ផ្តើមធ្វើការមុនគេ ក៏មកដល់ដែរ ហើយនឹកគិតថា នឹងបានប្រាក់​ច្រើនជាង ប៉ុន្តែ គេទទួលម្នាក់មួយដួងដូចគ្នា។ គេទទួលយកប្រាក់ទាំងរអ៊ូរទាំដាក់ម្ចាស់ចម្ការថា៖ “ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃហាលក្តៅ ហើយលោកបែរជាបើកប្រាក់ឱ្យគេស្មើនឹងយើងខ្ញុំដែរ”។ ម្ចាស់ចម្ការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា៖ “សំឡាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការឱ្យខ្ញុំ​មួយដួងក្នុងមួយថ្ងៃ មែនឬមិនមែន?។ ចូរយកប្រាក់ឈ្នួលរបស់អ្នក ហើយចេញ​ទៅចុះ!។ ខ្ញុំចង់ឱ្យអ្នកដែលមកដល់ក្រោយនេះទទួលប្រាក់ស្មើនឹងអ្នកដែរ។ តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំ ទៅធ្វើអ្វីតាមបំណងចិត្តខ្ញុំទេឬ? ឬមួយអ្នកច្រណែនមកពីឃើញខ្ញុំមានចិត្តសប្បុរស”។ ហេតុនេះ អ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅ​នៅខាងមុខ រីឯអ្នកដែលនៅខាងមុខនឹងបែរជាទៅនៅខាងក្រោយវិញ»។