១៤ សីហា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី១៩ ឆ្នាំ«គូ»
ពណ៌ក្រហម

បុណ្យរម្លឹក
សន្តម៉ាកស៊ីមីលីយាង ម៉ារីកុលបេ
ជាបូជាចារ្យ និងជាមរណសាក្សី

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល (អគ ១៦,១-១៥.៦០.៦៣ ឬ ១៦,៥៩-៦៣)

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! ចូរប្រាប់អ្នកក្រុងយេរូសាឡឹម​ឱ្យដឹងពីអំពើដ៏គួរឱ្យស្អប់ខ្ពើមដែលពួកគេបានប្រព្រឹត្ត។ ចូរប្រាប់ពួកគេថា ព្រះ​ជាអម្ចាស់មានព្រះបន្ទូលមកកាន់ក្រុងយេរូសាឡឹមដូចតទៅ៖ នាងមានកំណើតនៅស្រុក​កាណាន។ ឪពុករបស់នាងជាសាសន៍អាម៉ូរី ម្តាយរបស់នាងជាសាសន៍ហេត។ នៅថ្ងៃដែលនាងកើត គេមិនបានកាត់ផ្ចិតនាងទេ គេមិនបានយកទឹកមកលាងសម្អាត​នាង គេមិនបានយកទឹកអំបិលមកលាបនាង ហើយគេក៏មិនបានយកសំពត់មករុំនាង​ដែរ។ គ្មាននរណាយកចិត្ដទុកដាក់មើលនាងទេ ហើយក៏គ្មាននរណាថែទាំនាងដែរ។ ផ្ទុយទៅវិញ នៅថ្ងៃនាងកើត គេស្អប់ខ្ពើមនាង ហើយយកនាងទៅបោះចោលនៅ​វាលស្រែ។ យើងដើរកាត់តាមនោះ ឃើញនាងកំពុងតែបម្រះក្នុងថ្លុកឈាម យើងក៏ប្រាប់នាងថា ចូរមានជីវិតឡើង! ទោះបីនាងស្ថិតនៅក្នុងឈាមក៏ដោយ! ចូរមានជីវិតឡើង!។ យើងធ្វើឱ្យនាងចម្រើនឡើង ដូចដំណាំលូតលាស់នៅតាម​ចម្ការ។ នាងក៏បានចម្រើនធំឡើងពេញរូបពេញរាង មានរូបឆោមល្អឥតខ្ចោះ។ ប៉ុន្តែ នាងគ្មានសម្លៀកបំពាក់បិទបាំងកាយទេ។ យើងបានដើរកាត់តាមនោះ ឃើញនាងពេញវ័យ ដល់ពេលមានគូស្រករហើយ យើងក៏លាតអាវធំរបស់យើង​បិទបាំងរូបកាយនាង។ យើងបានសន្យាយ៉ាងឱឡារឹក ហើយចង​សម្ពន្ធមេត្រីជាមួយ​នាង ដើម្បីឱ្យនាងបានទៅជាភរិយារបស់យើង។ នេះជាព្រះបន្ទូលរបស់ព្រះជា​អម្ចាស់។ យើងបានយកទឹកមកលាងនាង ហើយជម្រះឈាមដែលប្រឡាក់រូបកាយនាង រួចចាក់ប្រេងក្រអូបលាបនាងទៀតផង។ យើងឱ្យនាងស្លៀកសម្លៀកបំពាក់ធ្វើពី​ក្រណាត់ប៉ាក់។ យើងយកស្បែកជើងដ៏ល្អវិសេសមកបំពាក់ឱ្យនាង ហើយក៏យកស្បៃដ៏ល្អប្រណីត និងអាវធំធ្វើពីសូត្រមកពាក់ឱ្យនាងដែរ។ យើងយកគ្រឿងអលង្ការមកបំពាក់ឱ្យនាង គឺមានខ្សែដៃ ខ្សែក ក្រវិល ទំហូ និងមកុដដ៏ភ្លឺផ្លេក។ នាង​ពាក់សុទ្ធតែមាស និងប្រាក់ ស្លៀកសម្លៀកបំពាក់ដ៏ល្អប្រណីតធ្វើអំពីសូត្រ និងក្រណាត់ប៉ាក់ដ៏មានតម្លៃ។ នាងបរិភោគសុទ្ធតែម្ហូបអាហារឆ្ងាញ់ពិសេស គឺម្ហូបធ្វើពី​ម្សៅម៉ដ្ឋ ទឹកឃ្មុំ និងប្រេងដ៏មានតម្លៃ។ នាងមានរូបឆោមលោមពណ៌កាន់តែស្អាតឡើងៗ ហើយបានទទួលឋានៈជាព្រះមហាក្សត្រិយានី។ កេរ្តិ៍ឈ្មោះរបស់នាងល្បីរន្ទឺ​សុសសាយក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រោះនាងមានសម្ផស្សល្អឥតខ្ចោះ និងតាក់តែងខ្លួនដោយគ្រឿងអលង្ការដែលយើងប្រគល់ឱ្យ។ នេះជាព្រះបន្ទូលរបស់​ព្រះជាអម្ចាស់។ ក៏ប៉ុន្តែ នាងអួតអាងលើរូបសម្បត្តិ និងកេរ្តិ៍ឈ្មោះ ហើយក្លាយទៅជា​ស្រីពេស្យា ដោយប្រគល់ខ្លួនឱ្យអ្នកដែលដើរកាត់មុខនាង។

ប្រសិនបើអានយ៉ាងខ្លីសូមអានត្រឹមនេះទៅ
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«យើងជាព្រះអម្ចាស់យើងនឹងប្រព្រឹត្តចំពោះ​នាងតាមអំពើដែលនាងបានប្រព្រឹត្ត គឺនាងបានបំភ្លេចពាក្យសន្យាដោយផ្តាច់សម្ពន្ធមេត្រី​របស់យើង។ ក៏ប៉ុន្តែ យើងនៅនឹកដល់សម្ពន្ធមេត្រីដែលយើងបានចងជាមួយនាង កាល​ពីនាងនៅក្មេង ហើយយើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយនាង។ នាងនឹងនឹកឃើញពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនៅពេលនាងទទួលបងស្រី និងប្អូនស្រីឱ្យនៅជាមួយ នោះនាងនឹងនឹកខ្មាស។ យើងនឹងឱ្យនាងត្រួតត្រាលើបងស្រី និងប្អូនស្រី តែពួកគេមិនចូលរួមក្នុងសម្ពន្ធមេត្រីដែលយើងចងជាមួយនាងទេ។ យើងនឹងចងសម្ពន្ធមេត្រីជាមួយនាង។ ពេលនោះ នាងនឹងទទួលស្គាល់​ថា យើងពិតជា​ព្រះអម្ចាស់មែន។ នាងនឹងនឹកឃើញពីកិរិយាមារយាទដ៏អាក្រក់របស់ខ្លួន ហើយនឹក​ខ្មាស់។ យើងនឹងលើកលែងទោសចំពោះកំហុសទាំងប៉ុន្មានដែលនាងបានប្រព្រឹត្ត ពេលនោះនាងនឹកស្តាយរកអ្វីថ្លែងពុំបាន»។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។

ទំនុកតម្កើងអេសាយ ១២,២.៤-៦ បទពាក្យ ៧

២ ព្រះអម្ចាស់ជាព្រះសង្គ្រោះ ជីវិតខ្ញុំរស់ស្គាល់តែសុខ  
  លែងភ័យលែងខ្លាចលែងកើតទុក្ខ ពីនេះទៅមុខពឹងលើព្រះ ។
  ដ្បិតព្រះអម្ចាស់ជាកម្លាំង ខ្ញុំអាចតតាំងអាចយកឈ្នះ  
  ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ ។
៤ ចូរអរព្រះគុណព្រះអម្ចាស់ ហើយចូរប្រកាសនាមព្រះអង្គ  
  ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ ប្រាប់ប្រជាជនផងទាំងឡាយ ។
៥ ចូរស្មូត្រទំនុកតម្កើងថ្វាយ ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ  
  ដ្បិតការអស្ចារ្យច្រើនពេកក្រៃ ឱ្យមនុស្សលើដីបានដឹងផង ។
៦ អុះឱ! អ្នកក្រុងស៊ីយ៉ូនអើយ ចូរកុំកន្តើយស្រែករំពង  
  ដោយអរសប្បាយដ្បិតព្រះអង្គ វិសុទ្ធឥតហ្មងព្រះនៃយើង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ថស២,១៣

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរបងប្អូនទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ កុំចាត់ទុកថាជាពាក្យសម្តីរបស់មនុស្ស គឺព្រះអង្គមានព្រះបន្ទូលមកបងប្អូនមែន។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៩,៣-១២) 

មានពួកខាងគណៈផារីស៊ីចូលមកជិតព្រះយេស៊ូ ហើយទូលសួរព្រះអង្គក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖«តើស្វាមីមានសិទ្ធិនឹងលែងភរិយាដោយសំអាងលើមូលហេតអ្វីក៏ដោយបានឬមិនបាន?»។ ព្រះអង្គមានព្រះបន្ទូលតបថា «អ្នករាល់គ្នាធ្លាប់អានគម្ពីរ រួចមកហើយថា កាលដើមដំបូងព្រះជាម្ចាស់បានបង្កើតមនុស្សមកជា​បុរស ជាស្ត្រី» រួចព្រះអង្គមានព្រះបន្ទូលថា «ហេតុនេះហើយ បានបុរសត្រូវចាកចេញ​ពីឪពុកម្តាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយ​តែមួយ។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ​ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពួក​គេទូលសួរព្រះអង្គថា៖«ចុះហេតុដូចម្តេចបានជាលោកម៉ូសេបញ្ជាឱ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«លោកម៉ូសេអនុញ្ញាតឱ្យ​​អ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយ មិន​មែនដូច្នោះទេ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា (លើកលែងតែរួមរស់​ជាមួយគ្នាដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្រ្តីម្នាក់ទៀត បុរសនោះ​ជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។ សាវ័កនាំគ្នាទូលព្រះអង្គថា៖«បើមានល័ក្ខខ័ណ្ឌរវាងប្តីប្រពន្ធបែបនេះ គួរកុំរៀបការ​ប្រសើរជាង»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖«មនុស្សគ្រប់រូបពុំអាចយល់សេចក្តីនេះបានឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ អ្នកខ្លះមិនអាចរៀបការបានមកពីកំណើត អ្នកខ្លះទៀតមិនអាច​រៀបការបាន មកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការ មកពីគេយល់ដល់​ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឱ្យ​យល់ចុះ!»។