ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី២០ ឆ្នាំ«គូ»
ពណ៌ស
បុណ្យរម្លឹក
សន្តពីយូសទី១០ ជាសម្តេចប៉ាប
លោកយ៉ូសែបសារតូ (១៨៣៥-១៩១៤) ជាបូជាចារ្យដែលណែនាំគ្រីស្តបរិស័ទនៅស្រុកស្រែក្នុងប្រទេសអ៊ីតាលី រួចលោកទទួលមុខងារជាអភិបាលព្រះសហគមន៍នៅក្រុងមាន់តូវ៉ា និងវ៉េនេស៊ីយ៉ា (ប្រទេសអ៊ីតាលី) បន្ទាប់មកទៀត លោកទទួលមុខងារជាអភិបាលក្រុងរ៉ូម នៅឆ្នាំ ១៩០៣។ លោកយកចិត្តទុកដាក់បំពេញគ្រប់បេសកកម្មរបស់លោក។ លោកដាស់តឿនគ្រីស្តបរិស័ទឱ្យទទួលព្រះកាយព្រះគ្រីស្តជាញឹកញាប់ ព្រមទាំងឱ្យក្មេងៗទទួលព្រះកាយព្រះអង្គបានដែរ។ លោកពន្យល់ថា៖ “អភិបូជា និងធម៌សាធារណៈនៃព្រះសហគមន៍ ពិតជាធ្វើឱ្យគ្រីស្តបរិស័ទរស់នៅតាមព្រះវិញ្ញាណដ៏វិសុទ្ធ”។
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល (អគ ៣៧,១-១៤)
ព្រះអម្ចាស់ដាក់ព្រះហស្តលើខ្ញុំ ព្រះវិញ្ញាណរបស់ព្រះអង្គក៏លើកខ្ញុំឡើងយកទៅដាក់កណ្តាលជ្រលងភ្នំមួយ ដែលមានឆ្អឹងខ្មោចពាសពេញ។ ព្រះអង្គនាំខ្ញុំដើរចុះឡើងក្បែរឆ្អឹងទាំងនោះ។ ក្នុងជ្រលងភ្នំមានឆ្អឹងច្រើនណាស់ ហើយសុទ្ធតែស្ងួតហួតហែងទាំងអស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! តើឆ្អឹងទាំងនេះអាចរស់មកជាមនុស្សវិញបានឬទេ?»។ ខ្ញុំទូលតបថា៖«បពិត្រព្រះអម្ចាស់! មានតែព្រះអង្គទេដែលជ្រាប»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖«ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ឆ្អឹងទាំងនេះថា “ឆ្អឹងដ៏ស្ងួតអើយ! ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងរស់ឡើង។ យើងនឹងឱ្យអ្នករាល់គ្នាមានសរសៃតភ្ជាប់គ្នា ហើយមានសាច់ដុះពីលើ ព្រមទាំងមានស្បែករុំពីក្រៅផង។ យើងនឹងដាក់ខ្យល់ដង្ហើមក្នុងអ្នករាល់គ្នាដើម្បីឱ្យអ្នករាល់គ្នាមានជីវិត ហើយពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”»។ ខ្ញុំក៏ថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអង្គ។ ក្នុងពេលដែលខ្ញុំកំពុងនិយាយនោះ ស្រាប់តែមានស្នូរសំឡេង គឺឆ្អឹងទាំងអស់កម្រើកចូលជិតគ្នាទៅវិញទៅមក។ ខ្ញុំសង្កេតឃើញមានសរសៃនៅលើឆ្អឹង ហើយសាច់ដុះពីលើ រួចមានស្បែករុំស្រោបផង ប៉ុន្តែ មិនទាន់មានខ្យល់ដង្ហើមនៅឡើយទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ខ្យល់ដង្ហើម!។ ចូរប្រាប់ខ្យល់ដង្ហើមថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅនេះ “ខ្យល់ដង្ហើមអើយ! ចូរបក់មកពីទិសទាំងបួន! ហើយផ្លុំលើសាកសពទាំងអស់នេះឱ្យមានជីវិតរស់ឡើង»។ ខ្ញុំក៏ថ្លែងព្រះបន្ទូលតាមព្រះបញ្ជារបស់ព្រះអម្ចាស់។ ខ្យល់ដង្ហើមក៏ចូលមកក្នុងពួកគេ ពួកគេក៏មានជីវិត ហើយក្រោកឈរឡើង ទៅជាកងទ័ពមួយដែលមានចំនួនយ៉ាងច្រើនឥតគណនា។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជានិមិត្តរូបនៃកូនចៅអ៊ីស្រាអែលទាំងមូល។ ពួកគេពោលថា៖ឆ្អឹងរបស់យើងស្ងួតហួតហែងអស់ យើងអស់សង្ឃឹមហើយ! យើងវិនាសហើយ! ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់គេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ ប្រជារាស្ត្ររបស់យើងអើយ! យើងនឹងបើកផ្នូររបស់អ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាចេញពីផ្នូរនោះ។ បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ។ ប្រជារាស្ត្ររបស់យើងអើយ! ពេលយើងបើកផ្នូរ ហើយនាំអ្នករាល់គ្នាចេញមក នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនឹងដាក់វិញ្ញាណយើងក្នុងអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាមានជីវិត។ យើងនឹងនាំអ្នករាល់គ្នាទៅតាំងទីលំនៅលើទឹកដីរបស់ខ្លួនវិញ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនិយាយយ៉ាងណា យើងនឹងធ្វើយ៉ាងនោះ»។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ទំនុកតម្កើងលេខ ១០៧ (១០៦),២-៩ បទព្រហ្មគីតិ
| ២ | អ្នកដែលព្រះអម្ចាស់ | បានរំដោះឱ្យរបូត | |
| កុំពោលពាក្យភរភូត | ពីសេចក្តីអស់ទាំងនោះ | ។ | |
| ៣ | ព្រះអង្គប្រមូលជុំ | ផុតពីភូមិស្រុកកៀនកោះ | |
| នាំយកមកទាំងអស់ | ពីទិសត្បូងជើងកើតលិច | ។ | |
| ៤ | អ្នកខ្លះវង្វេងក្នុង | វាលស្ងាត់ឈឹងគិតមិនលេច | |
| ដូចជាភាន់ភាំងភ្លេច | រកភូមិស្នាក់នៅក៏មិនបាន | ។ | |
| ៥ | គេស្ទើតែដាច់ពោះ | សឹងមិនរស់ព្រោះតែឃ្លាន | |
| រកទឹកក៏មិនបាន | បាត់បង់អស់ទាំងទឹកចិត្ត | ។ | |
| ៦ | ក្នុងពេលមានអាសន្ន | គេស្រែកបន់គួរអាណិត | |
| សូមព្រះជួយជីវិត | ទ្រង់អាណិតក៏រំដោះ | ។ | |
| ៧ | ព្រះអង្គបានដឹកនាំ | គេដាក់ចំក្រុងល្អស្រស់ | |
| ដែលគេអាចរួមរស់ | អាស្រ័យនៅដោយសុខសាន្ត | ។ | |
| ៨ | អ្នកត្រូវលើកតម្កើង | ព្រះខ្ពស់ឡើងហួសទីស្ថាន | |
| ករុណាដែលទ្រង់មាន | ប្រោសប្រទានគ្មានជិនណាយ | ។ | |
| ៩ | ដ្បិតទ្រង់ប្រទានទឹក | ឱ្យអ្នកផឹកលែងខ្វល់ខ្វាយ | |
| ប្រទានម្ហ្ហូបនឹងបាយ | អ្នកទាំងឡាយឃ្លានតាមចង់ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ៤,៨,៧)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អ្នកណាមានចិត្តស្រឡាញ់ អ្នកនោះកើតមកពីព្រះជាម្ចាស់ហើយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២២,៣៤-៤០)
ពេលនោះ ពួកខាងគណៈផារីស៊ីប្រជុំគ្នា ព្រោះគេឮថា ព្រះយេស៊ូធ្វើឱ្យពួកខាងគណៈសាឌូស៊ីទ័លប្រាជ្ញ រកនិយាយអ្វីទៀតមិនកើត។ ក្នុងចំណោមពួកគេ មានម្នាក់ជាធម្មាចារ្យ ទូលសួរព្រះយេស៊ូក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖«លោកគ្រូ! ក្នុងគម្ពីរធម្មវិន័យ តើវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖«ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីប្រាជ្ញា។ ហ្នឹងហើយជាវិន័យទីមួយដែលសំខាន់ជាងគេបំផុត។ រីឯវិន័យទីពីរក៏សំខាន់ដូចគ្នាដែរ គឺត្រូវស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯង។ វិន័យទាំងពីរនេះជាឫសគល់របស់ធម្មវិន័យ និងគម្ពីរព្យាការីទាំងអស់»។

