ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី២០ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល (អគ ២៨,១-១០)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖«កូនមនុស្សអើយ! ចូរប្រាប់ស្តេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ អ្នកមានចិត្តព្រហើនណាស់! អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្តាលសមុទ្រ!”។ តាមពិតអ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ! តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់!។ អ្នកអួតខ្លួនថា មានប្រាជ្ញាជាងដានីអែល ហើយថា គ្មានការអ្វីលាក់កំបាំងចំពោះអ្នកឡើយ។ ដោយសារប្រាជ្ញា និងតម្រិះវៃឆ្លាត អ្នកបានប្រមូលទ្រព្យសម្បតិ្ត មាស និងប្រាក់ យកមកទុកក្នុងឃ្លាំងរបស់ខ្លួន។ ដោយសារការប៉ិនប្រសប់ខាងធ្វើជំនួញ អ្នកបានបង្កើនទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ហើយទ្រព្យសម្បត្តិទាំងនេះជំរុញឱ្យអ្នកអួតបំប៉ោង!។ ហេតុនេះហើយ បានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកលើកខ្លួនស្មើនឹងព្រះដូច្នេះ យើងនឹងនាំជនបរទេសដែលកាចសាហាវជាងគេក្នុងចំណោមប្រជាជាតិនានាមក។ ពួកគេនឹងហូតដាវបំផ្លាញស្នាដៃនៃប្រាជ្ញាដ៏វាងវៃរបស់អ្នក គេនឹងបន្ទាបបន្ថោកព្រមទាំងបំផ្លាញភាពរុងរឿងរបស់អ្នកទៀតផង។ ពួកគេនឹងវាយទម្លាក់អ្នកទៅក្នុងរណ្តៅ អ្នកនឹងត្រូវស្លាប់ដោយគេចាក់ទម្លុះនៅកណ្តាលសមុទ្រ។ នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្តាប់ដៃពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ អ្នកនឹងត្រូវស្លាប់ដោយដៃជនបរទេស ដូចជនដែលមិនស្គាល់ព្រះជាម្ចាស់ ដ្បិតយើងប្រកាសសេចក្តីនេះហើយ!។ នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។
ទំនុកតម្កើងធម្មវិន័យទី២ ៣២,២៦-២៨.៣០.៣៥-៣៦ បទពាក្យ ៧
| ២៦ | យើងនឹងបំផ្លាញឱ្យម៉ដ្ឋខៃ | វិនាសក្សិណក្ស័យពីផែនដី | |
| កុំឱ្យសល់ម្នាក់ទោះប្រុសស្រី | កុំឱ្យអ្នកណានឹកឃើញឡើយ | ។ | |
| ២៧ | តែម្យ៉ាងនឹកខ្លាចខ្មាំងសត្រូវ | យល់ឃើញខុសផ្លូវមិនកន្តើយ | |
| បែរមើលងាយយើងធ្វើព្រងើយ | ហើយវាពោលថាពួកវាខ្លាំង | ។ | |
| វាថាវាប្រើពលវាផ្ទាល់ | វាយឈ្នះបានផលក្នុងចំបាំង | ||
| គ្មានព្រះឯណាជួយតតាំង | ប្រគល់ពួកនេះឱ្យវាទេ | ។ | |
| ២៨ | ជនជាតិអ៊ីស្រាអែលវង្វេង | ស្មារតីភាន់ភាំងពីបុពេ្វ | |
| មោហ៍បាំងបិទជិតដើររារេ | មិនអាចយល់ទេច្រឡំភ័ន្ត | ។ | |
| ៣០ | បើខ្មាំងតែម្នាក់ដេញកម្ចាត់ | អ៊ីស្រាអែលរត់បោលវាល់ពាន់ | |
| បើខ្មាំងពីរនាក់មកជិះជាន់ | អ៊ីស្រាអែលម៉ឺននាក់ផាសក្រញាំ | ។ | |
| នេះមកពីដុំសិលាការ | ពារពួកគេថាលក់ប្រចាំ | ||
| សិលាបញ្ជូនឈប់ថែទាំ | ឱ្យខ្មាំងចិញ្រ្ចាំតាមចិត្តគេ | ។ | |
| ៣៥ | តែព្រះអង្គមានការសម្ងាត់ | ទ្រង់នឹងកម្ចាត់ខ្មាំងរិះរេ | |
| ខ្មាំងត្រូវអន្តរាយស្លាប់ដាសដេរ | មានទុក្ខត្រូវវេទនាក្រៃ | ។ | |
| ៣៦ | ដ្បិតព្រះអម្ចាស់ទ្រង់អាសូរ | ប្រជាជនថ្ងូរទ្រង់វិនិច្ឆ័យ | |
| អាណិតបម្រើមិនឱ្យក្ស័យ | ទោះមានទោសពៃរ៍ទ្រង់សន្តោស | ។ |
ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម ១ករ៨,៩
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តដែលមានសម្បត្តិដ៏ច្រើនទ្រង់ដាក់ខ្លួនធ្វើជាអ្នកក្រ ដើម្បីឱ្យយើងបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៩,២៣-៣០)
ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកមានពិបាកចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខណាស់!។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាទៀតថា សត្វអូដ្ឋចូលតាមប្រហោងម្ជុលងាយជាងអ្នកមានចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខទៅទៀត»។ កាលក្រុមសាវ័កឮដូច្នេះ គេងឿងឆ្ងល់យ៉ាងខ្លាំង ហើយពោលថា៖«បើដូច្នេះ តើអ្នកណានឹងអាចទទួលការសង្រ្គោះបាន?»។ ព្រះយេស៊ូទតមើលគេ រួចមានព្រះបន្ទូលថា៖«ការនេះមនុស្សធ្វើពុំកើតទេ រីឯព្រះជាម្ចាស់វិញ អ្វីក៏ដោយក៏ព្រះអង្គធ្វើកើតទាំងអស់»។ ពេលនោះ លោកសិលាទូលព្រះអង្គថា៖«ព្រះអង្គទតឃើញស្រាប់ហើយ យើងខ្ញុំលះបង់អ្វីៗទាំងអស់ដើម្បីមកតាមព្រះអង្គ។ តើយើងខ្ញុំនឹងទៅជាយ៉ាងណា?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅក្រុមសាវ័កថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា នៅក្នុងពិភពថ្មី ពេលបុត្រមនុស្សគង់លើបល្ល័ង្កប្រកបដោយសិរីរុងរឿង អ្នករាល់គ្នាដែលមកតាមខ្ញុំនេះ ក៏នឹងអង្គុយលើបល្ល័ង្កទាំងដប់ពីរដែរ ហើយគ្រប់គ្រងលើកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែលទៀតផង។ អ្នកណាលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូនចៅ ឬស្រែចម្ការព្រោះតែខ្ញុំ អ្នកនោះនឹងទទួលវិញមួយជាមួយរយ ព្រមទាំងមានជីវិតអស់កល្បជានិច្ចថែមទៀតផង។ មានមនុស្សជាច្រើនដែលនៅខាងមុខនឹងបែរជាទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខវិញ»។

