២៧ កក្កដា ២០២៦

Written on 11/02/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី១៧ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ១៣,១-១១)

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចូរទៅទិញក្រណាត់ដ៏ល្អយកមកក្រវាត់ចង្កេះ តែកុំបោកទឹកឡើយ»។ ខ្ញុំក៏ទៅទិញក្រណាត់យក​មកក្រវាត់ចង្កេះតាមបញ្ជារបស់​ព្រះអម្ចាស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំសាជាថ្មីថា៖«ចូរយកក្រណាត់ដែលអ្នកបានទិញ ហើយក្រវាត់នៅនឹងចង្កេះនោះមក រួចធ្វើដំណើរឆ្ពោះទៅស្ទឹងអឺប្រាត់ លាក់​ក្រណាត់នោះទុកក្នុងកន្លៀតថ្មមួយ»។ ខ្ញុំក៏ចេញដំណើរទៅ ហើយលាក់ក្រណាត់នៅ​ជិតស្ទឹងអឺប្រាត់ តាមបញ្ជារបស់ព្រះអម្ចាស់។ យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចូរក្រោកឡើងទៅស្ទឹងអឺប្រាត់ យកក្រណាត់ដែលយើងបាន​បង្គាប់ឱ្យអ្នកលាក់នោះមកវិញ!»។ ខ្ញុំក៏ទៅស្ទឹងអឺប្រាត់ កាយយកក្រណាត់ដែល​ខ្ញុំបានលាក់ទុកមកវិញ តែក្រណាត់នោះពុកអស់ ប្រើការលែងកើតទៀត។ ព្រះ​អម្ចាស់ក៏មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖«យើងនឹងធ្វើឱ្យចិត្ត​អួតអាងរបស់ប្រជាជនយូដា និងចិត្តក្រអឺតក្រទមរបស់អ្នកក្រុងយេរូសាឡឹមបានដូចក្រណាត់ដែលពុក​នោះដែរ។ ប្រជាជននេះអាក្រក់ណាស់ ពួកគេមិនព្រមស្តាប់ពាក្យយើងទេ គឺគេធ្វើតាមចិត្តចចេសរឹងរូសរបស់ខ្លួន ដោយរត់តាមព្រះដទៃ ហើយនាំគ្នាគោរព និងក្រាបថ្វាយបង្គំព្រះទាំងនោះ។ សូមឱ្យពួកគេបានដូចក្រណាត់នេះដែលយកទៅប្រើការលែងកើត!។ មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រាអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឱ្យ​ពួកគេធ្វើជាប្រជាជនរបស់យើងជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្តាប់យើងសោះ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

ទំនុកតម្កើងធម្មវិន័យទី ២,៣២,៦.១៩-២១ បទពាក្យ ៧

៦ ជនលេលាឥតប្រាជ្ញាអើយ ម្តេចធ្វើរំភើយមិនគិតសង  
  គុណព្រះអង្គថ្លៃពេកកន្លង តោងគិតផ្គូផ្គងនឹកគយគន់ ។
  ព្រះអង្គនេះហើយជាឪពុក បង្កើតអ្នកមកឱ្យរស់រាន  
  ព្រមទាំងរំដោះលែងឱ្យទន់ ជាប្រជាជនថ្លៃគ្រប់ប្រាណ ។
១៩ ព្រះអម្ចាស់ទតឃើញដូច្នេះ ទ្រង់ព្រះតម្រិះខំទប់អត់  
  ទ្រាំមិនបានខ្ញាល់ឡើងញ័រមាត់ ដេញកម្ចាយអស់ឥតមានសល់ ។
២០ ព្រះអង្គមានព្រះបន្ទូលថា យើងលែងការពារទាំងលែងខ្វល់  
  យើងចាំមើលគេនឹងរចល់ កើតទុកអំពល់ឬយ៉ាងណា ។
  ពួកនេះមានចិត្តមិនស្មោះត្រង់ វៀចវេរខ្វេរខ្វង់ឥតឧបមា  
  ទុកចិត្តមិនបានគ្មានខ្លឹមសារ កូនឥតបានការសែនចង្រៃ ។
២១ គេមើលងាយយើងទៅគោរព បម្រើសព្វគ្រប់ព្រះក្លែងក្លាយ  
  ឆ្លាក់រូបធ្វើព្រះមកកៀកកាយ ទុកបង្គំថ្វាយលុតឱនក្រាប ។
  ដូច្នេះយើងនឹងមើលងាយគេ ឥតមានរារេវាយស្រប៉ាប  
  ឱ្យគេដួលដេករេលរាក់រាប ដោយប្រើពួកទាបទៅវាយជួស ។
  ប្រើអ្នកល្ងង់ខ្លៅវាយកម្ទេច ចាប់វាយចាប់ញេចស្លាប់របួស  
  ដាក់ទោសឱ្យធ្ងន់ឥតស្រណោះ ធ្វើបាបទាំងអស់ឥតប្រណី ។

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (យក១,១៨)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់​ ព្រះអង្គប្រទានជីវិតឱ្យយើងខ្ញុំ ដោយសារព្រះបន្ទូលនៃសេចក្តីពិត។ ព្រះអង្គត្រាស់ហៅយើងខ្ញុំមុនសត្វលោកទាំងឡាយដែលព្រះអង្គបង្កើតមក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៣,៣១-៣៤) 

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតទៅកាន់បណ្តាជនថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាគ្រាប់ពូជម្យ៉ាងដ៏ល្អិត ដែលបុរសម្នាក់យកទៅដាំក្នុងចម្ការរបស់ខ្លួន។ គ្រាប់ពូជនោះតូចជាងគ្រាប់​ពូជទាំងអស់ ប៉ុន្តែ ពេលដុះឡើង វាធំ​ជាងដំណាំឯទៀតៗ គឺទៅជាដើមឈើមួយយ៉ាងធំ ហើយបក្សាបក្សីមកធ្វើសំបុកស្នាក់អាស្រ័យនៅតាមមែករបស់វា»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាមួយទៀតថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាមេនំប័ុង ដែលស្រ្តីម្នាក់យកទៅលាយនឹងម្សៅពីរតៅ ធ្វើឱ្យម្សៅនោះដោរឡើង»។ ព្រះយេស៊ូមានព្រះបន្ទូលអំពីសេចក្តីទាំងនេះទៅកាន់មហាជនសុទ្ធតែជាពាក្យប្រស្នា​ទាំងអស់ គឺព្រះអង្គមិនដែលមានព្រះបន្ទូលទៅគេដោយឥតប្រើពាក្យប្រស្នាឡើយ ដើម្បីឱ្យស្របនឹងសេចក្តីដែលមានចែងទុកដោយសារព្យាការីថា “យើងនឹងនិយាយ​ទៅគេជាពាក្យប្រស្នា យើងនឹងប្រកាសសេចក្តីលាក់កំបាំងតាំងពីដើមកំណើតពិភពលោកមកឱ្យគេដឹង”។