៣០ ឧសភា ២០២៦

Written on 16/12/2025
Sokhorn Oem

ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី០៨ ឆ្នាំ«គូ» 
ពណ៌បៃតង 

សូមថ្លែងលិខិតរបស់គ្រីស្តទូតយូដា (យដ ១៧.២០-២៥)

បងប្អូនជាទីស្រឡាញ់!
ចូរនឹកចាំសេចក្តីប្រៀនប្រដៅដែលក្រុមគ្រីស្តទូតរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង បានប្រាប់បងប្អូនកាលពីមុន។ ចូរកសាងគ្នាទៅវិញទៅមកលើជំនឿដ៏វិសុទ្ធបំផុតរបស់បងប្អូន ចូរអធិដ្ឋានតាមព្រះវិញ្ញាណដ៏វិសុទ្ធ។ ចូរសិ្ថតនៅជាប់នឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដើម្បីទទួលជីវិតអស់កល្បជានិច្ចផង។ ត្រូវមេត្តាករុណាដល់បងប្អូនណាដែលមានចិត្តស្ទាក់ស្ទើរ ត្រូវសង្គ្រោះគេដោយអូសទាញគេឱ្យរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្តាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេក៏សៅហ្មងដែរ កុំប៉ះពាល់ឱ្យសោះ។
ព្រះជាម្ចាស់អាចការពារបងប្អូនមិនឱ្យមានកំហុស ព្រមទាំងឱ្យឈរឥតសៅហ្មង និងមានអំណរសប្បាយ នៅចំពោះមុខសិរីរុងរឿងរបស់ព្រះអង្គផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គទេដែលជាព្រះសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿងបារមីឧត្តុង្គឧត្តម ព្រះចេស្តា និងអំណាចដែលទ្រង់មានតាំងពីមុនកាលសម័យទាំងអស់ ទ្រង់ក៏មាននៅពេល​នេះ និងអស់កល្បតរៀងទៅ។ អាម៉ែន!

ទំនុកតម្កើងលេខ ៦៣ (៦២),២-៦ បទកាកគតិ

២ បពិត្រព្រះម្ចាស់ ទ្រង់ពិតជាព្រះ នៃទូលបង្គំ
  ខ្ញុំខំស្វែងរក មិននៅសំងំ តាំងពីព្រលឹម
    ស្វះស្វែងដើររក ។
  ទូលបង្គំស្រេកឃ្លាន ព្រះប្រាជ្ញាញាណ អាល័យនឹកភ្នក
  ដូចដីប្រេះបែក គ្មានភ្លៀងធ្លាក់មក ខ្ញុំដើរកាត់ជ្រក
    គ្រប់ទីទិសា ។
៣ សូមឱ្យរូបខ្ញុំ បានឃើញព្រះអង្គ ក្នុងទីសក្ការ
  ទូលបង្គំចង់ឃើញ បារមីឫទ្ធា អំណាចចេស្តា
    របស់ព្រះអង្គ ។
៤ ព្រះទ័យមេត្តា សន្តោសករុណា ប្រសើរឥតហ្មង
  ទូលបង្គំនឹងពោល សរសើរតម្កើង សិរីរុងរឿង
    ព្រះម្ចាស់មានឫទ្ធិ ។
៥ ទូលបង្គំសូមថ្លែង អំណរក្រៃលែង អស់មួយជីវិត
  ទូលបង្គំលើកដៃ បង្គំថ្វាយថ្វាត់ ព្រះនាមវិសុទ្ធ
    ព្រះអង្គតែមួយ ។
៦ ខ្ញុំនឹងសប្បាយ ឥតមានខ្វល់ខ្វាយ ព្រោះមានព្រះជួយ
  បានសុខរមនា គ្មានភ័យគ្មានព្រួយ ព្រះម្ចាស់តែមួយ
    ខ្ញុំច្រៀងតម្កើង ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (៤,១២)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមហិទ្ធិឫទ្ធិ។ ព្រះបន្ទូលនេះ ចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១១,២៧-៣៣)

នៅគ្រានោះ ព្រះយេស៊ូយាងចូលទៅក្រុងយេរូសាឡឹមជាមួយក្រុមសាវ័កម្តងទៀត។ កាលព្រះអង្គកំពុងតែយាងចុះយាងឡើងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ បូជាចារ្យ និងពួកធម្មាចារ្យនាំគ្នាមកជួបព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះ ដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឱ្យលោកអាចធ្វើការ​ទាំងនេះបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរ អស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើ​​អំណាចអ្វី។ សូមឆ្លើយប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឱ្យមកធ្វើពិធី​ជ្រមុជទឹក? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា ព្រះ​ជាម្ចាស់បានចាត់លោកយ៉ូហានឱ្យមក គាត់មុខជានឹងសួរយើងថា ហេតុអ្វីបានជា​អ្នករាល់គ្នាមិនជឿលោកយ៉ូហាន? ផ្ទុយទៅវិញ បើយើងឆ្លើយថា មនុស្សបានចាត់​លោកឱ្យមក (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការីពិតប្រាកដមែន)។ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ « រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំ​ធ្វើ​ការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។