ថ្ងៃពុធ រដូវធម្មតា អាទិត្យទី០៨ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតសិលា (១សល ១,១៨-២៥)
បងប្អូនជាទីស្រឡាញ់!
បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានលោះបងប្អូនឱ្យរួចពីរបៀបរស់នៅដ៏ឥតន័យ ដែលជាដំណែលតពីបុព្វបុរសរបស់បងប្អូន មិនមែនដោយសារអ្វីៗដែលរមែងតែងតែរលាយសាបសូន្យ ដូចជាមាសឬប្រាក់ទេ គឺដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ត ដែលប្រៀបបាននឹងកូនចៀមដ៏ល្អឥតខ្ចោះ ឥតស្លាកស្នាម។ ព្រះជាម្ចាស់បានជ្រើសតាំងព្រះគ្រីស្តមុនកំណើតពិភពលោកទៅទៀត ហើយបានបង្ហាញព្រះអង្គឱ្យមនុស្សលោកឃើញ នៅគ្រាចុងក្រោយនេះ ព្រោះតែបងប្អូន។ ដោយសារព្រះគ្រីស្ត បងប្អូនជឿលើព្រះជាម្ចាស់ ដែលបានប្រោសព្រះអង្គឱ្យទទួលព្រះជន្មថ្មីដ៏រុងរឿង ហើយប្រទានសិរីរុងរឿងមកព្រះអង្គ ដើម្បីឱ្យបងប្អូនមានជំនឿ និងមានសង្ឃឹមលើព្រះជាម្ចាស់។ បងប្អូនបានជម្រះព្រលឹងឱ្យបានបរិសុទ្ធ ដោយស្តាប់តាមសេចក្តីពិត ដើម្បីឱ្យបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកឱ្យអស់ពីដួងចិត្ត!។ ព្រះជាម្ចាស់បានប្រោសបងប្អូនឱ្យកើតជាថ្មី មិនមែនដោយពូជដែលតែងតែរលួយទេ គឺដោយពូជមិនចេះរលួយ។ ពូជនេះគឺព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះបន្ទូលនេះផ្តល់ជីវិត ហើយនៅស្ថិតស្ថេរជាដរាប ដ្បិតមនុស្សគ្រប់ៗរូបប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ។ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះបន្ទូលនេះគឺជាដំណឹងល្អ ដែលគេបាននាំយកមកជូនបងប្អូន។
ទំនុកតម្កើងលេខ ១៤៧,១២-១៥,១៩-២០ បទព្រហ្មគិត
| ១២ | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
| ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
| ១៣ | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
| ទ្រង់ឱ្យពរដល់រាស្ត្រ | ដែលរស់ពាសពេញទីក្រុង | ។ | |
| ១៤ | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
| សន្តិភាពគ្រប់ជ្រោយជ្រុង | ស្រូវបម្រុងច្រើនមហិមា | ។ | |
| ១៥ | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រិយ៍ទ្រង់បញ្ជា | |
| ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
| ១៩ | ព្រះអង្គបានសម្តែង | ការជាក់ស្តែងឱ្យគេស្គាល់ | |
| ពូជយ៉ាកុបមិនខ្វល់ | ពីបន្ទូលរបស់ទ្រង់ | ។ | |
| ព្រះអង្គប្រទានក្រឹត្យ | វិន័យពិតមិនបង្អង់ | ||
| ព្រះបញ្ជាផ្សេងផង | ឱ្យជាតិអ៊ីស្រាអែលដឹង | ។ | |
| ២០ | ព្រះម្ចាស់ពុំបានប្រោស | ការទាំងអស់ជាដំណឹង | |
| ឱ្យជាតិសាសន៍ផ្សេងដឹង | ស្គាល់វិន័យព្រះអង្គឡើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មក ១០,៤៥)
អាលេលូយ៉ា! អាលេលូយ៉ា!
បុត្រមនុស្សមកក្នុងពិភពលោកនេះដើម្បីបម្រើគេ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១០,៣២-៤៥)
នៅគ្រានោះ ព្រះយេស៊ូយាងឡើងទៅក្រុងយេរូសាឡឹមជាមួយក្រុមសាវ័ក។ ព្រះអង្គយាងនាំមុខគេ ក្រុមសាវ័កភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ ព្រះយេស៊ូនាំក្រុមសាវ័កទាំងដប់ពីរនាក់មកជាមួយព្រះអង្គសាជាថ្មី រួចមានព្រះបន្ទូលអំពីហេតុការណ៍ដែលនឹងកើតមានដល់ព្រះអង្គថា៖ «ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម។ បុត្រមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃពួកនាយកបូជាចារ្យ និងពួកធម្មាចារ្យ។ គេនឹងកាត់ទោសប្រហារជីវិតលោក គេនឹងបញ្ជូនលោកទៅក្នុងកណ្តាប់ដៃរបស់សាសន៍ដទៃ ពួកនោះនឹងចំអកឱ្យលោក ព្រមទាំងស្តោះទឹកមាត់ដាក់លោក។ គេនឹងវាយធ្វើបាបលោក រួចសម្លាប់លោកទៀតផង ប៉ុន្តែ បីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ បន្ទាប់មក លោកយ៉ាកុប និងលោកយ៉ូហានជាកូនលោកសេបេដេ ចូលមកគាល់ព្រះយេស៊ូទូលថា៖ «ព្រះគ្រូ ! សូមលោកមេត្តាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។ ព្រះយេស៊ូមានព្រះបន្ទូលសួរគេថា៖ «តើអ្នកទាំងពីរចង់ឱ្យខ្ញុំធ្វើអ្វី?»។ គេទូលព្រះអង្គថា៖ «ពេលព្រះគ្រូគ្រងរាជ្យប្រកបដោយសិរីរុងរឿង សូមប្រទានឱ្យយើងខ្ញុំបានអង្គុយអមព្រះគ្រូផង គឺម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកទាំងពីរមិនដឹងថា ខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ? អ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានឬទេ»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន ចំពោះឯរឿងដែលអ្នកចង់អង្គុយនៅខាងស្តាំ និងខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចបានឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអ្នកដែលព្រះជាម្ចាស់បានសម្រេចឱ្យប៉ុណ្ណោះ»។ ពេលសាវ័កទាំងដប់នាក់ទៀតឮដូច្នេះ ពួកគេទាស់ចិត្តនឹងលោកយ៉ាកុប និងលោកយ៉ូហានជាខ្លាំង។ ព្រះយេស៊ូត្រាស់ហៅក្រុមសាវ័កទាំងអស់មក ហើយមានព្រះបន្ទូលថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងតែជិះជាន់ប្រជារាស្ត្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ត្រ។ ក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នេះទេ។ ផ្ទុយទៅវិញ បើមានម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវឱ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។ ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាទាសកររបស់គេគ្រប់គ្នាសិន ដ្បិតបុត្រមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីឱ្យគេបម្រើលោកទេ គឺលោកមកបម្រើគេវិញ ព្រមទាំងបូជាជីវិតដើម្បីលោះមនុស្សទាំងអស់ផង »។

