ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី០៨ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងលិខិតរបស់គ្រីស្តទូតយូដា (យដ ១៧.២០-២៥)
បងប្អូនជាទីស្រឡាញ់!
ចូរនឹកចាំសេចក្តីប្រៀនប្រដៅដែលក្រុមគ្រីស្តទូតរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង បានប្រាប់បងប្អូនកាលពីមុន។ ចូរកសាងគ្នាទៅវិញទៅមកលើជំនឿដ៏វិសុទ្ធបំផុតរបស់បងប្អូន ចូរអធិដ្ឋានតាមព្រះវិញ្ញាណដ៏វិសុទ្ធ។ ចូរសិ្ថតនៅជាប់នឹងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ទាំងទន្ទឹងរង់ចាំព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដើម្បីទទួលជីវិតអស់កល្បជានិច្ចផង។ ត្រូវមេត្តាករុណាដល់បងប្អូនណាដែលមានចិត្តស្ទាក់ស្ទើរ ត្រូវសង្គ្រោះគេដោយអូសទាញគេឱ្យរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្តាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេក៏សៅហ្មងដែរ កុំប៉ះពាល់ឱ្យសោះ។
ព្រះជាម្ចាស់អាចការពារបងប្អូនមិនឱ្យមានកំហុស ព្រមទាំងឱ្យឈរឥតសៅហ្មង និងមានអំណរសប្បាយ នៅចំពោះមុខសិរីរុងរឿងរបស់ព្រះអង្គផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គទេដែលជាព្រះសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿងបារមីឧត្តុង្គឧត្តម ព្រះចេស្តា និងអំណាចដែលទ្រង់មានតាំងពីមុនកាលសម័យទាំងអស់ ទ្រង់ក៏មាននៅពេលនេះ និងអស់កល្បតរៀងទៅ។ អាម៉ែន!
ទំនុកតម្កើងលេខ ៦៣ (៦២),២-៦ បទកាកគតិ
| ២ | បពិត្រព្រះម្ចាស់ | ទ្រង់ពិតជាព្រះ | នៃទូលបង្គំ |
| ខ្ញុំខំស្វែងរក | មិននៅសំងំ | តាំងពីព្រលឹម | |
| ស្វះស្វែងដើររក | ។ | ||
| ទូលបង្គំស្រេកឃ្លាន | ព្រះប្រាជ្ញាញាណ | អាល័យនឹកភ្នក | |
| ដូចដីប្រេះបែក | គ្មានភ្លៀងធ្លាក់មក | ខ្ញុំដើរកាត់ជ្រក | |
| គ្រប់ទីទិសា | ។ | ||
| ៣ | សូមឱ្យរូបខ្ញុំ | បានឃើញព្រះអង្គ | ក្នុងទីសក្ការ |
| ទូលបង្គំចង់ឃើញ | បារមីឫទ្ធា | អំណាចចេស្តា | |
| របស់ព្រះអង្គ | ។ | ||
| ៤ | ព្រះទ័យមេត្តា | សន្តោសករុណា | ប្រសើរឥតហ្មង |
| ទូលបង្គំនឹងពោល | សរសើរតម្កើង | សិរីរុងរឿង | |
| ព្រះម្ចាស់មានឫទ្ធិ | ។ | ||
| ៥ | ទូលបង្គំសូមថ្លែង | អំណរក្រៃលែង | អស់មួយជីវិត |
| ទូលបង្គំលើកដៃ | បង្គំថ្វាយថ្វាត់ | ព្រះនាមវិសុទ្ធ | |
| ព្រះអង្គតែមួយ | ។ | ||
| ៦ | ខ្ញុំនឹងសប្បាយ | ឥតមានខ្វល់ខ្វាយ | ព្រោះមានព្រះជួយ |
| បានសុខរមនា | គ្មានភ័យគ្មានព្រួយ | ព្រះម្ចាស់តែមួយ | |
| ខ្ញុំច្រៀងតម្កើង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (៤,១២)
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមហិទ្ធិឫទ្ធិ។ ព្រះបន្ទូលនេះ ចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១១,២៧-៣៣)
នៅគ្រានោះ ព្រះយេស៊ូយាងចូលទៅក្រុងយេរូសាឡឹមជាមួយក្រុមសាវ័កម្តងទៀត។ កាលព្រះអង្គកំពុងតែយាងចុះយាងឡើងក្នុងព្រះវិហារ ពួកនាយកបូជាចារ្យ បូជាចារ្យ និងពួកធម្មាចារ្យនាំគ្នាមកជួបព្រះអង្គ។ គេទូលសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះ ដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឱ្យលោកអាចធ្វើការទាំងនេះបាន?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរ អស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ សូមឆ្លើយប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឱ្យមកធ្វើពិធីជ្រមុជទឹក? ព្រះជាម្ចាស់ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា ព្រះជាម្ចាស់បានចាត់លោកយ៉ូហានឱ្យមក គាត់មុខជានឹងសួរយើងថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន? ផ្ទុយទៅវិញ បើយើងឆ្លើយថា មនុស្សបានចាត់លោកឱ្យមក (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការីពិតប្រាកដមែន)។ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ « រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។

