២៩ ឧសភា ២០២៦

Written on 16/12/2025
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី០៨ ឆ្នាំ«គូ»
  ពណ៌បៃតង  

សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតសិលា (១ សល ៤,៧-១៣)

បងប្អូនជាទីស្រឡាញ់!
អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះត្រូវគិត​ឱ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឱ្យអធិដ្ឋានកើត។ ជាបឋមត្រូវមានចិត្ត​ស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ដ្បិតសេចក្តីស្រឡាញ់រមែងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់។ ត្រូវចេះទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឥតរអ៊ូរទាំឡើយ។ បងប្អូនម្នាក់ៗបានទទួលព្រះអំណោយទានផ្សេងៗពីគ្នាហើយ ដូច្នេះ ចូរយកព្រះ​អំណោយទាន ទាំងនេះទៅបម្រើអ្នកឯទៀតៗ ឱ្យសមនឹងនាទីរបស់បងប្អូនជាអ្នកចាត់​ចែងដ៏ល្អ ដែលចែកព្រះអំណោយទានគ្រប់បែបយ៉ាងរបស់ព្រះជាម្ចាស់។ បើអ្នកណា​ប្រកាសព្រះបន្ទូល​ត្រូវប្រកាសឱ្យស្របតាមព្រះបន្ទូលរបស់់ព្រះជាម្ចាស់។ បើអ្នកណា​បម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ប្រទានឱ្យ ដើម្បីលើកតម្កើងសិរីរុងរឿង​របស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការទាំងអស់ ដោយសារព្រះយេស៊ូ​គ្រីស្ត។ សូមលើក​តម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។ បងប្អូនជាទីស្រឡាញ់អើយ! ចំពោះទុក្ខលំបាកដ៏ខ្លាំងដែលកើតមានដើម្បីលត់ដំបងប្អូននោះ សូមកុំងឿងឆ្ងល់ដោយគិតថា ជាព្រឹត្តិការណ៍អ្វីមួយដ៏ចម្លែកឡើយ។ ផ្ទុយ​ទៅវិញ ចូរមានចិត្តរីករាយឡើង ព្រោះបងប្អូនរងទុក្ខលំបាកផ្សេងៗរួមជាមួយព្រះ​គ្រីស្ត។ បងប្អូនមុខជាមានអំណរសប្បាយយ៉ាងខ្លាំង នៅពេលព្រះអង្គបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។

ទំនុកតម្កើងលេខ ៩៦ (៩៥),១០-១៣ បទព្រហ្មគីតិ

១០ ចូរទៅប្រកាសប្រាប់ ឱ្យគេស្តាប់ឮចាំជាក់  
  ថាព្រះជាម្ចាស់អ្នក ថែគ្រប់គ្រងនិងសោយរាជ្យ
  ផែនដីនៅរឹងមាំ ឥតប្រេះស្រាំឬជ្រាយពៀច  
  ព្រះអម្ចាស់សោយរាជ្យ ដោយអំណាចយុតិ្តធម៌
១១ សូមឱ្យអស់ផ្ទៃមេឃ ផែនដីស្រែកសប្បាយខ្ទ័រ  
  សមុទ្រមានអំណរ ឮសម្លេងលាន់គគ្រឹម
១២ ចូរឱ្យស្រែចម្ការ អ្វីសព្វសារអរញញឹម  
  ឱ្យដើមឈើរេរាំ លោតទន្ទ្រាំមុខព្រះម្ចាស់
១៣ ដ្បិតព្រះអង្គយាងមក វិនិច្ឆ័យរកយុត្តិធម៌ណាស់  
  កាត់ក្តីរាស្ត្រទាំងអស់ ដោយស្ម័គ្រស្មោះសុចរិត
 

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ១,២-៣)

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកចូលចិត្តធម្មវិន័យរបស់ព្រះអម្ចាស់ ពិតជាមានសុភមង្គលហើយ! អ្នកនោះបង្កើតផលតាមរដូវកាល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ១១,១១-២៦)

ព្រះយេស៊ូយាងដល់ក្រុងយេរូសាឡឹម ព្រះអង្គយាងចូលក្នុងព្រះវិហារ។ ក្រោយពី​បានទតមើលសព្វគ្រប់អស់ហើយ ព្រះអង្គយាងទៅភូមិបេតថានីជាមួយសាវ័កទាំងដប់ពីរ​នាក់ ដ្បិតល្ងាចណាស់ហើយ។ នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេតថានី ពេលនោះព្រះអង្គឃ្លាន។ ព្រះអង្គ​ទតឃើញស្វាយមួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ទ្រង់ក៏យាងតម្រង់ទៅក្រែងលោ​មានផ្លែ។ ពេលព្រះអង្គយាងទៅជិត ទ្រង់ទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវស្វាយផ្លែនៅឡើយទេ។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមស្វាយនោះថា៖ «ចាប់ពីពេលនេះតទៅ គ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ក្រុមសាវ័កបានឮព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយក្រុមសាវ័ក ព្រះអង្គយាងចូលក្នុង​ព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្តួលតុពួកអ្នកប្តូរប្រាក់ ផ្តួលកៅអី​របស់អ្នកលក់ព្រាប។ ព្រះអង្គមិនឱ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារឡើយ។ ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា ដំណាក់របស់យើង​ត្រូវធ្វើជាដំណាក់សម្រាប់ឱ្យជាតិសាសន៍ទាំងឡាយអធិដ្ឋាន តែអ្នករាល់គ្នាបែរជា​យកធ្វើសំបុកចោរទៅវិញ»។ កាលពួកនាយកបូជាចារ្យ និងពួកធម្មាចារ្យដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្តែគេខ្លាចព្រះអង្គ ដ្បិតបណ្តាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្តីដែលព្រះអង្គបង្រៀននោះ។ លុះដល់ល្ងាច ព្រះយេស៊ូយាងចេញពីទីក្រុង​ជាមួយក្រុមសាវ័ក។ ព្រឹកឡើង ពេលធ្វើដំណើរតាមផ្លូវនោះ ក្រុមសាវ័កឃើញដើមស្វាយក្រៀមស្វិតរហូតដល់ឫស។ លោកសិលានឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ក៏ទូលព្រះអង្គថា៖ ​«ព្រះគ្រូ! សូមមើលដើមស្វាយដែលព្រះគ្រូបានដាក់បណ្តាសានោះ ក្រៀមស្វិតទៅ​ហើយ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ចូរមានជំនឿលើព្រះ​ជាម្ចាស់ចុះ!។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅ​កាន់ភ្នំនេះថា “ចូរចេញពីទីនេះ ទម្លាក់ខ្លួនក្នុងសមុទ្រទៅ!” ហើយបើអ្នកនោះជឿជាក់​ក្នុងចិត្តដោយឥតសង្ស័យថា ពាក្យរបស់ខ្លួននឹងបានសម្រេចនោះ ព្រះជាម្ចាស់នឹង​ប្រទានឱ្យបានសម្រេចតាមពាក្យគេមែន។ ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នក​រាល់គ្នាថា អ្វីក៏ដោយឱ្យតែអ្នករាល់គ្នាអង្វរសុំ ចូរជឿថា អ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានឱ្យអ្នករាល់គ្នាជាពុំខាន។ ម្យ៉ាងទៀត ពេលឈរអធិដ្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឱ្យគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ អត់ទោសឱ្យអ្នករាល់គ្នា ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​អត់‌ទោស​ឲ្យ​គេ​ទេ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរម‌សុខ* ក៏​មិន​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។