១៩ ធ្នូ ២០២៦

Written on 02/01/2026
Boy KANN

ថ្ងៃសុក្រ រដូវអបអរសាទរ អាទិត្យទី០៣
ពណ៌ស្វាយ

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥៦,១-៣.៦-៨

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរប្រព្រឹត្តតាមយុត្តិធម៌ និងកាន់សេចក្តីសុចរិត ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ យើងក៏នឹងសម្តែងសេចក្តីសុចរិតរបស់យើងឱ្យអ្នករាល់គ្នាឃើញដែរ។ មនុស្សណាក៏ដោយ ឱ្យតែប្រព្រឹត្តដូច្នេះ គឺគោរពថ្ងៃសប្ប័ទឱ្យបានត្រឹមត្រូវឥតខ្ចោះ ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ អ្នកនោះមុខជាបានសុភមង្គលមិនខាន។ ជនបរទេសដែលជាប់ចិត្តនឹងព្រះអម្ចាស់ មិនត្រូវពោលថា «ព្រះអម្ចាស់មុខជានឹងញែកខ្ញុំចេញពីប្រជារាស្ត្ររបស់ព្រះអង្គពុំខាន» ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា«បើជនបរទេសណាដែលជាប់ចិត្តនឹងយើង គោរពបម្រើយើង ស្រឡាញ់ព្រះនាមរបស់យើង សុខចិត្តបម្រើយើងទុកដូចម្ចាស់របស់ខ្លួន គោរពថ្ងៃសប្ប័ទឱ្យបានត្រឹមត្រូវឥតខ្ចោះ ហើយកាន់ខ្ជាប់តាមសម្ពន្ធមេត្រីរបស់យើង យើងនឹងនាំជនបរទេសទាំងនោះមកកាន់ភ្នំដ៏វិសុទ្ធរបស់យើង។ យើងនឹងធ្វើឱ្យគេសប្បាយរីករាយក្នុងដំណាក់របស់យើង ដែលជាកន្លែងសម្រាប់អធិដ្ឋាន។ យើងនឹងទទួលយញ្ញបូជា និងសក្ការបូជាដែលគេយកមកថ្វាយលើអាសនៈរបស់យើង ដ្បិតដំណាក់របស់យើងត្រូវគេហៅថា “ដំណាក់សម្រាប់ឱ្យប្រជាជនទាំងឡាយអធិដ្ឋាន”។ ព្រះអម្ចាស់ប្រមែប្រមូលជនជាតិអ៊ីស្រាអែលដែលត្រូវនិរទេសឱ្យមកជួបជុំគ្នា ព្រះអង្គមានព្រះបន្ទូលថា យើងនឹងប្រមូលអ្នកឯទៀតៗឱ្យ​មកជួបជុំជាមួយអ្នកដែលនៅជុំគ្នានេះថែមទៀត!»។

ទំនុកតម្កើងលេខ ៦៧ (៦៦), ២-៣.៥.៧-៨ បទពាក្យ ៧

ឱព្រះម្ចាស់អើយសូមមេត្តា សន្តោសករុណាដល់យើងខ្ញុំ  
  ប្រទានព្រះពរដ៏ឧត្តម ទតមើលយើងខ្ញុំដោយសប្បុរស
ដូច្នេះមនុស្សលើផែនដី ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់  
  ក្នុងចំណោមជនជាតិទាំងអស់ ស្គាល់ការសង្គ្រោះនៃព្រះអង្គ
ប្រជាទាំងឡាយនាំគ្នាច្រៀង បន្លឺសំនៀងដោយសប្បាយ  
  ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ ប្រជាទាំងឡាយមិនឆ្មៃឆ្មើង
ផែនដីបង្កើតនូវភោគផល មិនឱ្យយើងខ្វល់ពីអន្តរាយ  
  ព្រះម្ចាស់ជាព្រះយើងទាំងឡាយ ប្រទានពរឱ្យសុខគ្រប់គ្រា
សូមទ្រង់ប្រទានពរឱ្យយើង និងមនុស្សទាំងពួងគ្រប់អាត្មា  
  ទាំងអ្នករស់នៅឆ្ងាយផងណា មនុស្សលើលោកាខ្លាចព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះអម្ចាស់អើយ! សូមយាងមក! សូមប្រទានសេចក្តីសុខសាន្តឱ្យយើងខ្ញុំផង ! សូមប្រោសយើងខ្ញុំឱ្យស្ងប់ចិត្ត ដោយនៅជាមួយព្រះអង្គ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៥,៣៣-៣៦

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដាថា៖«អ្នករាល់គ្នាចាត់គេឱ្យទៅសួរលោកយ៉ូហាន លោកក៏បានផ្តល់សក្ខីភាពអំពីសេចក្តីពិត។ ចំពោះខ្ញុំ ខ្ញុំមិនត្រូវការសក្ខីភាពពីមនុស្សណាឡើយ តែខ្ញុំពោលដូច្នេះ ដើម្បីឱ្យអ្នករាល់គ្នាទទួលការសង្គ្រោះ។ លោកយ៉ូហាននេះប្រៀបបាននឹងចង្កៀងដែលកំពុងឆេះ ហើយអ្នករាល់គ្នាក៏ចង់រីករាយនឹងពន្លឺនោះមួយស្របក់ដែរ។ រីឯខ្ញុំវិញ ខ្ញុំមានសក្ខីភាពមួយប្រសើរជាងសក្ខីភាពរបស់លោកយ៉ូហានទៅទៀត។ ព្រះបិតាប្រទានឱ្យខ្ញុំបង្ហើយកិច្ចការទាំងអំបាល់ម៉ាន គឺកិច្ចការដែលខ្ញុំធ្វើនេះហើយ ជាសក្ខីភាពបញ្ជាក់ថា ព្រះអង្គបានចាត់ខ្ញុំឱ្យមកមែន»។