១៧ ធ្នូ ២០២៦

Written on 02/01/2026
Boy KANN

ថ្ងៃពុធ រដូវអបអរសាទរ អាទិត្យទី០៣
ពណ៌ស្វាយ

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៥,៦-៨.១៨.២១-២៥

“យើងជាព្រះអម្ចាស់! ក្រៅពីយើង គ្មានព្រះអម្ចាស់ណាទៀតទេ! យើងបង្កើតពន្លឺ និងភាពងងឹត យើងធ្វើឱ្យមនុស្សមានសេចក្តីសុខ និងទុក្ខវេទនា គឺយើងនេះហើយជាព្រះ អម្ចាស់ ដែលប្រព្រឹត្តការទាំងនេះ! ចូរឱ្យផ្ទៃមេឃសម្រក់សេចក្តីសុចរិតចុះមក ដូចទឹកសន្សើម ! ចូរឱ្យពពកបង្អុរសេចក្តីសុចរិតចុះមកដូចទឹកភ្លៀង! ចូរឱ្យផែនដីបើកចំហ ដើម្បីការសង្គ្រោះរីកចម្រើន និងឱ្យសេចក្តីសុចរិតពន្លកចេញមកជាមួយគ្នាផង! យើងជាព្រះអម្ចាស់ដែលបានបង្កើតការទាំងនេះ! ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ព្រមទាំង បានសូន្យផែនដី ព្រះអង្គបានពង្រឹងផែនដីឱ្យរឹងមាំ។ ព្រះអង្គមិនបង្កើតផែនដីមកដោយឥតរូបរាងទេ គឺព្រះអង្គបានបង្កើតផែនដីឱ្យសត្វលោកអាស្រ័យនៅ។ ព្រះអង្គ មានព្រះបន្ទូលថា៖«គឺយើងនេះហើយជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះអម្ចាស់ណាទៀតទេ ! យើងជាព្រះដ៏សុចរិតដែលសង្គ្រោះអ្នករាល់គ្នា ក្រៅពីយើងគ្មានព្រះសង្គ្រោះដ៏សុចរិតណាទៀតទេ! អស់អ្នកនៅទីដាច់ស្រយាលនៃផែនដីអើយ! ចូរនាំគ្នាបែរមករកយើង យើងនឹងសង្គ្រោះអ្នករាល់គ្នា ដ្បិតយើងជាព្រះជាម្ចាស់! ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទៀតទេ! យើងសុំប្រកាសយ៉ាងឱឡារិក ក្នុងនាមយើងផ្ទាល់ថា មនុស្សលោកទាំងអស់នឹងក្រាបថ្វាយបង្គំយើង ហើយមនុស្សគ្រប់ភាសានាំគ្នាសច្ចាថា នឹងគោរពបម្រើយើងដោយចិត្តស្មោះ»។ គេនឹងពោលថា៖«មានតែព្រះអម្ចាស់មួយព្រះអង្គទេ ដែលមានព្រះហឫទ័យសុចរិតដ៏ស្មោះត្រង់ និងមានឫទ្ធានុភាព!»។ រីឯអស់អ្នកដែលបានប្រឆាំងព្រះអង្គនឹងមករកព្រះអង្គទាំងអាម៉ាស់។ ពូជពង្សអ៊ីស្រាអែលទាំងមូលនឹងបានសុចរិត ហើយខ្ពស់មុខ ដោយសារព្រះអម្ចាស់។

ទំនុកតម្កើងលេខ ៨៥,៩-១៤ បទកាកគតិ

៩. យើងខ្ញុំត្រងត្រាប់ ត្រចៀកប្រុងស្តាប់ បន្ទូលព្រះអង្គ
  ទ្រង់នឹងប្រទាន សុខសាន្តគ្មានហ្មង លើរាស្ត្រទ្រង់ផង
    ដែលមិនលេលា ។  
១០. ក្នុងពេលឆាប់ៗ ទ្រង់នឹងប្រញាប់ ជួយយើងរាល់គ្នា
  ដល់អ្នកកោតខ្លាច ព្រះអង្គគ្រប់គ្រា សិរីមហិមា
    នៅលើដីយើង ។  
១១. ទ្រង់មានព្រះទ័យ សប្បុរសថ្លាថ្លៃ បារមីរុងរឿង
  ព្រះអង្គស្មោះស្ម័គ្រ ករុណាមិនឆ្មើង យុត្តិធម៌កើតឡើង
    នៅលើលោកីយ៍ ។  
១២. សេចក្តីទៀងត្រង់ ចាប់ដុះរហង់ ពាសពេញផែនដី
  សេចក្តីសុចរិត ក៏លាស់ជាថ្មី ពីសួគ៌ាល័យ
    ចុះជួយរក្សា ។  
១៣. ព្រះអម្ចាស់ផ្ទាល់ ប្រទានមង្គល ឱ្យយើងគ្រប់គ្នា
  ចំណែកផែនដី បង្កើតផលា ភោគផលផ្លែផ្កា
    សម្បូរមិនខ្វះ ។  
១៤. សេចក្តីសុចរិត យុត្តិធម៌ប្រណីត នៅមុខព្រះម្ចាស់
  សុខសាន្តតាមដាន រៀបផ្លូវថ្វាយព្រះ ឥតមានក្រឡះ
    សុខសាន្តរហូត ។  

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អស ៤០,៩-១០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកប្រកាសដំណឹងល្អអើយ! ចូរបន្លឺសម្លេងឡើង! ព្រះជាអម្ចាស់របស់យើង យាងមកប្រកបដោយឫទ្ធានុភាព!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៧,១៨-២៣

លោកយ៉ូហានបាទីស្តហៅសិស្សរបស់គាត់ពីរនាក់ ហើយចាត់គេឱ្យទៅទូលសួរព្រះអម្ចាស់ថា៖«តើលោកជាព្រះគ្រីស្តដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ អ្នកទាំងពីរទៅដល់ទូលព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្តចាត់ឱ្យយើងខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រីស្តដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំ ម្នាក់ផ្សេងទៀត?»។ នៅគ្រានោះព្រះយេស៊ូកំពុងប្រោសអ្នកជំងឺ និងមនុស្សពិការច្រើននាក់ឱ្យបានជា ព្រះអង្គបណ្តេញខ្មោចពីមនុស្សខ្មោចចូល ព្រមទាំងប្រោសមនុស្សខ្វាក់ច្រើននាក់ឱ្យមើលឃើញផង។ ព្រះអង្គមានព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖«ចូរអ្នកទៅជំរាបលោកយ៉ូហាន នូវហេតុការណ៍ដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់​ស្តាប់ឮ មនុស្សស្លាប់រស់ឡើងវិញ ហើយគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ អ្នកណាមិនរវាតចិត្ត ឃ្លាតចេញពីជំនឿព្រោះតែខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។