០៧ មករា

Written on 11/10/2026
Sokhorn Oem

៧ មករា សប្តាហ៍ក្រោយបុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល 

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រារបស់ព្រះអង្គប្រសូតជាមនុស្ស ដោយសារស្ត្រីព្រហ្មចារីម្នាក់។ ដោយព្រះបុត្រាបានប្រោសយើងខ្ញុំឱ្យចូលរួមក្នុងពិភពលោកថ្មីដែលទ្រង់បានបង្កើតមកនោះ សូមព្រះបុត្រារំដោះយើងខ្ញុំឱ្យរួចពីបាបនានាផង។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតយ៉ូហាន (១យហ ៥,១៤-២១)

មា្នលកូនចៅជាទីស្រឡាញ់! យើងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដោយដឹងថា ប្រសិនបើយើងទូលសុំអ្វីស្របតាមព្រះហឫទ័យរបស់ព្រះអង្គ នោះទ្រង់នឹងព្រះសណ្តាប់យើងជាមិនខាន។ បើយើងដឹងថា ព្រះអង្គទ្រង់ព្រះសណ្តាប់យើង ទោះបីយើង ទូលសុំអ្វីពីព្រះអង្គក៏ដោយ យើងដឹងថា យើងបានទទួលអ្វីៗដែលយើងទូលសុំនោះរួចហើយ។ ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនប្រព្រឹត្តអំពើបាបដែលមិនបណ្តាលឱ្យស្លាប់ ត្រូវតែទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គនឹងប្រទានជីវិតឱ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាបដែលមិនបណ្តោយឱ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្តាលឱ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឱ្យទូលអង្វរទេ។ អំពើទុច្ចរិតទាំងប៉ុន្មានសុទ្ធតែជាអំពើបាបទាំងអស់ ប៉ុន្តែ មានអំពើបាបខ្លះមិនបណ្តាលឱ្យស្លាប់ទេ។
យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ទ្រង់ការពារអ្នកនោះ ហើយមារកំណាចពុំអាចយាយីគេបានឡើយ។ យើងដឹងថា យើងកើតមកព្រះជាម្ចាស់ រីឯមនុស្សក្នុងលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់មារកំណាច។ យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទ្រង់ប្រទានប្រាជ្ញាឱ្យយើងស្គាល់ព្រះដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងព្រះដ៏ពិតប្រាកដ ដោយរួមក្នុងអង្គព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គហ្នឹងហើយដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ព្រះអង្គជាជីវិតអស់កល្បជានិច្ច។ កូនចៅអើយ! ចូរចៀសឱ្យផុតពីការគោរពព្រះក្លែងក្លាយ។

ទំនុកតម្កើងលេខ ១៤៩, ១-៦.៩ បទកាកគតិ

១ ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ ប្រសើរកន្លង
  ចូរច្រៀងតម្កើង ព្រះនាមព្រះអង្គ ក្នុងចំណោមផង
    អ្នកដែលជឿព្រះ ។
២ ចូរឱ្យជនជាតិ ស្រាអែលខ្មីឃ្មាត រីករាយទាំងអស់
  ដោយសារព្រះអង្គ បានបង្កើតមនុស្ស ទាំងស្រីទាំងប្រុស
    ពាសពេញផែនដី ។
  សូមប្រជាជន ក្នុងក្រុងស៊ីយ៉ូន អបអរប្រពៃ
  នឹងព្រះមហាក្សត្រ គ្រងលើផែនដី ជាស្តេចល្បាញល្បី
    របស់ផងខ្លួន ។
៣ សូមនាំគ្នារាំ ថ្វាយព្រះឧត្តម កុំវេះគេចពួន
  តម្កើងព្រះនាម ឱ្យបានសមសួន វាយក្រាប់ផ្ទួនៗ
    ទាំងដេញពិណថ្វាយ ។
៤ ដ្បិតព្រះអម្ចាស់ សព្វព្រះទ័យណាស់ នឹងរាស្ត្រទាំងឡាយ
  ទ្រង់តែងសង្គ្រោះ ដឹកនាំត្រួសត្រាយ ហើយតែងខ្វល់ខ្វាយ
    ជួយអ្នកទន់ទាប ។
៥ សូមឱ្យអស់អ្នក សង្ឃឹមជឿជាក់ លើព្រះដរាប
  នាំគ្នាសប្បាយ ប្រសើរលើសលប់ តម្កើងសាយសព្វ
    សិរីព្រះម្ចាស់ ។
  ទោះជាពេលយប់ ក៏គេមិនយល់ គេនៅប្រកាស
  ទាំងលើកតម្កើង សិរីព្រះម្ចាស់ ឱ្យបានខ្ពង់ខ្ពស់
    ទាំងអំណរផង ។
៦ សូមទាំងអស់គ្នា សរសើរគ្រប់គ្រា កុំបីរំលង
  មាត់ពោលពាក្យល្អ ដៃកាន់ដាវផង ទុក្ខសោកមួរហ្មង
    វិនាសខ្ចាត់ខ្ចាយ ។
៩ ឯការដាក់ទោស ជាតិសាសន៍ទាំងនោះ ត្រឹមត្រូវឥតប្រែ
  តាមការសម្រេច ព្រះមិនខុសទេ ពួកវាត្រូវតែ
    ទទួលទោសនោះ ។
  កិច្ចការទាំងអស់ សក្តិសមឥតខ្ចោះ គឺជាកិត្តិយស
  ដ៏សែនរុងរឿង ដល់អ្នកទាំងអស់ ដែលជឿលើព្រះ
    មិនសាបសូន្យឡើយ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១៩,៧.៩

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាអរសប្បាយឡើង ដ្បិតព្រះជាម្ចាស់ចងសម្ព័ន្ធមេត្រីថ្មី! អស់អ្នកដែលចូលរួមក្នុងពិធីជប់លៀងមង្គលការរបស់កូនចៀម ពិតជាមានសុភមង្គល!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ២,១-១២)

នៅគ្រានោះ មានគេរៀបពិធីមង្គលការនៅភូមិកាណាក្នុងស្រុកកាលីឡេ មាតាព្រះយេស៊ូនៅទីនោះ ហើយគេក៏យាងព្រះយេស៊ូ និងអញ្ជើញក្រុមសាវ័ករបស់ព្រះអង្គទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។ ពេលនោះគេខ្វះស្រាទំពាំងបាយជូរ។ មាតាព្រះយេស៊ូទូលព្រះអង្គថា៖«គេអស់ស្រាទំពាំងបាយជូរហើយ!។ ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖«អ្នកអើយ! កុំរវល់នឹងរឿងនេះអី! ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ មាតារបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖«អ្វីៗដែលលោកប្រាប់ឱ្យធ្វើចូរធ្វើចុះ!»។ នៅទីនោះ មានពាងប្រាំមួយដែលជនជាតិយូដាដាក់ទឹកសម្រាប់ធ្វើពិធីជម្រះកាយ។ ពាងនីមួយៗមានចំណុះប្រមាណជាពីរ ឬបីអម្រែក។ ព្រះយេស៊ូមានព្រះបន្ទូលទៅអ្នកបម្រើថា៖«សុំដងទឹកមកចាក់ឱ្យពេញពាងទាំងនេះទៅ»។ គេក៏ដងទឹកចាក់ពេញពាង។ ព្រះអង្គមានព្រះបន្ទូលថា៖«ឥឡូវនេះ សុំដងយកទៅជូនលោកចៅមហាទៅ»។ គេក៏ដងយកទៅជូនលោកចៅមហាភ្លក់ទឹកដែលបានប្រែមកជាស្រាទំពាំងបាយជូរ។ គាត់មិនដឹងថា គេបានស្រានេះមកពីណាទេ មានតែពួកអ្នកបម្រើដែលបានដងទឹកមកចាក់ពាងទើបដឹង។ គាត់ហៅកូនកំលោះមកនិយាយថា៖«អ្នកផងទាំងពួងតែងយកស្រាទំពាំងបាយជូរឆ្ងាញ់មកជូនភ្ញៀវជាមុន។ លុះភ្ញៀវពិសារច្រើនហើយ ទើបគេយកស្រាមិនសូវឆ្ងាញ់មកជូនតាមក្រោយ។ រីឯអ្នកវិញ ម្តេចក៏ទុកស្រាឆ្ងាញ់មកទល់ឥឡូវដូច្នេះ!»។
នេះជាសញ្ញាសម្គាល់ដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណាក្នុងស្រុកកាលីឡេ។ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ហើយក្រុមសាវ័កក៏បានជឿលើព្រះអង្គ។ បន្ទាប់មក ព្រះអង្គយាងចុះទៅភូមិកាផានុមជាមួយមាតាព្រមទាំងបងប្អូន និងសាវ័ករបស់ ព្រះអង្គ ហើយស្នាក់នៅទីនោះមួយរយៈពេលដ៏ខ្លី។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។ ដោយយើងខ្ញុំចូលរួមជាមួយព្រះយេស៊ូក្នុងអភិបូជានេះ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ តាមជំនឿរបស់យើងខ្ញុំផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលយើងខ្ញុំទទួលព្រះកាយព្រះគ្រីស្ត ព្រះអង្គយាងមករកយើងខ្ញុំ។ មានតែព្រះអង្គទេដែលអាចរៀបចំចិត្តគំនិតយើងខ្ញុំឱ្យទទួលព្រះកាយព្រះគ្រីស្តយ៉ាងសមសួនបាន។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យបានទៀងត្រង់ ដើម្បីឱ្យយើងខ្ញុំរស់នៅយ៉ាងសក្តិសមនឹងព្រះកាយដែលយើងខ្ញុំបានទទួលនៅពេលនេះផង។

ពាក្យអធិដ្ឋានពេលចេញ

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅជានិច្ច! ព្រះអង្គបានប្រោសឱ្យមនុស្សគ្រប់ជាតិគ្រប់សាសន៍ស្គាល់ព្រះសង្គ្រោះដែលទើបនឹងប្រសូតមក។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យធ្វើជាសក្សីបញ្ជាក់ថា ព្រះអង្គពិតជាបានរំដោះយើងខ្ញុំមែន។