២២ ឆ្នូ ២០២៥

Written on 27/10/2026
Sokhorn Oem

២២ ធ្នូ សប្តាហ៍មុនបុណ្យព្រះយេស៊ូប្រសូត
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា!។ ព្រះអង្គមិនសព្វព្រះហឫទ័យបណ្តោយមនុស្សលោកឱ្យវិនាសអន្តរាយឡើយ គឺទ្រង់សព្វព្រះហឫទ័យឱ្យមនុស្សមានជីវិត ដោយសារព្រះបុត្រាតែមួយរបស់ព្រះអង្គវិញ។ សូមទ្រង់ព្រះមេត្តាប្រោសអស់អ្នកដែលគោរពថ្វាយបង្គំព្រះបុត្រាដែលប្រសូត្រជាមនុស្ស ឱ្យទទួលជីវិតថ្មីពីព្រះអង្គផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរសាមូអែលទី១ (១សម ១,២៤-២៨)

កាលនាងហាណ្ហាផ្តាច់ដោះសាមូអែលជាកូនគាត់ ហើយនាងនាំកូន​ទៅព្រះដំណាក់​របស់​​​ព្រះអម្ចាស់នៅភូមិស៊ីឡូ។ នាងយកគោឈ្មោលស្ទាវមួយអាយុបីខួប យកម្សៅ​មួយ​ថាំង និងស្រាទំពាំងបាយជូរមួយឪទិនទៅជាមួយផង។ គេសម្លាប់គោធ្វើជាយញ្ញបូជា​ថ្វាយ​ព្រះអម្ចាស់ ហើយនាំកុមារសាមូអែលទៅជួបលោកបូជាចារ្យអេលី។ នាងហាណ្ហា​ប្រាប់​លោកអេលីថា៖ «លោកម្ចាស់! នាងខ្ញុំជាស្ត្រីដែលបានអង្វរព្រះអម្ចាស់កាលពីមុននៅទីនេះ ជិតលោក។ នេះជាការពិត ដូចលោកម្ចាស់មានជីវិតនៅសព្វថ្ងៃដែរ។ នាងខ្ញុំបានអង្វរ​ព្រះអម្ចាស់សូមឱ្យមានកូន ព្រះអង្គក៏បានប្រោសប្រទានតាមពាក្យអង្វររបស់នាងខ្ញុំដែរ។ ឥឡូវនេះ នាងខ្ញុំយកកូនមកថ្វាយព្រះអម្ចាស់។ កូននេះនឹងបម្រើព្រះអង្គអស់មួយជីវិត»។ បន្ទាប់មកគេនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់។ ពេលនោះនាងហាណ្ហាស្មូតបទលើកតម្កើង​ព្រះអម្ចាស់ដូចតទៅ៖

ទំនុកតម្កើងរបស់នាងហាណ្ហា (១ សម ២, ១.៤-៨) បទកាកគតិ

១. ព្រះម្ចាស់ប្រទាន ចិត្តខ្ញុំឱ្យមាន អំណរសប្បាយ
  ព្រោះព្រះអង្គលើក ខ្ញុំខ្ពស់ពេកក្រៃ ខ្ញុំអាចនិយាយ
    តទល់ពួកខ្មាំង
៤. អ្នកខ្លាំងពូកែ ព្រះអង្គបំបែរ បំបាក់ទាំងអស់
  បំផ្លាញទាំងធ្នូ តែទ្រង់សន្តោស ប្រទានដល់មនុស្ស
    កម្លាំងទន់ខ្សោយ
៥. ពួកអ្នកដែលមាន អាហារគ្រប់គ្រាន់ ឥឡូវគេធ្លោយ
  ធ្លាក់ខ្លួនវេទនា ខ្វះខាតមុខក្រោយ គ្មានអ្វីនឹងឱ្យ
    ចំអែតក្រពះ
  ឯអ្នកធ្លាប់ឃ្លាន បែរទៅជាមាន អាហារមិនខ្វះ
  គេបរិភោគឆ្អែត បរិបូណ៌ពេញពាស មានច្រើនដេរដាស
    លែងមុខស្រពោន
  មិនតែប៉ុណ្ណោះ ព្រះអង្គសន្តោស ស្រីអារគ្មានកូន
  មិនឱ្យដាច់ពូជ វិនាសសាបសូន្យ អាចសម្រាលកូន
    បានប្រាំពីរដង
៦. ជីវិតមនុស្ស ត្រូវស្លាប់ឬរស់ ស្រេចលើព្រះអង្គ
  គេត្រូវធ្លាក់ទៅ ស្ថានអ្នកស្លាប់ផង ឬក៏បានឡើង
    លើទ្រង់ចាត់ចែង
៧. មនុស្សមានក្រ អាក្រក់ឬល្អ មិនមែនខ្លួនឯង
  ព្រះម្ចាស់បន្ទាប ឬក៏លើកឡើង ព្រះអង្គចាត់ចែង
    តាមព្រះហឫទ័យ
៨. ទ្រង់លើកមនុស្ស ទុគ៌តស្រីប្រុស ពីធូលីដី
  ដកអ្នកកម្សត់ វេទនាក្រក្រី នោះគឺដើម្បី
    ឱ្យស្មើអ្នកធំ
  ឱ្យបានគ្រងរាជ្យ ពេញដោយអំណាច រុងរឿងឧត្តម
  ដ្បិតព្រះអម្ចាស់ តាំងគ្រឹះរឹងមាំ ផែនដីដ៏ធំ
    មិនរលំឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះមហក្សត្រនៃពិភពទាំងមូល! សូមយាង​មក! ព្រះអង្គជាថ្មគ្រឹះដ៏សំខាន់បំផុតនៃព្រះសហគមន៍! សូមយាងមកសង្គ្រោះមនុស្សដែលទ្រង់បានសូនពីដីមក!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១,៤៦-៥៦)

នាងម៉ារីអរព្រះគុណព្រះអម្ចាស់ដោយថ្លែងឡើងថា៖ «ខ្ញុំសូមលើកតម្កើងព្រះអម្ចាស់! អស់ពីដួងចិត្ត ខ្ញុំមានសេចក្តីត្រេកអរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ព្រះអង្គទតមើលភាពទន់ទាបនៃអ្នកបម្រើរបស់ព្រះអង្គ។ អំណើះតទៅមនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គល។ ព្រះដ៏មានឫទ្ធានុភាពបានសម្តែងការប្រសើរអស្ចារ្យ​ចំពោះរូបខ្ញុំ ព្រះនាមព្រះអង្គពិតជាវិសុទ្ធមែន! ទ្រង់មានព្រះហឫទ័យមេត្តាករុណាដល់​អស់​អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ។ ទ្រង់បានសម្តែងឫទ្ធិបារមីកម្ចាត់​មនុស្សមានចិត្តឆ្មើងឆ្មៃ។ ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើក​តម្កើង​​មនុស្សទន់ទាបឡើង។ ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូរណ៌ដល់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ ទ្រង់បានជួយប្រជារាស្ត្រអ៊ីស្រាអែលជាអ្នកបម្រើព្រះអង្គ ហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណាឥត​ភ្លេចឡើយ ដូចទ្រង់បានសន្យាជាមួយបុព្វបុរស គឺលោកអប្រាហាំ និងពូជពង្សរបស់លោក​​​ជានិច្ចតរៀងទៅ»។
នាងម៉ារីស្នាក់នៅជាមួយនាងអេលីសាបិតអស់រយៈពេលប្រមាណបីខែទើបនាង​ត្រឡប់​ទៅផ្ទះវិញ។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គស្រឡាញ់មនុស្សលោកយ៉ាងក្រៃលែង រហូតដល់ចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមករួមរស់ជា​មួយយើងខ្ញុំ។ យើងខ្ញុំសូមផ្ញើជីវិតទាំងស្រុងទៅលើព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ។ សូមជម្រះចិត្តគំនិតយើងខ្ញុំក្នុងអភិបូជា​នេះផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ជានិច្ច។ ព្រះអង្គបានសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គតាមព្រះ​បន្ទូលសន្យា។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់​យើងខ្ញុំ សូមឱ្យថ្ងៃណាមួយយើងខ្ញុំអាចទទួលសុភមង្គលដ៏ពេញលេញ តាមព្រះបន្ទូលសន្យា​នេះផង។