១៨ ឆ្នូ ២០២៥

Written on 31/10/2026
Sokhorn Oem

១៨ ធ្នូ សប្តាហ៍មុនបុណ្យព្រះយេស៊ូប្រសូត
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោកឱ្យរួចពីបាប សូមទ្រង់ព្រះមេត្តារំដោះយើងខ្ញុំឱ្យមានសេរីភាពដ៏ពិតប្រាកដ​ខាងផ្លូវចិត្ត សូមតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំ ក្នុងពេលយើងខ្ញុំរៀបខ្លួនធ្វើពិធីលើកតម្កើងព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គប្រសូត្រមកជាមនុស្ស។

អត្ថបទទី១ សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ២៣,៥-៨)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«នៅគ្រាខាងមុខ យើងនឹងធ្វើឱ្យមានស្តេចមួយអង្គដ៏សុចរិត កើតចេញពីពូជពង្សរបស់ដាវីឌ។ ស្តេចនោះនឹងគ្រងរាជ្យប្រកបដោយប្រាជ្ញា ព្រមទាំងគ្រប់គ្រងស្រុកដោយសេចក្តីសុចរិត និងយុត្តិធម៌។ នៅរជ្ជកាលរបស់ស្តេចនោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ហើយជនជាតិអ៊ីស្រាអែលនឹងរស់នៅយ៉ាងសុខសាន្ត។ គេថ្វាយព្រះនាមស្តេចនោះថា “ព្រះអម្ចាស់ជាសេចក្តីសុចរិតរបស់យើង”។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “នៅគ្រាខាងមុខ គេនឹងលែងស្បថក្នុងព្រះនាមព្រះ​អម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប” ទៀត ហើយ គឺគេនឹងស្បថក្នុងព្រះនាម “ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ដែលបាននាំជនជាតិអ៊ីស្រាអែលចេញមកពីស្រុកខាងជើង និងពីស្រុកទាំងប៉ុន្មានដែលព្រះអង្គបានកម្ចាត់កម្ចាយពួកគេឱ្យទៅ!”។ យើងនាំពួកគេឱ្យវិលមកតាំងទីលំនៅក្នុងទឹកដីរបស់ខ្លួនវិញ»។

ទំនុកតម្កើងលេខ ៧២,១-២.១២-១៣.១៨-១៩ បទកាកគតិ

១. ព្រះជាម្ចាស់អើយ សូមប្រទានឱ្យ រាជបុត្រនេះចេះ
  វិនិច្ឆ័យក្តី តាមព្រះតម្រិះ សុចរិតវិសេស
    របស់ព្រះអង្គ
២. សូមឱ្យរាជា គ្រប់គ្រងគ្រប់គ្នា ប្រជារាស្ត្រទ្រង់
  ដោយយុត្តិធម៌ សុចរិតផូរផង់ វិសេសឥតហ្មង
    ត្រឹមត្រូវតាមច្បាប់
១២. ទ្រង់នឹងរំដោះ អ្នកក្រទាំងអស់ ដោយធម៌មេត្តា
  អ្នកទុគ៌តស្រែក សុំក្តីករុណា ព្រះអង្គរក្សា​
    អ្នកគ្មានទីពឹង
១៣. ទ្រង់សែនអាណិត អាសូរពេកពិត អ្នកអត់លំនឹង
  និងជនកម្សត់ គ្មានអ្វីរំពឹង ព្រះអម្ចាស់នឹង
    សង្គ្រោះជីវិត
១៨. សូមលើកតម្កើង ព្រះអង្គខ្ពស់ឡើង ឥតមានអល់អែក
  ព្រះអ៊ីស្រាអែល ល្អល្អះអនេក ការណ៍អស្ចារ្យពេក
    ដែលទ្រង់សម្តែង
១៩. សូមលើកតម្កើង ព្រះនាមថ្កុំថ្កើង ព្រះអង្គគួរស្ញែង
  សូមឱ្យផែនដី ទាំងមូលកោតក្រែង សិរីចាំងចែង
    របស់ព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា! 
អ្នកណែនាំប្រជាជនអ៊ីស្រាអែលអើយ! សូមយាងមក! ព្រះអង្គបានប្រទានធម្មវិន័យនៅលើភ្នំ សូមសម្តែងឫទ្ធិបារមី ហើយរំដោះយើងខ្ញុំផង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១,១៨-២៥)

ព្រះយេស៊ូគ្រីស្តប្រសូតដូចតទៅ។ នាងម៉ារី មាតារបស់ព្រះអង្គត្រូវជាគូរដណ្តឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ លោកយ៉ូសែបជាស្វាមីរបស់នាង និងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងទេ គឺលោកសម្រេចចិត្តថានឹងផ្តាច់ពាក្យដោយស្ងាត់ៗវិញ។ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកក្នុងសុបិននិមិត្តថា៖«លោកយ៉ូសែបជារាជវង្សរបស់ព្រះបាទដាវីឌអើយ! សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! ទោះបីបុត្រដែលនៅក្នុងផ្ទៃនាងកើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ ហើយនាងនឹងសម្រាលបានបុត្រមួយអង្គក្តី ក៏លោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ត្រព្រះអង្គឱ្យរួចពីបាប»។ ហេតុការណ៍នេះកើតឡើង ដើម្បីឱ្យសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការីបានសម្រេចជារូបរាងថា៖ ស្រ្តីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយ ដែលគេនឹងថ្វាយព្រះនាមថា“ព្រះអេម៉ានូអែល”(ឈ្មោះនេះប្រែថា “ព្រះជាម្ចាស់គង់នៅជាមួយយើង)”។ លុះលោក​យ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវទូតរបស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា។ ប៉ុន្តែលោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសម្រាលបានបុត្រ ដែលលោកថ្វាយព្រះនាមថា​ «យេស៊ូ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះបុត្រាឱ្យយាងមកប្រសូតជាមនុស្ស ដែលរមែងតែងតែស្លាប់។ ឥឡូវនេះ ព្រះបុត្រាអង្វរព្រះអង្គក្នុងនាមយើងខ្ញុំ និងថ្វាយសក្ការបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះជន្មរបស់ព្រះអង្គ ឱ្យយើងខ្ញុំដែលរួមជាមួយព្រះបុត្រានេះផង គឺព្រះបុត្រានេះមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានព្រះហឫទ័យស្រឡាញ់មនុស្សលោក រហូតដល់ចាត់ព្រះបុត្រាដ៏ជាទីស្រឡាញ់ឱ្យយាងមកប្រសូតជាមនុស្សដូចយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំយល់អំពីការសង្គ្រោះដ៏អស្ចារ្យរបស់ព្រះអង្គនិងអំពីឋានៈដ៏ថ្លៃថ្នូររបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គផង។