ថ្ងៃសៅរ៍ រដូវអបអរសាទរ អាទិត្យទី០១
ពណ៌ស្វាយ
ឬសន្តនីកូឡា ជាអភិបាល
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមករំដោះមនុស្សលោកឱ្យរួចពីបាប។ យើងខ្ញុំសូមអង្វរព្រះអង្គដោយស្មោះអស់ពីចិត្ត សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំបានសេរីភាពដ៏ពេញលេញក្នុងការស្រឡាញ់ព្រះអង្គផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ ៣០,១៩-២១.២៣-២៦
ម្នាលប្រជាជនក្រុងស៊ីយ៉ូន! ប្រជាជនក្រុងយេរូសាឡឹមអើយ! អ្នករាល់គ្នានឹងលែងយំសោកទៀតហើយ! ពេលណាអ្នករាល់គ្នាស្រែកហៅរកព្រះអម្ចាស់ ព្រះអង្គនឹងប្រណី សន្តោសអ្នករាល់គ្នា។ ពេលណាព្រះអង្គឮសម្លេងអ្នករាល់គ្នា ទ្រង់នឹងតបឆ្លើយអ្នករាល់គ្នាជាមិនខាន។ ក្នុងគ្រាអ្នករាល់គ្នាមានអាសន្ន ព្រះអម្ចាស់នឹងប្រទានអាហារដល់អ្នករាល់គ្នា។ នៅពេលខ្វះខាតទឹក ព្រះអង្គនឹងប្រទានទឹកឱ្យអ្នករាល់គ្នា។ ព្រះបរមគ្រូដែលប្រៀនប្រដៅអ្នករាល់គ្នា ទ្រង់មិនលាក់ព្រះអង្គទៀត ហើយអ្នករាល់គ្នានឹងឃើញព្រះអង្គផ្ទាល់នឹងភ្នែក។ បើអ្នករាល់គ្នាទៅខាងស្តាំ ឬទៅខាងឆ្វេង អ្នករាល់គ្នានឹងឮព្រះសូរសៀងបន្លឺខាងក្រោយខ្នងថា៖«នេះជាមាគ៌ាដែលអ្នកត្រូវដើរ!»។ ព្រះអម្ចាស់នឹងប្រទានភ្លៀងឱ្យធ្លាក់ចុះមក សម្រាប់ឱ្យពូជដែលអ្នកបានសាបព្រោះដុះឡើង។ ផល្លានុផល ដែលកើតពីដីក៏នឹងមានបរិបូណ៍ ហើយឆ្ងាញ់ពិសាទៀតផង។
នៅគ្រានោះ ហ្វូងសត្វរបស់អ្នកនឹងស៊ីស្មៅក្នុងវាលដ៏ល្វឹងល្វើយ។ ឯគោ និងក្របីដែលធ្លាប់អូសនង្គ័លរនាស់ ក៏នឹងស៊ីស្មៅដ៏ឆ្ងាញ់បំផុតដែលគេជជុះនឹងរនាស់ដែរ។ នៅថ្ងៃមហាពិឃាដ គឺនៅថ្ងៃដែលបន្ទាយទាំងប៉ុន្មានត្រូវរលំ នោះនឹងមានទឹកហូរស្រោចស្រពភ្នំទាំងធំ ទាំងតូច។ នៅថ្ងៃនោះ ព្រះចន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យ ហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង គឺប្រៀបដូចជាមានពន្លឺថ្ងៃប្រាំពីររួមគ្នា។ នៅថ្ងៃនោះព្រះអម្ចាស់នឹងរុំរបួសឱ្យប្រជាជនរបស់ព្រះអង្គ ទ្រង់ក៏ព្យាបាលដំបៅឱ្យជាវិញផង។
ទំនុកតម្កើងលេខ ១៤៧,១-៦ បទព្រហ្មគីតិ
| ១. | យើងស្មូត្របទថ្វាយព្រះ | ជាអម្ចាស់របស់យើង | |
| សរសើរលើកតម្កើង | ដ៏រុងរឿងល្អប្រពៃ | ។ | |
| ២. | ព្រះម្ចាស់បានសង់ក្រុង | ល្អឧត្តុងឧត្តមក្រៃ | |
| យេរូសាឡឹមថ្មី | អ្នកខ្ចាត់ខ្ចាយនាំមកវិញ | ។ | |
| ៣. | អ្នកដែលមានវិបត្តិ | គ្រាំគ្រាចិត្តគិតមិនចេញ | |
| ទ្រង់ប្រោសផុតទោម្នេញ | របួសវិញជាសះស្បើយ | ។ | |
| ៤. | ព្រះអង្គអាចរាប់បាន | ផ្កាយឥតមានខ្វះមួយឡើយ | |
| ដាក់ឈ្មោះឱ្យរួចហើយ | មិនភ្លេចឡើយស្គាល់ទាំងអស់ | ។ | |
| ៥. | ព្រះម្ចាស់របស់យើង | សែនថ្កុំថ្កើងឧត្តមខ្ពស់ | |
| ចេស្តាខ្លាំងមុតមោះ | ព្រះតម្រិះធំធេងក្រៃ | ។ | |
| ៦. | ព្រះអម្ចាស់គាំទ្រ | ជនក្រីក្រខ្សត់រីងរៃ | |
| ទ្រង់បន្ទាបដល់ដី | ជនអប្រីយ៍ធ្វើអាក្រក់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹង
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់ជាចៅក្រម ជាមេដឹកនាំ និងជាព្រះមហាក្សត្ររបស់យើង។ ព្រះអង្គនឹងសង្គ្រោះយើងជាពុំខាន!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ (មថ ៩,៣៥-១០,១.៦-៨)
ព្រះយេស៊ូយាងទៅតាមក្រុង និងតាមភូមិនានា ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលារបស់គេ ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអ្នកជំងឺនិងអ្នកពិការគ្រប់ប្រភេទឱ្យបានជាផង។ កាលព្រះអង្គទតឃើញមហាជន ទ្រង់មានព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ត ប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។ ព្រះយេស៊ូត្រាស់ហៅសាវ័កទាំងដប់ពីរនាក់មក ព្រះអង្គប្រទានឱ្យគេមានអំណាចដេញខ្មោច ព្រមទាំងមាន អំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និងអ្នកពិការគ្រប់ប្រភេទឱ្យបានជាផង។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖«ចូរអ្នករាល់គ្នាទៅស្វែងរកក្នុងចំណោមជនជាតិអ៊ីស្រាអែល អស់អ្នកដែលវង្វេងនោះវិញ។ ពេលធ្វើដំណើរទៅចូរប្រកាសថា ព្រះរាជ្យនៃស្ថានបរមសុខមកជិតបង្កើយហើយ។ ចូរមើលអ្នកជំងឺឱ្យបានជា ប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ ធ្វើឱ្យមនុស្សឃ្លង់បានស្អាតបរិសុទ្ធ ដេញខ្មោចចេញពីមនុស្ស។ អ្នករាល់គ្នាបានទទួលអំណាចដោយឥតបង់ថ្លៃ ត្រូវជួយគេវិញដោយឥតគិតថ្លៃដែរ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! ព្រះអង្គអាណិតអាសូរមនុស្សមានជំងឺគ្រប់បែបយ៉ាង ព្រះអង្គក៏យាងមកធ្វើជាគង្វាលនៃប្រជាជនព្រះអង្គដែរ។ យើងខ្ញុំសូមថ្វាយភាពទន់ខ្សោយរបស់យើងខ្ញុំ សូមទ្រង់ព្រះមេត្តាទទួលយកដោយអនុគ្រោះ និងប្រទានកម្លាំងឱ្យយើងខ្ញុំផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានចាត់ព្រះយេស៊ូឱ្យយាងមកថែរក្សា និងណែនាំយើងខ្ញុំ។ ព្រះអង្គក៏បានប្រទានព្រះកាយព្រះគ្រីស្តធ្វើជាអាហារសម្រាប់យើងខ្ញុំដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំសុខចិត្តប្រកាសដំណឹងល្អ អំពីការសង្គ្រោះរបស់ព្រះអង្គ និងជួយសម្រាលទុក្ខអ្នកដែលវេទនាផង។

