១០ មករា ២០២៧

Written on 29/09/2026
Catholic Faith Cambodia

ថ្ងៃអាទិត្យ 
បុណ្យព្រះអម្ចាស់យេស៊ូ ទទួលពិធីជ្រមុជទឹក
ពណ៌ស

“ថ្ងៃអាទិត្យនេះ ជាថ្ងៃបង្ហើយរដូវបុណ្យព្រះយេស៊ូប្រសូត។ ថ្ងៃស្អែកចាប់ផ្តើមរដូវធម្មតាប្រចាំឆ្នាំ។ មុនព្រះយេស៊ូចាប់ផ្តើមសម្តែងធម្មទេសនា ព្រះអង្គសុំឱ្យលោកយ៉ូហានធ្វើពិធីជ្រមុជទឹកថ្វាយព្រះអង្គ គឺព្រះអង្គសព្វព្រះហឫទ័យចូលក្នុងចំណោមកូនចៅរបស់លោក។ គ្រីស្តបរិស័ទដើម និងអ្នកនិពន្ធគម្ពីរដំណឹងល្អយល់ឃើញថា ពេលព្រះ​​យេស៊ូ​ទទួលពិធីជ្រមុជទឹក ព្រះអង្គដូចជាត្រាស់ដឹង គឺទ្រង់ឈ្វេងយល់ច្បាស់អំពីបេស​កម្មដែលព្រះអង្គត្រូវបំពេញក្នុងលោកនេះ ព្រះអង្គត្រូវប្រោសសត្វលោកតាមព្រះបំណងនៃព្រះបិតា រហូតដល់បូជាព្រះជន្ម។ ព្រះវិញ្ញាណក៏អភិសេកព្រះយេស៊ូជាព្រះគ្រីស្តដែរ។ គ្រីស្តបរិស័ទទទួលព្រះវិញ្ញាណរបស់ព្រះយេស៊ូ ដើម្បីបន្តបេសកកម្មរបស់ព្រះអង្គក្នុងពិភពលោកនេះ។

ពាក្យអង្វរនៅពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គសម្តែងឱ្យមនុស្សលោកស្គាល់ឋានៈរបស់ព្រះអង្គ ជាបុត្រដ៏ជាទីស្រឡាញ់ និងជាព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតរបស់អស់អ្នកដែលកើតជាថ្មី ដោយទឹក និងព្រះវិញ្ញាណ ឱ្យប្រព្រឹត្តតែកិច្ចការដែលគាប់ព្រះហឫទ័យព្រះអង្គ និងបន្តបេសកកម្មរបស់ព្រះយេស៊ូក្នុងពិភពលោកនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស (៤២,១-៤.៦-៧)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «លោកនេះជាអ្នកបម្រើដែលយើងជួយគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាអ្នកដែលគាប់ចិត្តរបស់យើង។ យើងបានដាក់វិញ្ញាណរបស់យើងសណ្ឋិតនៅលើលោក។ លោកនឹងបង្ហាញឱ្យប្រជាជាតិទាំងឡាយស្គាល់ការវិនិច្ឆ័យរបស់យើង។ លោកមិនស្រែក ឬគំហកកំហែងដាក់នរណាឡើយ ហើយក៏មិនបន្លឺសំឡេងនៅតាមផ្លូវដែរ។ លោកនឹងមិនកាច់ផ្តាច់ដើមត្រែងណាដែលទក់ហើយនោះទេ ហើយលោកក៏មិនផ្លុំពន្លត់ភ្លើងដែលហៀបនឹងរលត់នោះដែរ លោកនឹងបង្ហាញការវិនិច្ឆ័យរបស់យើងដោយចិត្តស្មោះ។ លោកមិនទន់ខ្សោយឡើយ លោកអង់អាចជានិច្ច រហូតទាល់តែធ្វើឱ្យមនុស្សម្នានៅលើទឹកដីប្រព្រឹត្តតាមការវិនិច្ឆ័យរបស់យើង ហើយមនុស្សនៅតាមកោះនានានាំគ្នារង់ចាំទទួលការប្រៀនប្រដៅពីលោក។ យើងនេះហើយជាព្រះអម្ចាស់! យើងបានហៅអ្នកមកស្របតាមសេចក្តីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែក ហើយតែងតាំងអ្នកឱ្យចងសម្ព័ន្ធមេត្រីជាមួយប្រជាជន ឱ្យអ្នកធ្វើជាពន្លឺដល់ប្រជាជាតិនានា ប្រោសមនុស្សខ្វាក់ឱ្យបានភ្លឺ នាំឈ្លើយចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុងភាពងងឹតឱ្យបានចេញរួចផង។

ឬ អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស អស (៥៥,១-១១)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អស់អ្នកដែលស្រេកទឹកអើយ! ចូរនាំគ្នាមករកទឹកឯណោះ! ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ ចូរមក ហើយពិសារទៅ! ចូរមកយកអាហារបរិភោគ ចូរនាំគ្នាមកយកស្រាទំពាំងបាយជូរ និងទឹកដោះគោ ដោយមិនបាច់ចំណាយប្រាក់ ឬបង់ថ្លៃអ្វីឡើយ!។ ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញអាហារដែលមិនអាចចិញ្ចឹមជីវិតបាន? ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំងរកអាហារដែលមិនចំអែតក្រពះដូច្នេះ? ចូរស្តាប់យើង នោះអ្នករាល់គ្នានឹងបានបរិភោគអាហារយ៉ាងឆ្ងាញ់ ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស ចូរផ្ទៀងត្រចៀកស្តាប់ ចូរនាំគ្នាមកជិតយើង ចូរត្រងត្រាប់ស្តាប់ នោះអ្នករាល់គ្នានឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា គឺសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច និងបញ្ជាក់នូវសេចក្តីមេត្តាករុណាដ៏ស្មោះត្រង់របស់យើងចំពោះស្តេចដាវីឌ។ យើងបានតែងតាំងស្តេចដាវីឌឱ្យធ្វើជាបន្ទាល់របស់យើងនៅមុខកុលសម្ព័ន្ធទាំងអស់ ព្រមទាំងឱ្យធ្វើមគ្គុទ្ទេសក៍ដឹកនាំប្រជាជាតិទាំងឡាយ»។ អ៊ីស្រាអែលអើយ! អ្នកនឹងហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ពីមុនឱ្យមក ហើយប្រជាជាតិដែលមិនស្គាល់អ្នកនឹងរត់មករកអ្នក ព្រោះព្រះអម្ចាស់ជាព្រះរបស់អ្នក និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលប្រទានឱ្យអ្នកបានថ្កុំថ្កើងរុងរឿង។ ចូរស្វែងរកព្រះអម្ចាស់ ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យឱ្យអ្នករាល់គ្នារកព្រះអង្គឃើញ! ចូរអង្វរព្រះអង្គ ក្នុងពេលដែលទ្រង់គង់នៅជិតអ្នករាល់គ្នា!។ ត្រូវឱ្យមនុស្សអាក្រក់លះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ ត្រូវឱ្យអ្នកនោះបែរមករកព្រះអម្ចាស់វិញ ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន ឱ្យតែគេងាកមករកព្រះនៃយើងវិញ នោះព្រះអង្គអត់ទោសឱ្យគេទាំងស្រុង។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គំនិតយើងខុសបែ្លកពីគំនិតអ្នករាល់គ្នា រីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។ មេឃខ្ពស់ជាងផែនដីយ៉ាងណា របៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយគំនិតរបស់យើង ក៏ខុសប្លែកពីគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។ ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃ​មកស្រោចស្រពផែនដី។ ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ ដរាបណាទាល់តែបានធ្វើឱ្យដំណាំដុះឡើង បង្កើតភោគផល ផ្តល់​ពូជសម្រាប់អ្នកសាបព្រោះ និងផ្តល់អាហារឱ្យគេបរិភោគ។ រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេចតាមបំណងចិត្តរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឱ្យមកធ្វើរួចរាល់សព្វគ្រប់»។

ទំនុកតម្កើងលេខ ២៩ (២៨), ១-៤.៧-១១ បទកាកគតិ

ឬ ទំនុកតម្កើងរបស់ព្យាការីអេសាយ ១២,២.៤-៦ បទពាក្យ ៧

២ ព្រះអម្ចាស់ជាព្រះសង្គ្រោះ ជីវិតខ្ញុំរស់ស្គាល់តែសុខ  
  លែងភ័យលែងខ្លាចលែងកើតទុក្ខ ពីនេះទៅមុខពឹងលើព្រះ ។
៣ ដ្បិតព្រះអម្ចាស់ជាកម្លាំង ខ្ញុំអាចតតាំងអាចយកឈ្នះ  
  ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ ។
៤ ចូរអរព្រះគុណព្រះអម្ចាស់ ហើយចូរប្រកាសនាមព្រះអង្គ  
  ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ ប្រាប់ប្រជាជនផងទាំងឡាយ ។
៥ ចូរស្មូតទំនុកតម្កើងថ្វាយ ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ  
  ដ្បិតការអស្ចារ្យច្រើនពេកក្រៃ ឱ្យមនុស្សលើដីបានដឹងផង ។
៦ អុះ!ឱ! អ្នកក្រុងស៊ីយ៉ូនអើយ ចូរកុំកន្តើយស្រែករំពង  
  ដោយអរសប្បាយដ្បិតព្រះអង្គ វិសុទ្ធឥតហ្មងព្រះនៃយើង ។

អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្តទូត កក (១០,៣៤-៣៨)

លោកសិលាទៅដល់ក្រុងសេសារេ ចូលផ្ទះនាយទាហានរ៉ូមុាំងម្នាក់ ហើយមានប្រសាសន៍ទៅកាន់អ្នកនៅផ្ទះគាត់ថា៖ «ឥឡូវនេះ ខ្ញុំបានយល់យ៉ាងច្បាស់ហើយថា ព្រះជាម្ចាស់រាប់រកមនុស្សទូទៅឥតរើសមុខឡើយ។ ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាន អ្នកណាក៏ដោយ ឱ្យតែគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តអំពើសុចរិត ព្រះអង្គមុខជាគាប់ព្រះហឫទ័យនឹងអ្នកនោះមិនខាន។ ព្រះអង្គបានប្រទានព្រះបន្ទូលមកឱ្យជនជាតិអ៊ីស្រាអែល ដោយនាំដំណឹងល្អមកប្រាប់គេអំពីសេចក្តីសុខសាន្តដោយសារព្រះយេស៊ូគ្រីស្ត គឺព្រះ​យេស៊ូនេះហើយ ដែលជាព្រះអម្ចាស់លើមនុស្សទាំងអស់។ បងប្អូនជ្រាបហេតុការណ៍ដែលកើតឡើងនៅស្រុកយូដាទាំងមូលស្រាប់ហើយ ជាហេតុការណ៍ដែលបានចាប់ផ្តើមនៅស្រុកកាលីឡេ គឺបន្ទាប់ពីពេលដែលលោកយ៉ូហានបានប្រកាសឱ្យបណ្តាជនទទួលពិធីជ្រមុជទឹក។ បងប្អូនជ្រាបថា ព្រះជាម្ចាស់បានចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ និងឫទ្ធានុភាពអភិសេកព្រះយេស៊ូជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបថា ព្រះយេស៊ូយាងពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្តអំពើល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឱ្យបានជា ដ្បិតព្រះជាម្ចាស់គង់ជាមួយព្រះអង្គ»។

អត្ថបទទី២៖ សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតយ៉ូហាន ១យហ (៥,១-៩)

អ្នកណាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត អ្នកនោះកើតមកពីព្រះជាម្ចាស់ ហើយអ្នកណាស្រឡាញ់ព្រះបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីព្រះអង្គដែរ។ ដោយយើងស្រឡាញ់ព្រះជាម្ចាស់ និងប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ យើងនឹងដឹងថា យើងពិតជា ស្រឡាញ់បុត្រធីតារបស់ព្រះជាម្ចាស់។ យើងមានសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ក្នុងខ្លួនមែន លុះត្រាតែយើងកាន់តាមវិន័យរបស់ព្រះអង្គ។ វិន័យរបស់ព្រះអង្គមិនតឹងតែងទេ ព្រោះអស់អ្នកដែលកើតមកពីព្រះជាម្ចាស់ សុទ្ធតែឈ្នះលោកីយ៍នេះ គឺជំនឿរបស់យើង ហ្នឹងហើយ ដែលបានឈ្នះលោកីយ៍។ តើអ្នកណាអាចឈ្នះលោកីយ៍បាន? គឺអ្នកដែលជឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជា​ម្ចាស់។ ព្រះយេស៊ូគ្រីស្តនេះហើយដែលបានយាងមកក្នុងលោកនេះដោយទឹក និងលោហិត មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយ ទឹក និងលោហិតផង។ ព្រះវិញ្ញាណបានផ្តល់សក្ខីភាពថា សេចក្តីនេះពិតជាត្រឹមត្រូវមែន ដ្បិតព្រះវិញ្ញាណជាសេចក្តីពិត។ មានបន្ទាល់​បីគឺ ព្រះវិញ្ញាណ ទឹក និងលោហិត ហើយបន្ទាល់ទាំងបីនេះរួមគ្នាផ្តល់សក្ខីភាពតែមួយ។ ព្រះជាម្ចាស់បានផ្តល់សក្ខីភាពអំពីព្រះបុត្រា របស់ព្រះអង្គ។ យើងតែងតែទទួលស្គាល់សក្ខីភាពរបស់មនុស្ស។ រីឯសក្ខីភាពរបស់ព្រះ ជាម្ចាស់ រឹងរឹតតែធំជាងនេះទៅទៀត។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ (១,២៩)

អាលេលូយ៉ា! អាលេលូយ៉ា!
«មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក (១,៧-១១)

លោកយ៉ូហានបាទីស្តប្រកាសប្រាប់បណ្តាជនថា៖ «លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំនឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែឱនស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ ខ្ញុំបានធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងទឹក រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឱ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ»។ នៅគ្រានោះ ព្រះយេស៊ូយាងមកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ។ ព្រះអង្គទទួលពិធីជ្រមុជទឹកពីលោកយ៉ូហានក្នុងទន្លេយ័រដាន់។ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ទ្រង់ទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាបមកសណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះ​អង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹក មេឃបើកចំហ ដើម្បីឱ្យមនុស្សលោកអាចគាល់ព្រះអង្គបាន ដោយរួមជាមួយព្រះយេស៊ូជាព្រះបុត្រាក៏ជាទីស្រឡាញ់របស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណមកញុំាងតង្វាយទាំងនេះ សូមបញ្ចូលយើងខ្ញុំឱ្យរួមនឹងសក្ការបូជារបស់ព្រះគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គ ព្រោះពេលព្រះយេស៊ូទទួលពិធីជ្រមុជទឹកក្នុងទន្លេរយ័រដាន់ ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ថា ព្រះយេស៊ូពិតជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ព្រះវិញ្ញាណអភិសេកព្រះយេស៊ូតែងតាំងជាព្រះគ្រីស្ត និងជាអ្នកបម្រើរបស់ព្រះអង្គ ដើម្បីនាំដំណឹងល្អទៅប្រកាសឱ្យអ្នកក្រីក្រ។ ឥឡូវនេះ ព្រះអង្គក៏ប្រោសយើងខ្ញុំឱ្យកើតជាថ្មី ដោយសារទឹក និងព្រះវិញ្ញាណ ដើម្បីធ្វើជាបុត្រធីតារបស់ព្រះអង្គដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយទេវទូត និងសន្តបុគ្គលទាំងឡាយ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណព្រះអង្គមកណែនាំអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គ។ សូមឱ្យ យើងខ្ញុំយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះអង្គ ព្រមទាំងបន្តកិច្ចការដែលព្រះយេស៊ូចាប់ផ្តើមធ្វើផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។