បុណ្យគោរព
ក្មេងដ៏ស្លូតត្រង់ ជាមរណសាក្សី
ពណ៌ក្រហម
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ យើងខ្ញុំនាំគ្នាគោរពទារកទាំងប៉ុន្មានដែលព្រះបាទហេរ៉ូដពិឃាត ព្រោះតែព្រះយេស៊ូ។ ទោះបីពួកគេមិនទាន់ចេះនិយាយក្តី ក៏ពួកគេបានប្រកាសសិរីរុងរឿងរបស់ព្រះអង្គដែរ។ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យកាន់កិរិយាមាយាទត្រឹមត្រូវបរិសុទ្ធ ដើម្បីធ្វើជាសាក្សីបញ្ជាក់អំពីជំនឿដែលមាត់យើងខ្ញុំតែងប្រកាសផង។
អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតយ៉ូហាន (១យហ ១,៥-២,២)
ដំណឹងដែលយើងបានឮពីព្រះយេស៊ូគ្រីស្ត ហើយដែលយើងយកមកជម្រាបជូនបងប្អូននេះ មានសេចក្តីដូចតទៅ៖ «ព្រះជាម្ចាស់ជាពន្លឺ គ្មានភាពងងឹតនៅក្នុងព្រះអង្គទាល់តែសោះ ប្រសិនបើយើងពោលថា យើងរួមរស់ជាមួយព្រះអង្គ តែយើងបែរជារស់ក្នុងភាពងងឹតទៅវិញនោះ យើងនិយាយកុហកហើយ គឺយើងមិនប្រតិបត្តិតាមសេចក្តីពិតទេ។ ផ្ទុយទៅវិញ ប្រសិនបើយើងរស់ក្នុងពន្លឺដូចព្រះអង្គផ្ទាល់ដែលគង់នៅក្នុងពន្លឺនោះ យើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះអង្គ ជម្រះយើងឱ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះនោះ យើងបញ្ឆោតខ្លួនឯង ហើយសេចក្តីពិតក៏មិនស្ថិតនៅក្នុងយើងដែរ។ ផ្ទុយទៅវិញ បើយើងទទួលសារភាពអំពើបាបរបស់យើងនោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះត្រង់ និងសុចរិត ទ្រង់នឹងអត់ទោសយើងឱ្យរួចពីបាប ព្រមទាំងជម្រះយើងឱ្យបានបរិសុទ្ធរួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ប្រសិនបើយើងពោលថា យើងគ្មានបាបសោះនោះ ដូចជាយើងចោទថាព្រះជាម្ចាស់កុហកទៅវិញ ហើយព្រះបន្ទូលរបស់ព្រះអង្គមិនស្ថិតនៅក្នុងខ្លួនយើងទេ។ ម្នាលកូនចៅទាំងឡាយអើយ! ខ្ញុំសរសេរសេចក្តីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឱ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះមួយព្រះអង្គដែលគង់នៅទល់ព្រះភក្ត្រព្រះបិតា ជួយការពារ គឺព្រះយេស៊ូគ្រីស្តដ៏សុចរិត។ ព្រះអង្គបានបូជាព្រះជន្មដើម្បីលោះយើងឱ្យរួចពីបាប។ ព្រះអង្គមិនត្រឹមតែលោះយើងប៉ុណ្ណោះទេ គឺថែមទាំងលោះមនុស្សលោកទាំងមូលផងដែរ។
ទំនុកតម្កើងលេខ ១២៤ (១២៣), ១-៨ បទពាក្យ៧
| ១. | ប្រសិនបើគ្មានព្រះអម្ចាស់ | មិនជួយសន្តោសគាំទ្រទេ | |
| សូមអ៊ីស្រាអែលពោលហូរហែរ | ពោលកុំទំនេរទាំងអស់គ្នា | ។ | |
| ២. | ប្រសិនបើគ្មានព្រះអម្ចាស់ | នៅខាងយើងនោះគ្រប់វេលា | |
| ពេលណាសត្រូវលើកគ្នីគ្នា | សម្រុកពុះពារវាយលើយើង | ។ | |
| ៣. | ពេលណាគេមានកំហឹងខ្លាំង | គេមកប្រឆាំងយើងនឹងប៉ើង | |
| គេនឹងត្របាក់លេបដូចភ្លើង | មិនឱ្យពួកយើងសុខសាន្តឡើយ | ។ | |
| ៤. | យើងនឹងលេចលង់ក្នុងសមុទ្រ | ភិតភ័យតក់ស្លុកឥតមានស្បើយ | |
| ទឹកហូរនាំយើងគ្មានកោះត្រើយ | ទៅកាន់ទីឆ្ងាយគ្មានគោលដៅ | ។ | |
| ៥. | ពេលយើងកំពុងអស់កម្លាំង | មានទឹកកួចខ្លាំងពន្លិចទៅ | |
| ដល់បាតជលសាដ៏សែនជ្រៅ | ជីវិតយើងត្រូវលង់ក្សិណក្ស័យ | ។ | |
| ៦. | សូមលើកតម្កើងព្រះអម្ចាស់ | ដ្បិតទ្រង់ជាព្រះមានបារមី | |
| ទ្រង់ពុំប្រគល់យើងក្នុងដៃ | ធ្វើរំពានៃពួកនោះឡើយ | ។ | |
| ៧. | យើងរួចជីវិតដូចបក្សី | គេចផុតពីដៃព្រានព្រៃហើយ | |
| គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ | យើងបានធូរស្បើយរស់ជីវ៉ា | ។ | |
| ៨. | ព្រះអម្ចាស់បានសង្គ្រោះយើង | ដោយព្រះនាមថ្កើងមានចេស្តា | |
| គឺព្រះអង្គដែលមានមេត្តា | បង្កើតវេហានិងផែនដី | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ! ទារកដែលព្រះបាទហេរ៉ូដពិឃាតធ្វើសាក្សីថ្វាយព្រះអង្គ។ យើងខ្ញុំសូមប្រកាសថា ព្រះអង្គពិតជាព្រះអម្ចាស់!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ២,១៣-១៨)
កាលពួកហោរាចារ្យចាកចេញពីភូមិបេថ្លេហឹមផុតទៅ ទេវទូតរបស់ព្រះអម្ចាស់មកប្រាប់លោកយ៉ូសែបក្នុងសុបិននិមិត្តថា៖ «ចូរក្រោកឡើង! នាំព្រះឱរស និងមាតារបស់ព្រះអង្គរត់ទៅស្រុកអេស៊ីប។ ចូរស្នាក់នៅស្រុកនោះ រហូតដល់ពេលយើងប្រាប់ម្តងទៀត ដ្បិតស្តេចហេរ៉ូដរកធ្វើគុតព្រះឱរស»។ លោកយ៉ូសែបក្រោកឡើងនាំព្រះឱរស និងមាតារបស់ព្រះអង្គរត់ភៀសខ្លួនទៅស្រុកអេស៊ីបទាំងយប់។ គាត់ស្នាក់នៅទីនោះ រហូតដល់ព្រះបាទហេរ៉ូដសោយទិវង្គត ដើម្បីឱ្យសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលដោយសារព្យាការីបានសម្រេចជារូបរាងថា៖ «យើងបានហៅបុត្រយើងចេញពីស្រុកអេស៊ីបមក»។ ព្រះបាទហេរ៉ូដយល់ថា ពួកហោរាចារ្យបានបំបាក់មុខស្តេច។ ដូច្នេះ ទ្រង់ព្រះពិរោធ ហើយចេញបញ្ជាឱ្យគេសម្លាប់ក្មេងប្រុសៗទាំងអស់ ដែលមានអាយុពីពីរខួបចុះមក នៅភូមិបេថ្លេហិម និងភូមិខាងជើង គឺគិតចាប់តាំងពីពេលកំណត់ដែលទ្រង់បានសួរបញ្ជាក់ពួកហោរាចារ្យ។ ហេតុការណ៍នេះកើតមានឡើង ដើម្បីឱ្យសេចក្តីដែលព្រះជាម្ចាស់មានព្រះបន្ទូលដោយសារព្យាការីយេរេមី បានសម្រេចជារូបរាងថា៖ «មានសំឡេងមួយលាន់ឮពីភូមិរ៉ាម៉ាមក ជាទំនួញសោកសៅ គឺនាងរ៉ាខែលយំសោកអាណិតកូននាង មិនព្រមឱ្យនរណាសម្រាលទុក្ខនាងឡើយ ព្រោះកូននាងបាត់បង់ជីវិតអស់ទៅហើយ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! នៅថ្ងៃនេះ យើងខ្ញុំនាំគ្នាគោរពទារកទាំងប៉ុន្មានដែលបានបូជាជីវិតនៅពេលព្រះយេស៊ូប្រសូត។ ទោះបីគេមិនដែលស្គាល់ព្រះយេស៊ូក៏ដោយ ក៏គេបានទទួលការសង្គ្រោះពីព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំ ក្នុងពេលថ្វាយអភិបូជានេះ។ សូមជួយយើងខ្ញុំឱ្យលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបម្រើព្រះអង្គដោយចិត្តស្មោះផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ យើងខ្ញុំនាំគ្នាគោរពទារកដែលព្រះបាទហេរ៉ូដបានសម្លាប់។ ទារកទាំងនោះពុំមានសមត្ថភាពប្រកាសជំនឿរបស់ខ្លួនបានទេ តែព្រះអង្គបានសង្គ្រោះពួកគេ ឱ្យរួមរស់នៅជាមួយព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំ ដែលបានទទួលព្រះកាយព្រះគ្រីស្តក្នុងអភិបូជានេះឱ្យសុខចិត្តរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ ដោយមានចិត្តក្លាហានប្រកាសជំនឿរបស់យើងផង!។

