ថ្ងៃអាទិត្យ អាទិត្យទី០២

Written on 08/01/2026
Boy KANN

ថ្ងៃអាទិត្យ អាទិត្យទី០២ សប្ដាហ៍ក្រោយបុណ្យព្រះយេស៊ូប្រសូត
ពណ៌ស

តើព្រះយេស៊ូជានរណា? ព្រះអង្គយាងមកក្នុងពិភពលោកនេះមានបំណងអ្វី? គ្រីស្តបរិស័ទដើមដំបូងយកអត្ថបទគម្ពីរសម្ពន្ធមេត្រីចាស់មករិះគិតអំពីឋានៈរបស់ព្រះយេស៊ូ។ គេយល់ថា ព្រះអង្គពិតជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរបេនស៊ីរ៉ាក់ បស ២៤,១-២.៨-១២

ព្រះប្រាជ្ញាញាណលើកតម្កើងព្រះអង្គផ្ទាល់ ហើយសម្តែងមោទនភាពក្នុងចំណោម ជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះប្រាជ្ញាញាណមានព្រះបន្ទូលក្នុង សហគមន៍របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយសម្តែងមោទភាពនៅចំពោះព្រះភក្ត្ររបស់ព្រះ ដ៏មានតេជានុភាពថា«ពេលនោះ ព្រះដែលបានបង្កើតពិភពទាំងមូល មានព្រះបញ្ជាមក យើង គឺព្រះដែលបានបង្កើតយើង ក៏បានប្រាប់យើងអំពីកន្លែងដែលត្រូវតាំងទីលំនៅ។ ព្រះអង្គមានព្រះបន្ទូលមកយើងថា “ចូរតាំងទីលំនៅក្នុងពូជពង្សរបស់យ៉ាកុប ចូរយកទឹកដី អ៊ីស្រាអែលធ្វើជាចំណែកមត៌ករបស់ខ្លួន”។ កាលពីដំបូងបង្អស់ ព្រះអង្គបានបង្កើតយើង ហើយយើង ក៏នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅដែរ។
យើងបានគោរពបម្រើព្រះអង្គក្នុងព្រះពន្លាដ៏វិសុទ្ធ នៅចំពោះព្រះភក្ត្រព្រះអង្គ ហើយ យើងមកតាំងទីលំនៅជាប់លាប់នៅលើភ្នំស៊ីយ៉ូន។ ព្រះអង្គប្រោសឱ្យយើងសម្រាកនៅ ក្រុងដ៏ទីស្រឡាញ់ ហើយយើងក៏មានអំណាចគ្រប់គ្រងនៅក្រុងយេរូសាឡឹមទៀតផង។ យើងបានចាក់ឫសក្នុងប្រជាជនមួយដ៏រុងរឿង ហើយបានទទួលចំណែកមត៌កក្នុងព្រះរាជ ទ្រព្យរបស់ព្រះអម្ចាស់!»។

ទំនុកតម្កើងលេខ ៦៧ (៦៦) ,២-៣.៥.៧-៨ បទពាក្យ ៧

២. ឱព្រះម្ចាស់អើយសូមមេត្តា សន្តោសករុណាដល់យើងខ្ញុំ  
  ប្រទានព្រះពរដ៏ឧត្តម ទតមើលយើងខ្ញុំដោយសប្បុរស
៣. ដូច្នេះមនុស្សលើផែនដី ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់  
  ក្នុងចំណោមជនជាតិទាំងអស់ ស្គាល់ការសង្គ្រោះនៃព្រះអង្គ
៥. ប្រជាទាំងឡាយនាំគ្នាច្រៀង បន្លឺសំនៀងដោយសប្បាយ  
  ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ ប្រជាទាំងឡាយមិនឆ្មៃឆ្មើង
៧. ផែនដីបង្កើតនូវភោគផល មិនឱ្យយើងខ្វល់ពីអន្តរាយ  
  ព្រះម្ចាស់ជាព្រះយើងទាំងឡាយ ប្រទានពរឱ្យសុខគ្រប់គ្រា
៨. សូមទ្រង់ប្រទានពរឱ្យយើង និងមនុស្សទាំងពួងគ្រប់អាត្មា  
  ទាំងអ្នករស់នៅឆ្ងាយផងណា មនុស្សលើលោកខ្លាចព្រះអង្គ

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ១,៣-៦.១៥-១៨

បងប្អូនជាទីស្រឡាញ់! សូមលើកតម្កើងព្រះជាម្ចាស់ និងព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ដែលជាព្រះអម្ចាស់នៃយើង! ព្រះអង្គបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម្លេះ​​​ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ ព្រះអង្គបានតម្រូវ យើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹង ព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យ ប្រណីសន្តោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់ របស់ព្រះអង្គ។
តាំងពីពេលដែលខ្ញុំបានឮគេតំណាលអំពីជំនឿរបស់បងប្អូនទៅលើព្រះអម្ចាស់យេស៊ូ និងអំពីសេចក្តីស្រឡាញ់របស់បងប្អូនចំពោះប្រជាជនដ៏វិសុទ្ធទាំងអស់នោះ ខ្ញុំអរព្រះគុណព្រះ ជាម្ចាស់ឥតឈប់ឈរ ព្រោះតែបងប្អូន។ ពេលខ្ញុំអធិដ្ឋាន ខ្ញុំតែងតែនឹកគិតដល់បងប្អូន ជានិច្ច សូមឱ្យព្រះរបស់ព្រះយេស៊ូគ្រីស្តជាអម្ចាស់នៃយើង គឺព្រះបិតាប្រកបដោយ សិរីរុងរឿង ប្រទានព្រះវិញ្ញាណឱ្យបងប្អូនមានប្រាជ្ញា និងសម្តែងឱ្យបងប្អូនស្គាល់ ព្រះអង្គយ៉ាងច្បាស់។ សូមព្រះបិតាបំភ្លឺចិត្តគំនិតបងប្អូនឱ្យយល់ថា ដោយព្រះអង្គ ត្រាស់ហៅបងប្អូន បងប្អូនមានសេចក្តីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួល មត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណា ដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,១-២

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះពន្លឺបានបំភ្លឺមនុស្សលោក។ ប្រជាជនទាំងឡាយនៅលើផែនដីអើយ! សូមអញ្ជើញចូលមកក្នុងពន្លឺ​​
របស់ព្រះជាម្ចាស់! សូមអញ្ជើញមកក្រាបថ្វាយបង្គំព្រះអម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,១-១៨

កាលពីដើមដំបូងបង្អស់ព្រះបន្ទូលមានព្រះជន្មគង់នៅ។ ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់ ហើយព្រះបន្ទូលជាព្រះជាម្ចាស់។ ព្រះបន្ទូលបែរទៅរកព្រះជាម្ចាស់កាលពីដើម ដំបូងបង្អស់។ អ្វីៗសព្វសារពើសុទ្ធតែកើតឡើងដោយសារព្រះបន្ទូល គឺក្នុងបណ្តាអ្វីៗដែលកើតមក គ្មានអ្វីមួយកើតមកក្រៅពីព្រះអង្គបង្កើតនោះឡើយ។ ព្រះបន្ទូលជាប្រភពនៃជីវិត ហើយជីវិតនោះជាពន្លឺបំភ្លឺមនុស្សលោក។ ពន្លឺភ្លឺក្នុងសេចក្តីងងឹត តែសេចក្តីងងឹតពុំបានទទួលពន្លឺទេ។ ព្រះជាម្ចាស់បានចាត់បុរសម្នាក់ឈ្មោះយ៉ូហានឱ្យមក។ លោកមក ធ្វើជាបន្ទាល់ផ្តល់សក្ខីភាពអំពីពន្លឺ ដើម្បីឱ្យមនុស្សទាំងអស់ជឿដោយសារលោក។ លោកយ៉ូហានមិនមែនជាពន្លឺទេ គឺលោកគ្រាន់តែមកផ្តល់សក្ខីភាពអំពីពន្លឺប៉ុណ្ណោះ។ ព្រះបន្ទូលជាពន្លឺដ៏ពិតប្រាកដតែមួយ ដែលមកក្នុងពិភពលោក ហើយបំភ្លឺមនុស្សគ្រប់ៗរូប។ ព្រះបន្ទូលបានគង់ក្នុងពិភពលោក ហើយពិភពលោកកើតឡើងដោយសារព្រះអង្គ ប៉ុន្តែ ពិភពលោកពុំបានទទួលស្គាល់ព្រះអង្គទេ។ ព្រះបន្ទូលយាងមកគង់ជាមួយប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ តែប្រជារាស្ត្រនោះពុំបានទទួលព្រះអង្គឡើយ។ រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមព្រះអង្គ ព្រះអង្គប្រទានឱ្យគេអាចទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ អ្នកទាំងនោះពុំមែនកើតពីលោហិត ពីចំណង់តណ្ហា ឬពីការប៉ងប្រាថ្នារបស់មនុស្សទេ គឺកើតពីព្រះជាម្ចាស់វិញ។
ព្រះបន្ទូលកើតមកជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងនៃព្រះបុត្រាតែមួយគត់ ដែលមកពីព្រះបិតា ព្រះអង្គពោរពេញទៅដោយព្រះហឫទ័យប្រណីសន្តោស និងសេចក្តីពិត។ លោកយ៉ូហានបានផ្តល់សក្ខីភាពអំពីព្រះអង្គដោយប្រកាសថា៖គឺលោកនេះហើយ ដែលខ្ញុំនិយាយថា “អ្នកមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។ យើងទាំងអស់គ្នាទទួលព្រះហឫទ័យប្រណីសន្តោសមិនចេះអស់ មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ដ្បិតព្រះជាម្ចាស់ប្រទានធម្មវិន័យដោយសារលោកម៉ូសេ តែទ្រង់បានសម្តែងព្រះហឫទ័យប្រណីសន្តោស និងសេចក្តីពិត ដោយសារព្រះយេស៊ូគ្រីស្ត។ ពុំដែលមាននរណាម្នាក់បានឃើញព្រះជាម្ចាស់ទេ មានតែព្រះបុត្រាមួយព្រះអង្គប៉ុណ្ណោះ ដែលនាំយើងឱ្យស្គាល់ព្រះអង្គ ដ្បិតព្រះបុត្រាមានព្រះជន្មរួមជាមួយព្រះបិតា។