០៥​ មករា

Written on 13/10/2026
Sokhorn Oem

៥ មករា សប្តាហ៍ក្រោយបុណ្យព្រះយេស៊ូប្រសូត
​ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំជាប្រជារាស្ត្ររបស់ព្រះអង្គ សូមប្រកាសថា ព្រះបុត្រាតែមួយដែលគង់ក្នុងសិរីរុងរឿងរួមជាមួយព្រះអង្គ បានប្រសូតជាមនុស្សដូចយើងខ្ញុំ ដោយសារព្រះនាងព្រហ្មចារី។ សូមទ្រង់ព្រះមេត្តារំដោះយើងខ្ញុំឱ្យរួចពីសេចក្តីអាក្រក់គ្រប់យ៉ាងផង។

អត្ថបទទី១៖ សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតយ៉ូហាន (១យហ ៣,១១-២១)

ម្នាលកូនចៅជាទីស្រឡាញ់! ដំណើរដែលបងប្អូនបានទទួលតាំងពីដើមដំបូងរៀងមកនោះ គឺយើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ យើងមិនត្រូវធ្វើដូចកាអ៊ីនដែលកើតចេញមកពីរអំណាច ហើយបានកាត់កប្អូនរបស់ខ្លួននោះឡើយ។ ហេតុអ្វីបានជាគាត់សម្លាប់ប្អូន ដូច្នេះ? គឺមកពីអំពើដែលគាត់ធ្លាប់ប្រព្រឹត្តសុទ្ធតែអាក្រក់ រីឯអំពើដែលប្អូនរបស់គាត់ប្រព្រឹត្តសុទ្ធតែសុចរិត។ បងប្អូនអើយ! ប្រសិនបើមនុស្សលោកស្អប់បងប្អូន សូមកុំងឿងឆ្ងល់ឡើយ។ យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្តីស្លាប់មកកាន់ជីវិត ព្រោះយើងស្រឡាញ់បងប្អូន។ អ្នកណាមិនស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្តីស្លាប់។ អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតករ។ បងប្អូនដឹងស្រាប់ហើយថា ឃាតករគ្មានជីវិតអស់កល្បជានិច្ចស្ថិតនៅក្នុងខ្លួនទេ។ យើងស្គាល់សេចក្តីស្រឡាញ់ស្រាប់ហើយ គឺព្រះយេស៊ូបានបូជាព្រះជន្មរបស់ព្រះអង្គសម្រាប់យើង ហេតុនេះ យើងត្រូវបូជាជីវិតសម្រាប់បងប្អូនដែរ។ ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្តេចនឹងឱ្យសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត! កូនចៅអើយ! យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសម្តីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្តីពិតវិញ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្តីពិត ហើយចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះអង្គទេ។ ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើងនោះ ព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើងទ្រង់ឈ្វេងយល់ទាំងអស់។ កូនចៅជាទីស្រឡាញ់អើយ! ប្រសិនបើចិត្តគំនិតរបស់យើងមិនដាក់ទោសយើងទេនោះ យើងនឹងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភក្ត្រព្រះអង្គ។

ទំនុកតម្កើងលេខ ១០០ (៩៩),១-៥ បទកាកគតិ

មនុស្សលើផែនដី ទាំងប្រុសទាំងស្រី ចូរអបអរឡើង
  សាទរព្រះម្ចាស់ ជាព្រះថ្កុំថ្កើង ព្រះម្ចាស់នៃយើង
    កុំរាឡើយណា
នាំគ្នាគោរព ទាំងថ្ងៃទាំងយប់ ដោយចិត្តជ្រះថ្លា
  នាំគ្នាមកជិត អង្គព្រះចេស្តា ច្រៀងហ៊ោខ្ញៀវខ្ញារ
    ដោយអរសប្បាយ
ចូរដឹងគ្រប់គ្នា ថាព្រះម្ចាស់ជា ព្រះយើងគ្រប់កាយ
  ជាព្រះអម្ចាស់ ពិតឥតក្លែងក្លាយ បង្កើតយើងហើយ
    ទ្រង់ថែថ្នាក់ថ្នម
យើងនាំគ្នីគ្នា ចូលកុំរួញរា ដំណាក់សក្តិសម
  ទាំងអរព្រះគុណ ព្រះម្ចាស់ឧត្តម សរសើរបង្គំ
    ព្រះនាមព្រះអង្គ
ដ្បិតព្រះអម្ចាស់ ទ្រង់សប្បុរសណាស់ ករុណាហ្មត់ហ្មង
  គង់នៅស្ថិតស្ថេរ អង្វែងកន្លង ស្មោះស្ម័គ្រច្បាស់ច្បង
    អស់កល្បតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១,៤១.៤៩)

អាលេលូយ៉ា! អាលេលូយ៉ា!
យើងទទួលស្គាល់ថា ព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែត ពិតជាព្រះមេស្ស៊ីមែន គឺព្រះអង្គនេះហើយដែលជាព្រះបុត្រារបស់ព្រះជាម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១,៤៣-៥១)

ក្រោយពីបានជួបសាវ័កដើមដំបូង ព្រះយេស៊ូសព្វព្រះហឫទ័យយាងទៅស្រុកកាលីឡេ។ ព្រះអង្គជួបលោកភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖«សូមអញ្ជើញមកតាមខ្ញុំ»។ លោកភីលីពជាអ្នកភូមិបេតសៃដាដូចលោកអន់ដ្រេ និងលោកសិលាដែរ។ លោកភីលីព ទៅជួបលោកណាថាណាអែលហើយប្រាប់គាត់ថា៖«បុរសដែលមានចែងទុកមកក្នុងធម្មវិន័យរបស់លោកម៉ូសេ និងគម្ពីរព្យាការីនោះ ឥឡូវនេះ យើងបានឃើញហើយ! លោកឈ្មោះយេស៊ូ ជាអ្នកស្រុកណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។ លោកណាថាណាអែលពោលតបទៅលោកភីលីពវិញថា៖«ពុំដែលមានអ្វីល្អអាចចេញពីភូមិណាសារ៉ែតបានឡើយ»។ លោកភីលីពប្រាប់គាត់ថា៖«សូមអញ្ជើញមកអ្នកនឹងឃើញ!»។ កាលព្រះយេស៊ូទតឃើញលោកណាថាណាអែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖​«អ្នកនេះជាជនជាតិអ៊ីស្រាអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ លោកណាថាណាអែលទូលសួរព្រះអង្គថា៖​«តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល់?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖«ខ្ញុំឃើញអ្នកកាលអ្នកនៅក្រោមដើមស្វាយមុនភីលីពហៅអ្នកទៅទៀត»។ លោកណាថាណាអែលទូលព្រះអង្គថា៖«ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយក៏ពិតជាព្រះមហាក្សត្ររបស់ជនជាតិអ៊ីស្រាអែលមែន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«អ្នកជឿ មកពីអ្នកឮខ្ញុំនិយាយ​ថា ខ្ញុំឃើញអ្នកនៅក្រោមដើមស្វាយ។ ថ្ងៃក្រោយ អ្នកមុខតែនឹងឃើញការអស្ចារ្យលើសពីនេះទៅទៀត»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយពួកទេវទូតរបស់ព្រះជាម្ចាស់ចុះឡើងពីលើបុត្រមនុស្ស»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយព្រះអំណោយដែលព្រះអង្គបានប្រទានឱ្យយើងខ្ញុំ សូមឱ្យយើងខ្ញុំទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ផ្លាស់ប្តូរដ៏អស្ចារ្យនៃអភិបូជានេះ។ យើងខ្ញុំសូមចូលរួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គ ដែលចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ! ព្រះបុត្រាបានសម្តែងសិរីរុងរឿង និងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំឃើញ។ ព្រះបុត្រាបានប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គសព្វព្រះហឫទ័យលះបង់ឋានៈខ្ពង់ខ្ពស់បំផុត ដើម្បីកើតជាមនុស្សសាមញ្ញធម្មតា ទ្រង់រួមសុខរួមទុក្ខជាមួយយើងខ្ញុំ។ ព្រះបុត្រាពិតជាពន្លឺបង្ហាញអត្ថន័យនៃដំណើរជីវិតយើងខ្ញុំមែន!។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូតនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះជាអម្ចាស់ជាព្រះបិតា ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូគ្រីស្តក្នុងអភិបូជានេះ។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រទានកម្លាំងចិត្តឱ្យយើងខ្ញុំ និងឱ្យយើងខ្ញុំកាន់កិរិយាត្រឹមត្រូវជារៀងរាល់ថ្ងៃផង។