២៥ ឆ្នូ អភិបូជានៅពេលយប់

Written on 24/10/2026
Boy KANN

បុណ្យលើកតម្កើងព្រះយេស៊ូប្រសូត
ពណ៌ស

បុណ្យព្រះយេស៊ូប្រសូត

ពាក្យ “ណូអែល” ជាពាក្យបារាំង មានន័យថា “កំណើត”។ តាមពិត គ្មាននរណាដឹងច្បាស់ថា ព្រះយេស៊ូប្រសូត្រនៅថ្ងៃណាទេ តែព្រះសហគមន៍បានសន្មតយកថ្ងៃទី២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុណ្យរំឭកថ្ងៃព្រះអង្គប្រសូត ព្រោះចាប់ពីថ្ងៃទី២៥ ខែធ្នូ តទៅពេលថ្ងៃកាន់តែវែងឡើងបន្តិចម្តងៗ ឯពេលយប់ក៏កាន់តែខ្លីបន្តិចម្តងៗទៅដែរ។ គ្រីស្តបរិស័ទសន្មតយកថ្ងៃទី២៥ ខែធ្នូ ដូច្នេះ ដោយមានបំណងចង់គោរពព្រះយេស៊ូទុកជាពន្លឺដ៏ពិតប្រាកដ ដែលបំភ្លឺមនុស្សលោក។ ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត្រ គ្រីស្តបរិស័ទមិនគ្រាន់តែនាំគ្នាធ្វើបុណ្យរំឭកព្រឹត្តិការណ៍ដែលកើតមានឡើងកាលពីអតីតកាលនោះទេ គឺគេនាំគ្នារិះគិតអំពីអត្ថន័យ កំណើតរបស់ព្រះយេស៊ូនោះវិញ។ ព្រះយេស៊ូពិតជាមនុស្សធម្មតា ដែលស្គាល់សុខ ស្គាល់ទុក្ខ និងទទួលមរណភាពដូចមនុស្សយើងដែរ។ ប៉ុន្តែ ព្រះយេស៊ូក៏ពិតជាព្រះគ្រីស្ត និងពិតជាព្រះបុត្រានៃព្រះជាម្ចាស់ដែរ។ ដោយព្រះគ្រីស្តមានជីវភាពដូចមនុស្សយើងបេះបិទ ជីវភាពរបស់មនុស្សយើងក៏ទទួលអត្ថន័យថ្មី និងទទួលតម្លៃដ៏ថ្លៃថ្នូរបំផុត។ ព្រះអង្គរួមសាមគ្គីជាមួយមនុស្សយើង ទ្រង់បង្ហាញសេចក្តីស្រឡាញ់របស់ព្រះបិតាចំពោះមនុស្សលោក ហើយក៏ស្រឡាញ់ព្រះបិតាក្នុងនាមមនុស្សយើងដែរ។ ព្រះយេស៊ូយាងមកនាំផ្លូវមនុស្សលោក ឆ្ពោះទៅកាន់ព្រះបិតា។ ព្រះយេស៊ូយាងមកសម្រុះសម្រួលមនុស្សលោកដែលទាស់ទែងគ្នា។ ព្រះយេស៊ូយាងមកបង្ហាញឱ្យដឹងថា មនុស្សគ្រប់ៗរូបមានកិត្តិយសខ្ពង់ខ្ពស់ ទោះខ្លួនជាអ្នកមានក្តី ជាអ្នកក្រក្តី ឬជាជាតិសាសន៍ណាក្តី ក៏ជីវិតមនុស្សយើងមានតម្លៃដ៏ថ្លៃថ្នូរបំផុតដែរ។ សព្វថ្ងៃនេះ ព្រះអង្គគង់នៅក្នុងពិភពលោកយើងនេះ។

អភិបូជានៅពេលយប់

ព្រះអម្ចាស់ប្រសូតជាមនុស្សដូចយើង! “ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយឱ្យមក“(យហ ៣,១៦)។ នេះជា ”ដំណឹងល្អ” ដ៏អស្ចារ្យសម្រាប់មនុស្សគ្រប់ៗរូប!។ នៅយប់នេះ យើងជាគ្រីស្តបរិស័ទនាំគ្នាគោរពព្រះគ្រីស្តទុកជាពន្លឺ បំភ្លឺមនុស្សទាំងអស់ក្នុងពិភពលោកទាំងមូល។ ព្រះអង្គប្រទានឱ្យជីវិតយើងទទួលអត្ថន័យថ្មី និងតម្លៃថ្លៃថ្នូរជាទីបំផុត។ “ព្រះជាម្ចាស់ប្រសូតមកជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះជាម្ចាស់”(សន្តអ៊ីរ៉េណេ)។

ពាក្យអង្វរនៅពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! នៅថ្ងៃនេះ ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាឱ្យ​យាងមកបំភ្លឺមនុស្សគ្រប់ជាតិសាសន៍។ យើងខ្ញុំសូមអរព្រះគុណព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសមនុស្សទាំងអស់ឱ្យស្គាល់ ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ! សូមបំភ្លឺចិត្តគំនិតយើងខ្ញុំ និងពង្រឹងជំនឿយើងខ្ញុំផង ដើម្បីឱ្យយើងខ្ញុំទៅជាពន្លឺបំភ្លឺអ្នកដទៃសព្វថ្ងៃនេះដែរ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ៩,១-៦)

ប្រជាជនដែលដើរក្នុងភាពងងឹត បានឃើញពន្លឺមួយដ៏ចិញ្ចែងចិញ្ចាច ហើយមានពន្លឺមួយលេចឡើង បំភ្លឺអស់អ្នកដែលរស់នៅក្រោមអំណាចនៃសេចក្តីស្លាប់។ បពិត្រព្រះអម្ចាស់! ព្រះអង្គប្រោសប្រទានឱ្យប្រជាជាតិនេះបានចម្រើនឡើង ព្រមទាំងឱ្យគេមានអំណរដ៏លើសលប់។ គេនឹងសប្បាយរីករាយនៅចំពោះព្រះភក្ត្រព្រះអង្គ ដូចជាសប្បាយនៅរដូវចម្រូត។ ព្រះអង្គបំបាក់នឹមដែលខ្មាំងសត្រូវដាក់លើគេ ព្រះអង្គរំដោះគេឱ្យរួចពីការជិះជាន់សង្កត់សង្កិនរបស់ខ្មាំងសត្រូវ។ ដ្បិតមានព្រះរាជ្យបុត្រមួយអង្គប្រសូតមកសម្រាប់យើង ព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គមកយើងហើយ។ បុត្រនោះបានទទួលអំណាចគ្រប់គ្រង គេនឹងថ្វាយព្រះនាមព្រះអង្គថា “ព្រះដ៏គួរស្ងើចសរសើរ” “ព្រះដ៏ប្រកបដោយព្រះប្រាជ្ញាញាណ” “ព្រះដ៏មានតេជានុភាពអង់អាច” “ ព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច” “ព្រះអម្ចាស់នៃសន្តិភាព”។ ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាចព្រះអង្គ នឹងធ្វើឱ្យរាជបល្ល័ង្ករបស់ព្រះបាទដាវីឌ និងនគររបស់ព្រះអង្គមានសេចក្តីសុខសាន្តរហូតទៅ។ ព្រះអង្គយកសេចក្តីសុចរិត និងយុត្តិធម៌មកពង្រឹងនគររបស់ព្រះអង្គឱ្យបានគង់វង្ស ចាប់ពីពេលនេះរហូតអស់កល្បជាអង្វែងតរៀងទៅ។ ព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់យ៉ាងខ្លាំងចំពោះយើង។

ទំនុកតម្កើងលេខ ៩៦,១-៣.១១-១៣ បទព្រហ្មគីតិ

១. ចូរច្រៀងបទថ្មីថ្វាយ ព្រះម្ចាស់ថ្លៃកុំឈរឈប់
  មនុស្សនៅលើពិភព ច្រៀងកុំឈប់ថ្វាយព្រះអង្គ ។
២. ចូរច្រៀងថ្វាយព្រះម្ចាស់ តម្កើងព្រះនាមត្រចង់
  ប្រកាសរាល់ថ្ងៃផង ពីបំណងដ៏ថ្លៃថ្លា ។
៣. ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិទីទៃ
  នូវរុងរឿងសិរី ព្រះហស្តថ្លៃដ៏អស្ចារ្យ ។
១១. សូមឱ្យអស់ផ្ទៃមេឃ ផែនដីស្រែកកុំសំចៃ
  សមុទ្រមានទឹកប្រៃ និងអ្វីៗមានសង្ឃឹម ។
១២. ចូរឱ្យស្រែចម្ការ អ្វីសព្វសារអរញញឹម
  ឱ្យដើមឈើរេរាំ លោតទន្ទ្រាំមុខព្រះម្ចាស់ ។
១៣. ដ្បិតព្រះអង្គយាងមក វិនិច្ឆ័យរកយុត្តិធម៌ណាស់
  កាត់ក្តីប្រជាច្បាស់ គ្មានក្រឡះដោយទៀងត្រង់ ។

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនលោកទីតូស (ទត ២,១១-១៤)

ព្រះជាម្ចាស់បានសម្តែងព្រះហឫទ័យប្រណីសន្តោសមក ដើម្បីសង្គ្រោះមនុស្ស​ទាំង​អស់។​​ ព្រះហឫទ័យប្រណីសន្តោសនេះ អប់រំយើងឱ្យលះបង់ចិត្តដែលមិនចេះគោរពប្រណិប័តន៍​ព្រះ​ជាម្ចាស់ចោល ឱ្យលះបង់សេចក្តីប៉ងប្រាថ្នាខាងលោកីយ៍ ដើម្បីឱ្យយើងរស់នៅក្នុងលោក​នេះដោយមានចិត្តធ្ងន់ សុចរិត និងគោរពប្រណិប័តន៍ព្រះជាម្ចាស់ ទាំងទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន្ទឹងរង់ចាំសុភមង្គល តាមសេចក្តីសង្ឃឹមរបស់យើង ហើយរង់ចាំព្រះយេស៊ូគ្រីស្តជាព្រះជាម្ចាស់ដ៏ឧត្តមបំផុត និង​ជា​​​ព្រះសង្គ្រោះនៃយើង យា​​​​​​​​​​​​​​​​​​ងមកប្រកបដោយសិរីរុងរឿង។ ព្រះអង្គបានបូជាព្រះជន្ម​របស់​ព្រះ​អង្គផ្ទាល់សម្រាប់យើង ដើម្បីលោះយើងឱ្យរួចផុតពីអំពើទុច្ចរិតគ្រប់យ៉ាង និងជម្រះប្រជារាស្ត្រមួយទុកសម្រាប់ព្រះអង្គផ្ទាល់ ជាប្រជារាស្ត្រដែលខ្នះខ្នែងប្រព្រឹត្តអំពើល្អ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្

អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំនាំដំណឹងល្អមួយប្រាប់អ្នករាល់គ្នា។ ដំណឹង​​​នេះនឹងធ្វើឱ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលប់ គឺយប់នេះព្រះសង្គ្រោះ​របស់អ្នករាល់គ្នាបានប្រសូតហើយ ទ្រង់ជាព្រះគ្រីស្ត ជាព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ២,១-១៤)

នៅគ្រានោះ ព្រះចៅអធិរាជរ៉ូមុាំងព្រះនាមអូគូស្ត មានព្រះរាជបញ្ជា​ឱ្យជំរឿន​ចំនួន​ប្រជាជនទាំងអស់ក្នុងចក្រភពរ៉ូមុាំងទាំងមូល។ ការជំរឿនប្រជាជន​លើកដំបូង​នេះ​បាន​ធ្វើឡើងក្នុងអំឡុងពេលដែលលោកគីរីញូស ធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ អ្នក​​ស្រុក​ទាំងអស់ត្រូវទៅចុះឈ្មោះក្នុងបញ្ជីតាមស្រុកកំណើតរៀងៗខ្លួន។ រីឯលោក​យ៉ូសែបក៏ចេញ​​ដំណើរភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដាជាភូមិ​កំណើតរបស់ព្រះបាទដាវីឌ ព្រោះលោកជាព្រះញាតិវង្សនឹងព្រះបាទដាវីឌ។ លោកទៅចុះ​ឈ្មោះជាមួយនាងម៉ារី ជាភរិយាដែលមានផ្ទៃពោះ។ ពេលអ្នកទាំងពីរនៅឯភូមិ​បេថ្លេហិម នាងម៉ារីគ្រប់ខែហើយ។ នាងសម្រាលបានបុត្រច្បង។ នាងរុំបុត្រនោះនឹងសំពត់ រួចដាក់​ឱ្យ​ផ្ទុំក្នុងស្នូកសត្វ ដ្បិតពុំមានសល់កន្លែងសំណាក់ក្នុងផ្ទះ។
ក្នុងស្រុកនោះ ពេលយប់មានពួកគង្វាលនៅមើលហ្វូងសត្វរបស់គេតាមវាលស្មៅ។ ពេល​នោះ​​ទេវទូតរបស់ព្រះអម្ចាស់មកឈរនៅក្បែរពួកគេ សិរីរុងរឿងរបស់ព្រះអម្ចាស់បានភ្លឺចិញ្ចែងចិញ្ចាចនៅជុំវិញគេ នាំឱ្យគេភ័យខ្លាចយ៉ាងខ្លាំង។ ទេវទូតពោលទៅគេថា៖«កុំខ្លាចអ្វីឡើយ! ខ្ញុំនាំដំណឹងល្អមួយមកប្រាប់អ្នករាល់គ្នា។ ដំណឹងនេះនឹងធ្វើឱ្យប្រជារាស្ត្រទាំងមូលមានអំណរដ៏លើសលប់ គឺយប់នេះនៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាបានប្រសូតហើយ ទ្រង់ជាព្រះគ្រីស្តជាព្រះអម្ចាស់។ នេះជាសញ្ញាសម្គាល់ឱ្យអ្នករាល់គ្នាដឹង គឺអ្នករាល់គ្នានឹងឃើញទារកមួយទើបនឹងកើតមក រុំដោយសំពត់ផ្តេកនៅក្នុង​ស្នូកសត្វ»។
រំពេចនោះ មានទេវទូតច្រើនកុះករចុះពីស្ថានបរមសុខមក រួមជាមួយទេវទូតនោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖«សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឱ្យមនុស្សលោក ដ៏ជាទីស្រឡាញ់របស់ព្រះអង្គ បានប្រកបដោយ​សេចក្តី​សុខសាន្តនៅលើផែនដី!»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គស្រឡាញ់មនុស្សលោកយ៉ាងខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក យើងខ្ញុំសូមអរព្រះគុណ​ព្រះអង្គ ហើយសូមយកប្រាក់ ធូប ផ្កា ទៀន នំ និងស្រាមកថ្វាយព្រះអង្គវិញ។ យើង​ខ្ញុំ​ក៏​សូមថ្វាយកាយ វាចា ចិត្ត ផងដែរ។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយទាំងនេះដោយអនុ​គ្រោះ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់​កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! យើងខ្ញុំសូមថ្លែងអំណរព្រះគុណព្រះអង្គដែលចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ! ព្រះបុត្រាបានសម្តែងសិរីរុងរឿង និងធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំឃើញ។ ព្រះបុត្រាបានប្រសូតជាមនុស្ស ដើម្បីឱ្យមនុស្សទៅជាបុត្រធីតារបស់ព្រះបិតា។ ព្រះអង្គសព្វព្រះហឫទ័យលះបង់ឋានៈខ្ពង់ខ្ពស់បំផុត ដើម្បីកើតជាមនុស្សសាមញ្ញធម្មតា ទ្រង់រួមសុខរួមទុក្ខជាមួយយើងខ្ញុំ។ ព្រះបុត្រាពិតជាពន្លឺបង្ហាញអត្ថន័យនៃដំណើរជីវិតយើងខ្ញុំមែន!។

អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូតនៅស្ថានបរមសុខ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ!”។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យស្គាល់ព្រះគ្រីស្ត ជាពន្លឺដែលបំភ្លឺពិភពលោកទាំងមូល។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំ សូមប្រោសយើងខ្ញុំឱ្យទៅជាពន្លឺសម្រាប់បំភ្លឺអស់អ្នកដែលយើងខ្ញុំជួបជារៀងរាល់ថ្ងៃផង។