២១ ឆ្នូ​ ២០២៦

Written on 25/09/2026
Catholic Faith Cambodia

ថ្ងៃចន្ទ រដូវអបអរសាទរ សប្តាហ៍ទី០៤
ពណ៌ស្វាយ

ពាក្យអធិដ្ឋានពេលចូល 

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គចាត់ព្រះបុត្រាព្រះអង្គឱ្យយាងមករួមរស់ជាមួយមនុស្សលោក និង​យាងមកប្រទានកិត្តិយសដ៏ថ្លៃថ្លាឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំទទួលសិរីរុងរឿងរបស់ ព្រះអង្គនៅថ្ងៃព្រះគ្រីស្តយាងមកវិញផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរបទចំរៀងរបស់ព្រះបាទសាឡូម៉ូន (បច ២,៨-១៤)

នាងខ្ញុំឮសំនៀងម្ចាស់ជីវិតខ្ញុំ។ គាត់កំពុងតែមកទាំងលោតផ្លោះនៅលើភ្នំតូចធំ។ ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្តាន់ ឬដូចប្រើសស្ទាវ មើល៍គាត់ឈរនៅខាងក្រៅផ្ទះ គាត់អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។ ម្ចាស់ជីវិតខ្ញុំបំន្លឺសំឡេងមកខ្ញុំថា៖«អូនសម្លាញ់មាសបងអើយ! ចូរក្រោកឡើង! ស្រីស្រស់ស្អាតអើយ! ចូរចេញមក! ដ្បិតរដូវរងារកន្លងផុតទៅហើយ! រីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។ បុប្ផារីកស្គុះស្គាយពាសពេញស្រុក ដល់ពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារ លលកបូលលាន់ឮពេញក្នុងស្រុកយើង​។ ដើមស្វាយចាប់ផ្តើមផ្លែ ដើមទំពាំងបាយជូរមានផ្កាសាយក្លិនក្រអូប។ អូនសម្លាញ់​មាស​បងអើយ! ចូរក្រោកឡើង! ស្រីស្រស់ស្អាតអើយ! ចូរចេញមក! ព្រលឹងមាសបង​ប្រៀប​ដូចជាព្រាបលាក់ខ្លួននៅតាមក្រហែងថ្ម។ សូមបង្ហាញមុខអូនឱ្យបងឃើញផង! សូមបន្លឺសំឡេងឱ្យបងឮផង ដ្បិតសំឡេងអូនពីរោះ ហើយមុខរបស់អូនស្អាតណាស់»។

ទំនុកតម្កើងលេខ ៣៣ ,២-៣.១១-១២.២០-២១ បទព្រហ្មគីតិ

២. ដេញពិណលើកតម្កើង ព្រះនៃយើងគ្មានអ្វីស្មើ  
  លេងចាប៉ីបណ្តើរ ដេញបង្ហើរខ្សែដប់ថ្វាយ ។
៣. ចូរច្រៀងទំនុកថ្មី ទាំងតន្រ្តីកុំជិនណាយ  
  សូរសៀងពិរោះក្រៃ ពេលសប្បាយអបអរទ្រង់ ។
១១. ឯផែនការព្រះអង្គ ស្ថិតនៅគង់មិនអន្តរាយ  
  គម្រោងការទាំងឡាយ មិនរលាយនៅស្ថិតស្ថេរ ។
១២. ប្រជាដែលគោរព បម្រើគ្រប់គ្មានទំនេរ  
  ទុកជាព្រះឥតប្រែ នោះជួបតែសុខគ្រប់គ្រា ។
  ជនដែលព្រះអង្គជ្រើស ឥតមានឃ្នើសជាទ្រព្យា  
  ជារាស្ត្រផ្ទាល់អង្គា នោះមុខជារួចផុតទុក្ខ ។
២០. យើងសូមផ្ញើជីវិត លើព្រះពិតឥតខកខាន  
  ជាខែលដ៏ចំណាន សង្គ្រោះប្រាណផុតភិតភ័យ ។
២១. យើងខ្ញុំសែនរីករាយ ចិត្តសប្បាយអរពេកក្រៃ  
  សូមផ្ញើជីវិតថ្លៃ លើព្រះទ័យល្អបំផុត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ អេម៉ានូអែលអើយ! សូមយាងមក! ព្រះអង្គបានប្រទានធម្មវិន័យឱ្យយើងខ្ញុំ!
ព្រះអង្គជាព្រះមហាក្សត្ររបស់យើងខ្ញុំ! ព្រះអម្ចាស់ជាព្រះរបស់យើងខ្ញុំ! សូមយាងមកសង្គ្រោះយើងខ្ញុំផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ១,៣៩-៤៥)

នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំក្នុងស្រុកយូដា។ នាងចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបំរះឡើង ហើយគាត់ក៏ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ រួចបន្លឺសំឡេងឡើងថា៖«ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា ព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ តើរូបខ្ញុំនេះមានឋានៈអ្វីបានជាមាតានៃព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ?។ កាលខ្ញុំឮពាក្យជម្រាបសួររបស់នាង ស្រាប់​តែកូននៅក្នុងផ្ទៃបំរះឡើងដោយអំណរសប្បាយ។ នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿថា ព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាង។ មុខជានឹងសម្រេចមិនខាន»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតែប្រទានសុភមង្គលដល់អ្នកជឿសង្ឃឹលើព្រះអង្គ។ ក្រៅពីជំនឿយើងខ្ញុំគ្មានអ្វីទៅថ្វាយព្រះអង្គឡើយ។ សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជា យើងខ្ញុំដោយអនុគ្រោះ សូមណែនាំយើងខ្ញុំឱ្យចូលរួមជាមួយព្រះយេស៊ូជាព្រះ​សង្គ្រោះ កាន់តែជិតស្និទ្ធឡើងៗផង គឺព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និង​សោយ​​​រាជ្យជាមួយព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំក្នុង​អភិបូជានេះ។ សូមទ្រង់ព្រះមេត្តាថែរក្សាការពារយើងខ្ញុំជាប្រជារាស្ត្ររបស់ព្រះអង្គ។ សូមតម្រែតម្រង់ចិត្តយើងខ្ញុំឱ្យចេះបម្រើព្រះអង្គដោយបម្រើអ្នកដទៃ។ សូមសង្គ្រោះ​យើង​​​ខ្ញុំទាំងខាងផ្លូវចិត្ត ទាំងខាងផ្លូវកាយផង។