០៤ ឆ្នូ ២០២៥

Written on 14/11/2026
Sokhorn Oem

 ថ្ងៃព្រហស្បតិ៍ រដូវអបអរសាទរ អាទិត្យទី០១
ពណ៌ស្វាយ

ឬសន្តយ៉ូហាននៅដាម៉ាហ្សែនជាបូជាចារ្យ

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ ដែលជាទីពឹងដ៏មាំមួនការពារយើងខ្ញុំជានិច្ច។ សូមព្រះអង្គបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ និងគាំទ្រយើងខ្ញុំផង។ សូមទ្រង់ព្រះមេត្តាសង្គ្រោះយើងខ្ញុំនៅពេលឆាប់ៗខាងមុខនេះ សូមកុំឱ្យអំពើបាបរបស់យើងខ្ញុំ រារាំងផ្លូវព្រះអង្គឡើយ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ (អស ២៦,១-៦)

នៅថ្ងៃនោះ អ្នកស្រុកយូដានឹងច្រៀងបទដូចតទៅ៖«យើងមានក្រុងមួយដ៏មាំមួន ព្រះអម្ចាស់បានដាក់កំពែង និងលើកដីទួលជុំវិញក្រុងនេះសម្រាប់ការពារយើង។ ចូរបើកទ្វារឡើង ឱ្យប្រជាជនដ៏សុចរិតដែលកាន់វិន័យដោយចិត្តស្មោះចូលផង។ បពិត្រព្រះអម្ចាស់ ! ព្រះអង្គប្រទានសេចក្តីសុខសាន្តត្រាណជានិច្ចនិរន្តរ៍ ព្រោះគេជឿសង្ឃឹមលើព្រះអង្គ។ ចូរជឿសង្ឃឹមលើព្រះអម្ចាស់ជានិច្ចចុះ ដ្បិតព្រះអម្ចាស់ប្រៀបបាននឹងថ្មដែលនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ ព្រះអង្គបានបន្ទាបមនុស្សមានចិត្តឆ្មើងឆ្មៃ ទ្រង់ក៏រំលំបន្ទាយនៅទីខ្ពស់ឱ្យធ្លាក់ដល់ដី ហើយកប់ក្នុងធូលីដីទៀតផង។ អ្នកតូចតាច និងអ្នកទន់ខ្សោយនឹងដើរជាន់លើក្រុងនេះ។

ទំនុកតម្កើងលេខ ១១៨,១.៨.១៩-២១.២៥-២៦ បទពាក្យ ៧

១. សូមលើកតម្កើងព្រះអម្ចាស់ ប្រសើរពេកណាស់ព្រះទ័យថ្លៃ  
  សប្បុរសករុណាត្រាប្រណី ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ
៨. ខ្ញុំសង្ឃឹមជ្រកនិងពឹងពាក់ មានជំនឿជាក់និងបំណង  
  លើព្រះអម្ចាស់ពេកកន្លង ជាងពឹងផ្អែកផងជនក្បាលខ្មៅ
១៩. ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស សុចរិតស្រីប្រុសមកប្រញាប់  
  ខ្ញុំនឹងចូលទៅឱ្យបានឆាប់ នឹងថ្លែងរៀបរាប់អរគុណទ្រង់
២០. ទ្វារនេះជាទ្វារព្រះអម្ចាស់ សូមជនស្រីប្រុសដើរតម្រង់  
  អ្នកសុចរិតអើយកុំបង្អង់ ទ្វារបើកបម្រុងនៅចាំអ្នក
២១. ខ្ញុំនឹងតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គត្រាស់ហៅដោយច្បាស់ជាក់  
  តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ ថែមទាំងថ្នមថ្នាក់ខ្ញុំជិតដល់
២៥. ឱ! ព្រះអម្ចាស់សូមសង្គ្រោះ ឱ្យខ្ញុំល្បីឈ្មោះមានសម្រស់  
  មានជោគមានជ័យខ្លាំងឥតខ្ចោះ យើងនឹកអាឡោះអាល័យណាស់
២៦. យើងសូមតម្កើងលើកព្រះអង្គ ដែលយាងមកក្នុងនាមព្រះម្ចាស់  
  យើងដែលស្ថិតក្នុងដំណាក់ព្រះ សូមពរតេជះល្អប្រពៃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (អស ៥៥,៦)

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាស្វែងរកព្រះម្ចាស់នៅពេលព្រះអង្បណ្តោយឱ្យរកឃើញបាន យើងនាំគ្នាអង្វរព្រះអង្គ នៅពេលព្រះអង្គគង់នៅជិតយើង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដម៉ាថាយ (មថ ៧,២១.២៤-២៧)

នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ ជុំវិញព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «អ្នកដែលចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ មិនមែនអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!”ប៉ុណ្ណោះទេ គឺអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានបរមសុខនោះវិញ។
អ្នកណាស្តាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សមានប្រាជ្ញាម្នាក់ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។ រីឯអ្នកដែលស្តាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឥតប្រាជ្ញាម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់។ ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងថ្មនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះបន្ទូលព្រះអង្គឱ្យយើងខ្ញុំ។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្តទៅព្រះអង្គ ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំឱ្យមាំមួនផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រោសយើងខ្ញុំឱ្យរួបរួមជាមួយព្រះគ្រីស្ត និងឱ្យទៅជាព្រះកាយព្រះគ្រីស្តក្នុងពិភពលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យគោរពបម្រើព្រះអង្គ ដោយមិនគ្រាន់តែពោលពាក្យសម្តីប៉ុណ្ណោះទេ គឺដោយប្រព្រឹត្តកិច្ចការទាំងអស់ ស្របតាមព្រះហឫទ័យព្រះអង្គជានិច្ចវិញផង។