០៣ កញ្ញា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី២២ ឆ្នាំ«គូ»
ពណ៌ស

បុណ្យរម្លឹក
សន្តហ្រ្គេហ្គ័រដ៏ប្រសើរឧត្តម
ជាសម្តេចប៉ាប និងជាគ្រូបាធ្យាយ

សូមចុចទីនេះ

លោកហ្គ្រេហ្គ័រ (៥៤០-៦០៤) ជាអភិបាលក្រុងរ៉ូម។​ លោកសូមលាមុខតំណែងទៅបួសក្នុងអារាមដែលលោកបានតែងតាំង។ តែសម្តេចប៉ាបសូមឱ្យលោកធ្វើទូតទៅក្រុងកុងស្ដាំងទីណូប្ល។ ក្រុមបូជាចារ្យបោះឆ្នោតជ្រើសរើសលោកធ្វើជាសម្តេចប៉ាបនៅឆ្នាំ ៥៩០។ លោកបម្រើព្រះសហគមន៍អស់ពីសម្ថភាព គឺលោកចាត់សាសនទូតទៅប្រទេសអង់គ្លេស ចាត់ចែងក្បួនពិធីបុណ្យនៅក្រុងរ៉ូមឱ្យមានបទចម្រៀងពិរោះ។ លោកនិពន្ធសៀវភៅជាច្រើនក្នុងគោលបំណងបកស្រាយគម្ពីរ ទាំងនឹកសញ្ចឹងគិតពីអត្ថន័យផង។ លោកបៀនប្រដៅគ្រីស្តបរិស័ទទាំងអស់ឱ្យរស់តាមដំបូន្មានរបស់ព្រះយេស៊ូ ព្រមទាំងដាស់តឿនអ្នកណែនាំព្រះសហគមន៍ឱ្យយកចិត្តទុកដាក់នឹងមនុស្សដែលព្រះជាម្ចាស់បានផ្ញើឱ្យគេនោះ។

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ៣,១៨-២៣)

បងប្អូនជាទីស្រឡាញ់!
សូមកុំបញ្ឆោតខ្លួនឯងឱ្យសោះ ប្រសិនបើមាននរណាម្នាក់​ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះ​តែងតែធើ្វ​ជាមនុស្សលេលាសិន ដើម្បីឱ្យបានទៅជាអ្នកប្រាជ្ញ។ ព្រះជាម្ចាស់ចាត់ទុក​ប្រាជ្ញារបស់លោកីយ៍នេះថា លេលា ដូចមានចែងទុកក្នុងគម្ពីរមកថា៖«ព្រះអង្គយក​កលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់​ពួកគេ»។ មានចែងទុកទៀតថា៖«ព្រះអម្ចាស់​ជ្រាបថា គំនិតរបស់អ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ។ ហេតុនេះ មិនត្រូវឱ្យនរណាម្នាក់អួតអាង ដោយយកមនុស្សជាបង្គោលឡើយ ដ្បិត​អ្វីៗទាំងអស់សុទ្ធតែបម្រើបងប្អូន ទោះបីប៉ូលក្ដី លោកអប៉ូឡូសក្ដី លោកកេផាសក្ដី ពិភពលោកនេះក្ដី ជីវិតក្ដី សេចក្ដីស្លាប់ក្ដី អ្វីៗដែលមាននៅពេលនេះ ឬនៅពេលអនាគត​ក្ដី សុទ្ធតែសម្រាប់បម្រើបង​ប្អូនទាំងអស់។ រីឯបងប្អូនវិញ បងប្អូនបម្រើព្រះគ្រីស្ដ ហើយព្រះគ្រីស្ដបម្រើព្រះជាអម្ចាស់។

ទំនុកតម្កើងលេខ ២៤ (២៣) ,១-៦ បទពាក្យ ៧

អ្វីៗដែលនៅលើផែនដី កើតមកច្រើនក្រៃមីរដេរដាស  
  សុទ្ធជាកម្មសិទិ្ធព្រះអម្ចាស់ ជាស្នាព្រះហស្ដនៃព្រអង្គ
គឺព្រះអង្គហើយដែលចាក់គ្រឹះ គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង  
  ធើ្វឱ្យផែនដីនៅរឹងប៉ឹង ធំធេងល្វើយល្វឹងលើសមុទ្រ
តើនរណាអាចឡើងភ្នំ វិហារឧត្ដមដ៏វិសុទ្ធ  
  ដែលជាទីស្ថានតែមួយគត់ ល្អល្អះបំផុតសែនសុខសាន្ដ
គឺមានតែអ្នកត្រឹមត្រូវល្អ ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន  
  មិនបណ្ដោយខ្លួនស្បថបំពាន នោះទើបអាចបានឡើងទីខ្ពស់
ព្រះជាអម្ចាស់ប្រទានពរ ជោគជ័យបវរសព្វទាំងអស់  
  ហើយព្រះអង្គបានជួយសង្គ្រោះ ទាំងប្រោសឱ្យរស់មានជីវិត
អ្នកទាំងនេះហើយគឺប្រជា ស្វះស្វែងម្នីម្នាចូលមកជិត  
  ជាអ្នកស្វែងរកព្រះម្ចាស់ពិត ព្រះភ័ក្រ្ដល្អល្អិតព្រះយ៉ាកុប

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ៤,១៩)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលត្រាស់ហៅថា៖ «សូមអញ្ជើញ​មកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នករាល់គ្នាឱ្យនេសាទមនុស្សវិញ»។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ​៥,១-១១) 

ថ្ងៃមួយ ព្រះយេស៊ូគង់នៅមាត់បឹងកេនេសារ៉ែត មានបណ្ដាជនជាច្រើនប្រជៀតគ្នា​​នៅជុំវិញព្រះអង្គ ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះអង្គទតឃើញទូកពីរ​ចតនៅមាត់ច្រាំង រីឯអ្នកនេសាទនាំគ្នាចុះទៅលាងអួនរបស់គេ។ ព្រះយេស៊ូយាង​ចុះទៅក្នុងទូករបស់លោកស៊ីម៉ូន រួចទ្រង់សុំឱ្យគាត់ចេញទូកទៅឆ្ងាយពីច្រាំងបន្ដិច។ ព្រះអង្គគង់បង្រៀនបណ្ដាលជនពីក្នុងទូកនោះ។ លុះព្រះអង្គបង្រៀនគេចប់ហើយ ទ្រង់មានព្រះបន្ទូលទៅកាន់លោកស៊ីម៉ូនថា៖«ចូរ​បង្ហួសទូកទៅទឹកជ្រៅ រួចនាំគ្នាទម្លាក់អួនចុះ»។ លោកស៊ីម៉ូនតបទៅព្រះយេស៊ូ​វិញថា៖​​«លោក​គ្រូ! យើងខ្ញុំបានអូសអួនពេញមួយយប់ហើយ អត់បានត្រីមួយសោះ។ ប៉ុន្ដែ បើលោក​គ្រូមានប្រសាសន៍ដូចច្នេះ ខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោកគ្រូ»។ គេក៏ទម្លាក់អួនទៅក្នុង​ទឹក ជាប់ត្រីយ៉ាងច្រើន ស្ទើរតែធ្លាយអួន។ គេបក់ដៃហៅមិត្តភក្ដិដែលនៅក្នុងទូកមួយទៀតឱ្យ​មកជួយ។ ពួកនោះមកដល់ ជួយចាប់ត្រីដាក់ពេញទូកទាំងពីរស្ទើរតែនឹងលិច។ ពេលលោក​ស៊ីម៉ូនសិលាឃើញដូច្នោះ គាត់ក្រាបទៀបព្រះបាទាព្រះយេស៊ូ ហើយទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមព្រះអង្គយាងឱ្យឆ្ងាយពីទូលបង្គំទៅ! ព្រោះទូលបង្គំជាមនុស្សបាប»។ លោក​ស៊ីម៉ូននិយាយដូច្នេះ ព្រោះគាត់ និងអស់អ្នកដែលនៅជាមួយភ័យស្ញប់ស្ញែងជាខ្លាំង នៅពេល​ដែលពួកគេបានឃើញត្រីច្រើនយ៉ាងនេះ។ រីឯលោកយ៉ាកុប និងលោកយ៉ូហាន ជាកូនលោក​សេបេដេដែលនេសាទរួមជាមួយលោកស៊ីម៉ូន ក៏មានចិត្តដូច្នោះដែរ។ ប៉ុន្ដែ ព្រះយេស៊ូមាន​ព្រះបន្ទូលទៅលោកស៊ីម៉ូនថា៖ «កុំខ្លាចអី! ពីពេលនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ»។​ ពេលទូកទៅដល់មាត់ច្រាំងវិញ គេបោះបង់របស់របរទាំងអស់ចោល​​​​​​​ រួចនាំគ្នាដើរតាម​ព្រះយេស៊ូទៅ។

​​