០៤ កញ្ញា ២០២៦

Written on 10/12/2025
Sokhorn Oem

ថ្ងៃសុក្រ រដូវធម្មតា អាទិត្យទី២២ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ៤,១-៥)

បងប្អូនជាទីស្រឡាញ់!
សូមបងប្អូនចាត់ទុកយើងថា ជាអ្នកធើ្វការក្រោមអំណាច​របស់​ព្រះគ្រីស្ដ និងជាអ្នកមើលការខុសត្រូវលើគម្រោងការដ៏លាក់កំបំាងរបស់ព្រះ​​ជាម្ចាស់។ ចំពោះអ្នក​មើលការខុសត្រូវ គួរតែមានចិត្តស្មោះត្រង់។ ចំពោះរូបខ្ញុំ​ទោះបីបងប្អូនវិនិច្ឆ័យក្ដី ឬមនុស្ស​លោកវិនិច្ឆ័យក្ដី ក៏ខ្ញុំមិនខ្វល់ខ្វាយអ្វីទេ ហើយរូបខ្ញុំ​ផ្ទាល់ក៏ខ្ញុំមិនវិនិច្ឆ័យខ្លួនឯងដែរ ដ្បិតក្នុងចិត្ត​ខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានធើ្វអ្វីខុសឡើយ។ ប៉ុន្ដែ មិនមែនការយល់ឃើញរបស់ខ្ញុំនេះទេ ដែលធើ្វឱ្យខ្ញុំបានសុចរិត​​ មានតែព្រះអម្ចាស់​ប៉ុណ្ណោះ ដែលវិនិច្ឆ័យខ្ញុំ។ ហេតុនេះ សូមបងប្អូនកុំវិនិច្ឆ័យដាក់ទោស​នរណាមុនពេល​កំណត់ឡើយ ត្រូវរង់ចាំព្រះអម្ចាស់យាងមកដល់សិន គឺព្រះអង្គនឹងយកអ្វីៗ​ដែលមនុស្ស​បង្កប់ទុកក្នុងទីងងឹតមកដាក់នៅទីភ្លឺ ហើយព្រះអង្គក៏នឹងបង្ហាញការប៉ងប្រាថ្នានៃ​ចិត្ត​មនុស្សដែរ។ នៅពេលនោះ ព្រះជាម្ចាស់នឹងសរសើរមនុស្សម្នាក់ៗ ស្របតាមការដែល​​ខ្លួនបានប្រព្រឹត្ត។

ទំនុកតម្កើងលេខ ៣៧ (៣៦),៣-៦.២៧-២៨.៣៩-៤០ បទព្រហ្មគី​តិ

ចូរធើ្វអំពើល្អ ចិត្តស្មោះសរផ្ញើជីវិត  
  លើព្រះដ៏សក្ដិសិទ្ធ នោះអ្នកពិតជាសុខសាន្ដ
ចូរស្វែងរកមង្គល កុំបីខ្វល់ឬខកខាន  
  ព្រះអង្គនឹងប្រទាន ឱ្យអ្នកមានតាមបំណង
ចូរផ្ញើព្រេងវាសនា ក្នុងហត្ថាព្រះអង្គផង  
  ព្រះអង្គនឹងគ្រប់គ្រង ឥតមានហ្មងតាមសន្យា
ព្រះអង្គនឹងបង្ហាញ ឱ្យគេឃើញយ៉ាងច្បាស់ថា  
  អ្នកសុចរិតថ្លៃថ្លា ដូចសូរិយាពេញរស្មី
២៧ ចូរកុំធើ្វអាក្រក់ រឿងគម្រក់កុំទៅក្បែរ  
  នោះអ្នកនឹងស្ថិតស្ថេរ លើដីកេរតរៀងទៅ
២៨ ព្រះម្ចាស់សព្វព្រះទ័យ ពន់ពេកក្រៃគ្មានហ្មងសៅ  
  យុត្តិធម៌ត្រង់ត្រឹមត្រូវ តរៀងទៅទ្រង់មិនភ្លេច
  ព្រះអង្គមិនបង់បោះ គេទាំងនោះដោយកលល្បិច  
  ព្រះអង្គជាន់ពន្លិច វិនាសខ្ទេចពូជអាក្រក់
៣៩ ព្រះម្ចាស់តែងសង្គ្រោះ មនុស្សទាំងអស់ឥតទោរម្នេញ  
  ជាកំពែងពោរពេញ ការពារពាំងគ្រាអាសន្ន
៤០ ព្រះអម្ចាស់សង្គ្រោះ និងរំដោះមិនភាំងភាន់  
  សង្គ្រោះគេបន្ទាន់ ព្រោះជ្រកកោនក្រោមបារមី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ១៩,៧៩

អាលេលូយ៉ា! អាលេលូយ៉ា!
យើងនាំគ្នាអរសប្បាយឡើង ព្រោះព្រះជាម្ចាស់​បានចងសម្ពន្ធមេត្រីថ្មី! អស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គ​លការនៃកូនចៀម អ្នកទាំងនោះពិតជាមានសុភមង្គលហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ​៥,៣៣-៣៩) 

នៅថ្ងៃនោះ មានគេទូលសួរព្រះយេស៊ូថា៖«ពួកសិស្សរបស់លោកយ៉ូហាន និងពួក​​សិស្សខាងគណៈផារីស៊ីតែងតែតមអាហារ និងសូត្រធម៌ជាញឹកញាប់ ចុះហេតុដូចម្ដេច​បានជា​សិស្សរបស់លោកបែរជានាំគ្នាបរិភោគដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូល​តបទៅគេវិញថា៖​«ក្នុងពិធី​មង្គលការ ពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតម​អាហារកើតឬ?។ ទេ! គេមិនអាចតម​បានឡើយ! បើថ្ងៃក្រោយពេលគេចាប់ស្វាមី​​យកទៅ ទើបភ្ញៀវទាំងនោះតមអាហារ»។​ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖«ពុំដែលមាននរណាហែកសម្លៀក​​​បំពាក់​ថ្មីយកទៅប៉ះសម្លៀកបំពាក់ចាស់នោះឡើយ បើធ្វើដូច្នេះ សម្លៀកបំពាក់ថ្មីនឹ​​​​​ង​ត្រូវរហែក ហើយ​ក្រណាត់ចាស់ និងក្រណាត់ថ្មីក៏មិនសមគ្នាដែរ។ ពុំដែលមាននរណាច្រកស្រាទំពាំងបាយជូរ​ថ្មីទៅក្នុងថង់ស្បែកចាស់ឡើយ បើធើ្វដូច្នេះ ស្រាថ្មី និង​ធើ្វ​ឱ្យ​ថង់ស្បែកចាស់នោះធ្លុះ បណ្ដាល​ឱ្យស្រាហូរចេញ ហើយថង់ស្បែកក៏ត្រូវខូចខាតមិនខាន ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី។ កាលបើបានពិសាស្រាទំពាំងបាយជូរចាស់ហើយ មិនដែលមាននរណាចង់ពិសាស្រាថ្មីទេ​ ព្រោះគេថា “ស្រាចាស់ឆ្ងាញ់ជាងស្រាថ្មី»។

​​