២៤ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី២៥ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងព្រះគម្ពីរសាស្ដា (សស ១,២-១១)

សាស្ដាបានថា អ្វីៗទាំងអស់សុទ្ធតែឥតន័យ ឥតខ្លឹមសារ និងឥតបានការ មនុស្ស​ខិតខំធើ្វការយ៉ាងនឿយហត់នៅលើផែនដី តើបានប្រយាជន៍អ្វី? មនុស្សមួយជំនាន់​ចាកចេញពីលោកនេះទៅ មនុស្សមួយជំនាន់ទៀតចូលមក ហើយផែនដីនៅស្ថិតស្ថេរ​ដដែល។ ព្រះអាទិត្យរះឡើងរួចលិចទៅវិញ ហើយប្រញាប់វិលត្រឡប់ទៅកន្លែងដែលត្រូវរះសាជាថ្មី។ ខ្យល់បក់ទៅខាងត្បូង ទៅខាងជើងវិញ វិលទៅវិលមក បក់​តាមទិសរបស់ខ្លួនវិញ។ ទន្លេទាំងប៉ុន្មានហូរចាក់ទៅក្នុងសមុទ្រ តែសមុទ្រមិនចេះពេញ​ឡើង។ ហើយទឹកទន្លេក៏វិលទៅហូរតាមផ្លូវរបស់វាដែរ។ អ្វីៗទាំងអស់សុទ្ធតែច្រំដែលៗ​រហូតដល់មនុស្សរកពាក្យមកថ្លែងពុំបាន។ ភ្នែកសម្លឹងមើលតែមិនចេះស្កប់​ ត្រចៀក ត្រង់ត្រាប់ស្ដាប់តែមិនចេះធុញទ្រាន់។ ហេតុការណ៍ដែលមានកាលពីមុនក៏នឹងមាននៅពេលខាងមុខ ការអ្វីដែលគេធើ្វពីមុន​ គេនឹងធើ្វនៅពេលខាងមុខដែរ គឺនៅលើផែនដីគ្មានការអ្វីថ្មីសោះឡើយ។ ប្រសិនបើគេពោលអំពីហេតុការណ៍អ្វីមួយថា “នេះជាហេតុការណ៍ថ្មី” តោងដឹងថា ហេតុការណ៍នោះធ្លាប់កើតមានតាំងពីបុរាណកាលរួចស្រេច​ទៅហើយ។ គ្មាននរណានឹកចាំពីអតីតកាលទេ ហើយហេតុការណ៍ដែលកើតឡើងនៅ​អនាគត ក៏មនុស្សជំនាន់ក្រោយមិននឹកចាំដែរ។

ទំនុកតម្កើងលេខ ៩០ (៨៩),៣-៦.១២-១៤.១៧ បទពាក្យ ៧

៣ ព្រះអង្គធើ្វឱ្យមនុស្សគ្រប់ទី ក្លាយជាធូលីដីវិញណា  
  គឺព្រះអង្គមានបន្ទូលថា៖ «អស់ពូជពង្សអដាំវិលវិញ!» ។
៤ ចំពោះព្រះអង្គរយៈពេល មួយពាន់ឆ្នាំក្រែលដូចម្សិលមិញ  
  ឬដូចជាពេលមួយយប់ពេញ កន្លងផុតចេញទៅថ្មីៗ ។
៥ ព្រះអង្គដកយកជិវិតមនុស្ស ជីវិតទាំងអស់សព្វអ្វីៗ  
  គឺប្រៀបបីដូចជាស្មៅខ្ចី មិនពិបាកអីដូចយល់សប្ដិ ។
៦ នៅពេលព្រឹកព្រាងមានរស្មើ ស្មៅដុះពីដីហើយត្រឡប់  
  ជាក្រៀមស្រពោនសែនអភ័ព្វ ពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី ។
១២ សូមណែនាំខ្ញុំឱ្យដឹងថា អាយុសង្ខារខ្ញុំឥឡូវ  
  កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ ដើម្បីជាផ្លូវខ្ញុំរិះគិត ។
១៣ ឧិព្រះអម្ចាស់សូមប្រញាប់ យាងមកឆាប់ៗប្រាប់ការពិត  
  កុំនៅបង្អង់សូមអាណិត អាសូរដល់ចិត្តអ្នកបម្រើ ។
១៤ សូមសម្ដែងហប្ញទ័យមេត្តា ដោយក្ដីករុណាដ៏ប្រសើរ  
  ចំពោះខ្ញុំជាអ្នកបម្រើ ខ្ញុំមានអំណរគ្រប់វេលា ។
១៧ ឧិព្រះម្ចាស់អើយសូមសម្ដែង សេចក្ដីស្រឡាញ់មកខ្ញុំផង  
  សូមជួយពង្រឹងការទាំងពួង ខ្ញុំឱ្យខ្ជាប់ខ្ជួនរៀង​​​រហូត ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន២,១០-១១

អាលេលូយ៉ា! អាលេលូយ៉ា!
សេ្ដចទាំងឡាយអើយ! ឥឡូវនេះចូររិះគិតពិចារណាឡើង! ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច! ចូរថ្វាយបង្គំព្រះអង្គទាំងញាប់ញ័រ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ៩,៧-៩) 

ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជជ្រាបហេតុការណ៍ទាំងអស់ដែលកើតមានឡើង។ ទ្រង់មិនដឹងជាត្រូវគិតយ៉ាងណា ព្រោះមានអ្នកខ្លះនិយាយថា៖ «លោកយ៉ូហានបាទីស្ដ​រស់ឡើងវិញហើយ»។ អ្នកខ្លះទៀតនិយាយថា៖«មានព្យាការីអេលីបង្ហាញខ្លួនឱ្យ​គេឃើញ»។ ហើយអ្នកខ្លះទៀតនិយាយថា៖ «មានព្យាការីមួយរូបពីសម័យបុរាណ​រស់ឡើងវិញ»។ រីឯព្រះបាទហេរ៉ូដមានរាជឧិង្ការថា៖ «យើងបានឱ្យគេកាត់កយ៉ូហាន​ស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថា បានធើ្វការអស្ចារ្យទាំងនោះជា​នរណា?»។ ព្រះបាទហេរ៉ូដមានបំណងចង់ជួបព្រះយេស៊ូ។