១០ កញ្ញា ២០២៦

Written on 16/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី២៣ ឆ្នាំ«គូ»
ពណ៌បៃតង

សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស (១ករ ៨,១-៧.១០-១៣)

បងប្អូនជាទីស្រឡាញ់!
ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ដែលគេសែនព្រះក្លែង​ក្លាយរួចហើយ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង​រមែងនាំឱ្យអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់ រមែងតែងតែជួយកសាង។ ប្រសិនបើ​មានអ្នកណាម្នាក់នឹកស្មានថា ខ្លួនចេះដឹងហើយ បានសេចក្ដីថា​ អ្នកនោះនៅមិនទាន់ចេះ​ដឹងដូចដែលខ្លួនត្រូវចេះដឹងនោះឡើយ។ ផ្ទុយទៅវិញ អ្នកណាស្រឡាញ់ព្រះជាម្ចាស់​ ព្រះអង្គក៏ស្គាល់អ្នកនោះដែរ។ ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែន​ព្រះក្លែងក្លាយ យើងដឹងហើយថា ក្នុងលោកនេះ ក្រៅពីព្រះជាម្ចាស់តែមួយព្រះអង្គគត់ គ្មានព្រះឯណាទៀតសោះឡើយ។ ទោះបីមានអ្វីៗដែលមនុស្សលោកចាត់ទុកជាព្រះនៅលើមេឃ ឬនៅលើផែនដីក៏ដោយ (ដ្បិតគេជឿថា ព្រះក៏មានច្រើន ម្ចាស់ក៏មានច្រើន) ក៏យើងជឿថា មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតសម្រាប់បម្រើព្រះអង្គ។ យើងជឿទៀតថា មានព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះយេស៊ូគ្រីស្ដ។ អ្វីៗសព្វ​សារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិត ក៏ដោយសារព្រះអង្គដែរ។ ប៉ុន្ដែ មិនមែនគ្រប់គ្នាទេដែលដឹងសេចក្ដីនេះ។ អ្នកខ្លះនៅតែជំពាក់ចិត្តនឹងព្រះក្លែងក្លាយនៅឡើយ គេបរិភោគសាច់ទាំងនោះ ទុកដូចជាសំណែន ហើយដោយ​មនសិការរបស់គេមិនភ្លឺស្វាង ក៏នឹកស្មានថា ខ្លួនត្រូវសៅហ្មង។ បងប្អូនជាអ្នកចេះដឹង​អើយ! ប្រសិនបើនរណាម្នាក់ដែលមានមនសិការទន់ខ្សោយ ឃើញបងប្អូនអង្គុយ​បរិភោគក្នុងវិហាររបស់ព្រះក្លែងក្លាយ នោះគេមុខជាយល់ឃើញថា គេអាចបរិភោគ​សាច់ដែលសែនព្រះក្លែងក្លាយជាមិនខាន។ ដូច្នេះ ការចេះដឹងរបស់បងប្អូន បែរជានាំអ្នកទន់ខ្សោយឱ្យវិនាសអន្ដរាយ តែព្រះគ្រីស្ដសោយទិវង្គត ដើម្បីសង្រ្គោះគេ!។ ដោយបងប្អូនប្រព្រឹត្តអំពើបាបបែបនេះចំពោះបងប្អូនឯទៀតៗ និងដោយធើ្វអំពើ​ដែលឱ្យទាស់នឹង មនសិការរបស់គេនោះ បងប្អូនក៏ដូចជាប្រព្រឹត្តអំពើបាប​ចំពោះ​ព្រះគ្រីស្ដផ្ទាល់ដែរ។ ហេតុនេះ ប្រសិនបើចំណីអាហារណាមួយធើ្វឱ្យបងប្អូនរបស់ខ្ញុំធ្លាក់ក្នុងអំពើបាប ខ្ញុំនឹងមិនបរិភោគសាច់ទៀតជាដាច់ខាត ដើម្បីកុំឱ្យបងប្អូនខ្ញុំធ្លាក់ក្នុងអំពើបាបឡើយ។​​

ទំនុកតម្កើងលេខ ១៣៩ (១៣៨) ,១-៣.១៣-១៤.២៣-២៤ បទពោក្យ ៧

១ បពិត្រព្រះម្ចាស់ដ៏សប្បុរស ទ្រង់ឈ្វេងយល់អស់ជម្រៅចិត្ត  
  នៃទូលបង្គំដែលមានពិត ព្រះអង្គស្គាល់ឥតសល់ចន្លោះ ។
២ ទ្រង់ជ្រាបឥតបីមានសង្ស័យ ក្រោកឈរអង្គុយគ្រប់ទាំងអស់  
  ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះ ពីមុនទាំងអស់ស្រេចទៅហើយ ។
៣ ទោះបីដើរដេកធើ្វកិច្ចការ តិចច្រើនម្ដេចម្ដាមិនបាត់ឡើយ  
  ព្រះអង្គទ្រង់ជ្រាបអស់ទៅហើយ សម្រាកក៏ដោយមិនកំបាំង ។
១៣ ព្រះអង្គបង្កើតខ្ញុំបានសុខ ហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ  
  អ្នកម្ដាយមានគុណយូរខែថ្ងៃ សន្ដោសប្រណីគ្រប់កាយា ។
១៤ ខ្ញុំសូមលើកតម្កើងព្រះអង្គ ស្នាព្រះហស្ដទ្រង់ដ៏អស្ចារ្យ  
  ខ្ញុំដឹងថាអ្វីគ្រប់ប្រការ សុទ្ធតែអស្ចារ្យកើតពីទ្រង់ ។
២៣ ឧិ! ព្រះម្ចាស់អើយសូមពិនិត្យ ឱ្យបានស្គាល់ចិត្តផុតកង្វល់  
  ទាំងល្បងមើលខ្ញុំឱ្យអស់ខ្វល់ ដើម្បីបានយល់អ្វីខ្ញុំគិត ។
២៤ សូមព្រះជាម្ចាស់ទតមើលតើ ខ្ញុំមិនបានដើរខុសពីក្រឹត្យ  
  ជួយដឹកនាំខ្ញុំឱ្យជួបជិត មាគ៌ាប្រណីតនៅអស់កល្ប ។

ពិធីអបអរសាទរព្រះគម្ពិរដំណឹងល្អតាម (១យហ១៤,១២)

អាលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គនឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ​៦,២​៧-៣៨) 

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដែលកំពុង​ស្ដាប់ខ្ញុំថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន និងធើ្វអំពើល្អដល់អស់អ្នកដែលស្អប់អ្នករាល់គ្នា! ត្រូវជូនពរដល់អស់អ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា និងអង្វរព្រះជាម្ចាស់​ សូមទ្រង់ប្រទានពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា។ ប្រសិនបើមានគេទះ​កំផ្លៀងអ្នកម្ខាង ចូរបែរឱ្យគេទះម្ខាងទៀតចុះ។ ប្រសិនបើគេយកអាវធំរបស់អ្នក ចូរឱ្យគេយកអាវក្នុងថែមទៀតទៅ!។​​ បើមានអ្នកណាសុំអ្វីពីអ្នក ចូរឱ្យគេទៅ! ហើយ​បើគេរឹបអូសយកអ្វីដែលជារបស់អ្នក ចូរកុំទារពីគេវិញឡើយ!។ អ្នករាល់គ្នាចង់ឱ្យគេប្រព្រឹត្តចំពោះខ្លួនបែបណា ចូរប្រព្រឹត្តចំពោះគេបែបនោះដែរ។ បើអ្នករាល់គ្នា​ស្រឡាញ់ តែមនុស្សដែលស្រឡាញ់អ្នករាល់គ្នា តើនឹងមានគុណបំណាច់អ្វី? សូម្បីតែ​មនុស្សបាបក៏ចេះស្រឡាញ់គ្នាគេដែរ។ ហើយបើអ្នករាល់គ្នាធ្វើអំពើល្អចំពោះតែនឹង​មនុស្សណាដែលធ្វើអំពើល្អដល់អ្នករាល់គ្នា តើនឹងមានគុណបំណាចអ្វី? សូម្បីតែមនុស្ស​បាបក៏ចេះធ្វើអំពើល្អដល់គ្នាគេដែរ។ បើអ្នករាល់គ្នាឱ្យគេខ្ចីដោយសង្ឃឹមថា នឹងបាន​សំណងវិញ តើនឹងមានគុណបំណាច់អ្វី? សូម្បីតែមនុស្សបាបក៏ឱ្យគ្នាគេខ្ចីដើម្បី​ទទួលសំណងដូចដើមវិញដែរ។ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ហើយធើ្វល្អដល់គេ ​ព្រមទាំងឱ្យគេខ្ចីដោយកុំនឹកសង្ឃឹមចង់បានអ្វីវិញ​ឱ្យ​សោះ! ពេលនោះអ្នករាល់គ្នា​នឹងទទួលរង្វាន់យ៉ាងធំ។ អ្នករាល់គ្នានឹងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហប្ញទ័យសប្បុរសចំពោះជនអកតញ្ញូ និងជនកំណាចដែរ។ ចូរមានចិត្តមេត្តាករុណា ដូចព្រះបិតារបស់អ្នករាល់គ្នា ដែលមានព្រះហប្ញទ័យមេត្តា​ករុណា។ កុំថ្កោលទោសអ្នកដទៃឱ្យសោះ! នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃ​ឱ្យសោះ! នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឱ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឱ្យអ្នក​រាល់គ្នា។ ចូរធើ្វអំណោយដល់អ្នកដ៏ទៃ នោះព្រះជាម្ចាស់ក៏នឹងប្រទានអំណោយ​ដល់អ្នករាល់គ្នាដែរ ព្រះអង្គនឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹង​វាល់ឱ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឱ្យអ្នកដទៃ»។