ថ្ងៃពុធ រដូវធម្មតា អាទិត្យទី១៩ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល (អគ ៩,១-៧;១០,១៨-២២)
ខ្ញុំឮព្រះអង្គមានព្រះបន្ទូលយ៉ាងខ្លាំងៗថា៖«អស់អ្នកដែលត្រូវធ្វើទោសក្រុងយេរូសាឡឹមអើយ! ចូរនាំគ្នាកាន់អាវុធសម្រាប់ប្រល័យជីវិតចូលមក!»។ ពេលនោះខ្ញុំឃើញមានមនុស្សប្រាំមួយនាក់ចូលតាមទ្វារកំពែងខាងជើង ម្នាក់ៗកាន់អាវុធសម្រាប់ប្រហារជីវិត។ ក្នុងចំណោមអ្នកទាំងនោះ មានបុរសម្នាក់ពាក់អាវទេសឯកសុទ្ធ ស្ពាយប្រដាប់ប្រដាសរសេរនៅចង្កេះផង។ ពួកគេចូលមកឈរនៅខាងមុខអាសនៈលង្ហិន។ ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលដែលស្ថិតនៅលើខេរូប៊ីមអណ្តែតឡើងឆ្ពោះទៅមាត់ទ្វារព្រះដំណាក់។ ព្រះអម្ចាស់ត្រាស់ហៅបុរសដែលពាក់អាវទេសឯកសុទ្ធ និងស្ពាយប្រដាប់ប្រដាសម្រាប់សរសេរនោះមក ហើយមានព្រះបន្ទូលទៅគាត់ថា៖«ចូរដើរកាត់ក្រុងយេរូសាឡឹម ហើយគូសសញ្ញាជើងក្អែកលើថ្ងាសអស់អ្នកដែលស្រែកថ្ងូរ និងព្រួយចិត្ដដោយឃើញអំពើគួរឱ្យស្អប់ខ្ពើមទាំងប៉ុន្មានដែលអ្នកក្រុងនេះប្រព្រឹត្ត»។ បន្ទាប់មក ខ្ញុំឮព្រះអង្គមានព្រះបន្ទូលទៅអ្នកឯទៀតៗថា៖«ចូរដើរតាមក្រោយគាត់ ហើយប្រហារអ្នកក្រុងនេះទៅ កុំអាណិតមេត្តា និងត្រាប្រណីពួកគេឡើយ! ចូរសម្លាប់ពួកគេទាំងអស់គ្នាឱ្យផុតពូជ គឺទាំងចាស់ ទាំងកំលោះ ទាំងក្រមុំ ទាំងក្មេង ទាំងស្រ្តី តែកុំប៉ះពាល់អស់អ្នកដែលមានសញ្ញាជើងក្អែកឡើយ។ ចូរចាប់ផ្តើមពីទីសក្ការៈរបស់យើងទៅ!»។ អ្នកទាំងនោះក៏ចាប់ផ្តើមសម្លាប់ពួកព្រឹទ្ធាចារ្យដែលនៅខាងមុខព្រះដំណាក់ ។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖«ចូរធ្វើឱ្យព្រះដំណាក់ទៅជាសៅហ្មង ដោយទុក្ខសាកសពចោលពាសពេញទីលាន រួចនាំគ្នាចេញទៅចុះ!»។ ពួកគេក៏ចេញទៅវាយប្រហារជីវិតប្រជាជននៅក្នុងទីក្រុង។ សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្តែតឡើងពីមាត់ទ្វារព្រះដំណាក់ទៅសណ្ឋិតលើពួកខេរូប៊ីម។ ខ្ញុំឃើញខេរូប៊ីមទាំងនោះទទះស្លាបហោះឡើយ ហើយកង់ក៏ទៅជាមួយដែរ។ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលសណ្ឋិតនៅលើខេរូប៊ីម ហើយឈប់នៅមាត់ទ្វារកំពែងខាងកើតនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ពេលនោះ ខ្ញុំដឹងថា សត្វលោកដែលខ្ញុំបានឃើញនៅក្រោមព្រះនៃជនជាតិអ៊ីស្រាអែលក្បែរទន្លេកេបារ គឺខេរូប៊ីមនេះឯង។ ខេរូប៊ូមនីមួយៗមានមុខបួន មានស្លាបបួន ហើយនៅពីក្រោមស្លាបមានទ្រង់ទ្រាយដូចដៃមនុស្ស។ ខេរូប៊ីមទាំងនោះមានមុខដូចសត្វលោក ដែលខ្ញុំបានឃើញក្បែទន្លេកេបារបេះបិទ។ ខេរូប៊ីមនីមួយៗហើរទៅមុខយ៉ាងត្រង់។
ទំនុកតម្កើងលេខ ១១៣ (១១២),១-៦ បទព្រហ្មគីតិ
| ១ | អស់អ្នកបម្រើព្រះ | ជាអម្ចាស់ចូរនាំគ្នា | |
| សរសើរកុំរួញរា | ថ្កើងនាមានៃព្រះម្ចាស់ | ។ | |
| ២ | ចូរតម្កើងព្រះនាម | ព្រះម្ចាស់ភ្លាមកុំក្រឡះ | |
| កុំភ្លេចព្រះអម្ចាស់ | ពីពេលនេះរហូតទៅ | ។ | |
| ៣ | តាំងពីអារុណរះ | ភ្លឺស្រឡះមានកំដៅ | |
| ទល់ពេលថ្ងៃលិចទៅ | ចូរសរសើរកុំឈប់សោះ | ។ | |
| ៤ | ព្រះអម្ចាស់គង់ស្ថិត | លើប្រជាជាតិទាំងអស់ | |
| សិរីរុងរឿងខ្ពស់ | ព្រះម្ចាស់ហួសផុតអាកាស | ។ | |
| ៥ | តើមាននរណាមួយ | អាចធ្វើឱ្យដូចព្រះម្ចាស់ | |
| ព្រះអង្គគង់ខ្ពស់ណាស់ | លើអាកាសវិសុទ្ធក្រៃ | ។ | |
| ៦ | ព្រះអង្គត្រួតពិនិត្យ | យ៉ាងល្អន់ល្អិតមកផែនដី | |
| លើមេឃមិនសល់អ្វី | សព្វផែនដីមិនកំបាំង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ករ៥,១៩
អាលេលូយ៉ា! អាលេលូយ៉ា!
នៅក្នុងអង្គព្រះគ្រីស្ត ព្រះជាម្ចាស់បានលើកលែងទោសឱ្យមនុស្សលោក។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសម្រុះសម្រួលនេះមកក្នុងយើងដែរ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៨,១៥-២០)
នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖«ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះស្ងាត់ៗតែពីរនាក់ ហើយស្តីប្រដៅគាត់ទៅ។ បើគាត់ស្តាប់អ្នក អ្នកនឹងរក្សាបងប្អូននោះមិនឱ្យបាត់ឡើយ តែបើគាត់មិនព្រមស្តាប់អ្នកទេ ចូរនាំម្នាក់ឬពីរនាក់ទៀតទៅជាមួយ ជួយដាស់តឿនដើម្បីសម្រួលរឿងទាំងអស់ដោយមានសាក្សីពីរឬបីនាក់។ ប្រសិនបើគាត់មិនព្រមស្តាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ព្រះសហគមន៍ ហើយបើគាត់នៅតែមិនព្រមស្តាប់ព្រះសហគមន៍ទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធចុះ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី ព្រះជាម្ចាស់នឹងស្រាយនៅស្ថានបរមសុខដែរ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះរួមចិត្តគំនិតគ្នាទូលសូមអ្វីក៏ដោយ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខនឹងប្រទានឱ្យជាមិនខាន ដ្បិតនៅទីណាមានពីរឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។