១១ សីហា ២០២៦

Written on 13/02/2026
Sokhorn Oem

ថ្ងៃអង្គារ  រដូវធម្មតា អាទិត្យទី១៩ ឆ្នាំ«គូ»
ពណ៌ស


បុណ្យរម្លឹក
សន្តីក្លារ៉ា ជាព្រហ្មចារិនី

សូមចុចទីនេះ

នាងក្លារ៉ា (១១៩៣-១២៥៣) កើតនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ កាលនាងអាយុដប់ប្រាំបីឆ្នាំ។ នាថ្ងៃអាទិត្យធ្វើពិធីរំឭកព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម នាងថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់ ហើយយកតម្រាប់តាមសន្តហ្វ្រង់ស័រ គឺនាងលះបង់អ្វីៗទាំងអស់ ដើម្បីទៅតាមព្រះគ្រីស្ត នាងបានបង្កើតក្រុមគ្រួសារបព្វជីកាមួយគឺ “ក្រុមស្ត្រីក្រីក្រ” ឬ “ក្លារិស្ស”។

សូមថ្លែងព្រះគម្ពីរព្យាការីអេសេគីអែល (អគ ២,៨-៣,៤)

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! ចូរស្តាប់សេចក្តីដែលយើង​ប្រាប់! កុំមានចិត្តរឹងរូសដូចពូជបះបោរនេះឡើយ! ចូរ​ហាមាត់ ហើយបរិភោគអាហារដែលយើងនឹងឱ្យអ្នកនៅពេលនេះ»។ ពេលនោះ ខ្ញុំក្រឡេកមើលទៅឃើញដៃមួយកាន់ក្រាំងហុចមកឱ្យខ្ញុំ។ ដៃនោះបើកក្រាំងនៅចំពោះមុខខ្ញុំ ក្រាំងនោះមានសរសេរទាំងខាងក្នុងទាំងខាងក្រៅ ដែលកត់​ត្រាសុទ្ធតែពាក្យសំណោក ពាក្យទំនួញ និងពាក្យត្អូញត្អែរ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងឱ្យនេះ រួចទៅប្រៀន​ប្រដៅ ពូជពង្សអ៊ីស្រាអែលចុះ»។ ខ្ញុំក៏ហាមាត់ ហើយព្រះអង្គឱ្យខ្ញុំទទួលទានក្រាំង​នោះ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងប្រគល់ឱ្យយ៉ាងឆ្អែតចុះ!»។ ខ្ញុំក៏ទទួលទានក្រាំងនោះ ដែលមានរសជាតិផ្អែមដូចទឹកឃ្មុំនៅក្នុងមាត់ខ្ញុំ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖«កូនមនុស្សអើយ! ចូរទៅរកពូជពង្សអ៊ីស្រាអែល ហើយថ្លែងពាក្យរបស់យើងប្រាប់គេចុះ!។

ទំនុកតម្កើងលេខ ១១៩ (១១៨),១៤.២៤.៧២.១០៣.១១១.១៣១ បទពាក្យ ៧

១៤ ទូលបង្គំត្រេកអរអនេក ដោយបានពឹងផ្អែកដំបូន្មាន  
  ប្រៀបដូចជាខ្ញុំទទួលបាន សម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ
២៤ ខ្ញុំពេញចិត្តនឹងដំបូន្មាន ឥតមានស្រាកស្រាន្តឥតកែគេច  
  ដំបូន្មានទ្រង់ចាំងរំលេច នាំផ្លូវជីវិតខ្ញុំសុខសាន្ត
៧២ ធម្មវិន័យដែលព្រះអង្គបាន ប្រកាសឱ្យកាន់មានតម្លៃ  
  ប្រសើរជាងមាសពេជ្រចរណៃ ជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់
       
    សូមដូរទៅជាបទ កាកគតិ  
១០៣ បញ្ជានេះណា ប្រៀបបានអាហារ ឆ្ងាញ់ពិសេសហើយ
  សម្រាប់រូបខ្ញុំ គ្មានអ្វីស្មើឡើយ ផ្អែមណាស់ព្រះអើយ
    លើសទឹកឃ្មុំផង
១១១ ពាក្យដំបូន្មាន ព្រះបានប្រទាន ជាកេរផូរផង់
  ឱ្យទូលបង្គំ រីករាយកន្លង មានអំណរផង
    នៅក្នុងដួងចិត្ត
       
    សូមដូរទៅជាបទពាក្យ ៧  
១៣១ ខ្ញុំខំយកចិត្តទុកដាក់ស្តាប់ ដោយក្តីត្រងត្រាប់អស់ពីចិត្ត  
  ដ្បិតខ្ញុំស្គាល់វិន័យក្រឹត្យ ព្រះម្ចាស់ពេកពិតឥតមានណាយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ១៣០,៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហឫទ័យប្រណីសន្តោស មេត្តាករុណាយ៉ាងក្រៃលែង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៨,១-៥.១០.១២-១៤) 

ពេលនោះ សាវ័កនាំគ្នាចូលមកគាល់ព្រះយេស៊ូ ហើយទូលសួរថា៖«តើអ្នកណាមានឋានៈធំជាងគេនៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ?»​។ ព្រះអង្គហៅក្មេងតូចម្នាក់មក​ឱ្យឈរនៅកណ្តាលចំណោមក្រុមសាវ័ក រួចមានព្រះបន្ទូលថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នក​រាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្តគំនិតឱ្យបានដូចក្មេងតូចៗទេ អ្នក​​រា​ល់គ្នាមិនអាចចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខបានឡើយ។ អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាទទួលក្មេងតូចណាម្នាក់ ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាទទួលខ្ញុំដែរ។ ចូរប្រយ័ត្ន​កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ទេវទូតរបស់ពួកគេស្ថិតនៅឯស្ថានបរមសុខ ទាំងឃើញព្រះភក្ត្ររបស់ព្រះបិតាដែលគង់នៅស្ថានបរមសុខគ្រប់ពេលវេលាផង។ តើអ្នករាល់គ្នាយល់យ៉ាងណា? ប្រសិនបើ​បុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់។ គាត់មុខជាទុក​ចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀមដែលបាត់នោះពុំខាន។ ខ្ញុំសុំ​​ប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេក​អរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញចៀមកៅសិបប្រាំបួនដែលមិនវង្វេង​បាត់ទៅទៀត។ រីឯព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខក៏ដូច្នោះដែរ ទ្រង់មិនសព្វព្រះហឫទ័យឱ្យនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះវិនាស​អន្តរាយឡើយ»។