ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី១៦ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី (យរ ២,១-៣.៧-៨.១២-១៣)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖«ចូរទៅប្រកាសប្រាប់អ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ យើងនឹកចាំពីសេចក្តីស្រឡាញ់របស់អ្នក កាលអ្នកទើបនឹងពេញក្រមុំ ហើយនឹកចាំពីសេចក្តីស្នេហារបស់អ្នកពេលទើបនឹងរៀបការ គឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថាន ជាកន្លែងដែលគ្មានអ្វីដុះឡើង។ នៅគ្រានោះ ព្រះអម្ចាស់បានញែកជនជាតិអ៊ីស្រាអែលទុកសម្រាប់ព្រះអង្គ ជាផលផ្លែដំបូងរបស់ព្រះអង្គ អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស ហើយរងទុក្ខវេទនាទៀងផង។ យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុកដែលមានដំណាំដាំដុះ ដើម្បីឱ្យអ្នករាល់គ្នាបរិភោគផ្លែឈើដែលមានរសជាតិនៅក្នុងស្រុកនេះ។ ក៏ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់ អ្នករាល់គ្នាធ្វើឱ្យស្រុករបស់យើងទៅជាសៅហ្មង អ្នករាល់គ្នាធ្វើឱ្យទឹកដីដែលជាមត៌ករបស់យើង ក្លាយជាកន្លែងគួរឱ្យស្អប់ខ្ពើម។ ពួកបូជាចារ្យពុំដែលស្វែងរកព្រះអម្ចាស់ទេ គ្រូអាចារ្យខាងវិន័យក៏មិនស្គាល់យើងដែរ។ មេដឹកនាំរបស់ប្រជាជននាំគ្នាប្រឆាំងនឹងយើង ក្រុមព្យាការីនិយាយក្នុងនាមព្រះបាល ហើយនាំគ្នារត់ទៅពឹងពាក់ព្រះក្លែងក្លាយដែលពុំអាចជួយពួកគេបានឡើយ។ ផ្ទៃមេឃអើយ! ចូរតក់ស្លុត ចូរញាប់ញ័រ ហើយស្រឡាំងកាំងទៅ!»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «ប្រជាជនរបស់យើងប្រព្រឹត្តអាក្រក់ពីរយ៉ាង គឺគេលះបង់យើងដែលជាប្រភពទឹកកំពុងហូរ បែរទៅជីកអណ្តូង ជីកស្រះ ដែលតែងតែប្រេះមិនអាចទុកទឹកបាននោះទៅវិញ»។
ទំនុកតម្កើងលេខ ៣៦ (៣៥),៦-១១ បទកាកគតិ
| ៦ | បពិត្រព្រះម្ចាស់ | ហឫទ័យល្អណាស់ | ខ្ពង់ខ្ពស់ស្មោះសរ |
| សប្បុរសស្មោះស្ម័គ្រ | ដោយមេត្តាធម៌ | ខ្ពស់ស្មើឰដ៏ | |
| វេហាស៍អាកាស | ។ | ||
| ៧ | ព្រះហឫទ័យ | សុចរិតប្រពៃ | ត្រចង់ត្រចះ |
| តំរិះព្រះអង្គ | ជ្រាលជ្រៅខ្លាំងណាស់ | ទ្រង់ជាអម្ចាស់ | |
| សង្គ្រោះមនុស្សសត្វ | ។ | ||
| ៨ | បពិត្រព្រះម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាអាណិត |
| ហឫទ័យព្រះអង្គ | ខ្ពង់ខ្ពស់ពេកក្តាត់ | ទាំងមនុស្សទាំងសត្វ | |
| ជ្រកក្រោមបារមី | ។ | ||
| ៩ | ព្រះអង្គបានផ្តល់ | អាហារស្កប់ស្កល់ | ឱ្យជនប្រុសស្រី |
| ពីព្រះដំណាក់ | មានម្ហូបចំណី | ហូរហៀរពេកក្រៃ | |
| ឆីតាមសប្បាយ | ។ | ||
| ១០ | ទ្រង់ជាប្រភព | ជីវិតសព្វគ្រប់ | ទាំងរូបទាំងកាយ |
| ឱ្យខ្ញុំមានភ្នែក | មើលឃើញវែងឆ្ងាយ | ពន្លឺពណ្ណរាយ | |
| របស់ព្រះអង្គ | ។ | ||
| ១១ | សូមទ្រង់ករុណា | ផ្តល់ក្តីមេត្តា | ដល់អ្នកទៀងត្រង់ |
| សម្តែងហឫទ័យ | សុចរិតត្រចង់ | ដល់អស់អ្នកផង | |
| ស្គាល់ទ្រង់តទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (មថ ១១,២៥)
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតា ជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការណ៌អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១៣,១០-១៧)
ពេលនោះ ក្រុមសាវ័កនាំគ្នាចូលមកជិតព្រះយេស៊ូ ហើយទូលសួរព្រះអង្គថា៖«ហេតុដូចម្តេចបានជាព្រះគ្រូមានព្រះបន្ទូលទៅកាន់បណ្តាជន ដោយប្រើពាក្យប្រស្នាដូច្នេះ?» ព្រះអង្គតបទៅគេវិញថា៖«មកពីព្រះជាម្ចាស់បានប្រោសប្រទានឱ្យអ្នករាល់គ្នាយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះរាជ្យនៃស្ថានបរមសុខ។ រីឯអ្នកដទៃវិញ ព្រះអង្គមិនប្រទានឱ្យយល់ឡើយ។ អ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានថែមទៀត ដើម្បីឱ្យអ្នកនោះបានបរិបូរណ៌ រីឯអ្នកដែលគ្មាន ព្រះអង្គនឹងហូតយកអ្វីៗដែលអ្នកនោះមានផង។ ហេតុនេះហើយបានជាខ្ញុំនិយាយទៅគេដោយប្រើពាក្យប្រស្នា គឺទោះបីគេមើលក៏គេពុំឃើញ ទោះបីគេស្តាប់ក៏គេពុំឮ ហើយក៏ពុំយល់ដែរ។ ហេតុការណ៍នេះ កើតចំពោះគេ ស្របតាមសេចក្តីដែលព្យាការីអេសាយថ្លែងទុកអំពីពួកគេថា៖«អ្នករាល់គ្នាស្តាប់មែន តែពុំឮទេ ហើយក៏ពុំយល់ផង។ អ្នករាល់គ្នាមើលមែន តែមិនឃើញសោះ ដ្បិតចិត្តប្រជារាស្ត្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់ដែរ គេនាំគ្នាបិទភ្នែក មិនឱ្យមើលឃើញ មិនឱ្យត្រចៀកស្តាប់ឮ មិនឱ្យប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេឱ្យបានជា។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះភ្នែកអ្នករាល់គ្នាអាចមើលឃើញ ត្រចៀកអ្នករាល់គ្នាអាចស្តាប់ឮបាន!។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មានព្យាការី និងមនុស្សសុចរិតជាច្រើនមានបំណងចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញឡើយ គេចង់ឮសេចក្តីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮទេ!»។