ថ្ងៃសៅរ៍ រដូវធម្មតា អាទិត្យទី១៥ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីមីកា (មីក ២,១-៥)
អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើង ប្រើអំណាចរបស់ខ្លួនសម្រេចតាមគម្រោងការនេះ មុខជាត្រូវវេទនាពុំខាន! បើគេប៉ុនប៉ងចង់បានស្រែចម្ការណា គេដណ្តើមយកស្រែចម្ការនោះ។ បើគេប៉ុនប៉ងចង់បានផ្ទះណា គេរឹបអូសយកផ្ទះនោះ ព្រមទាំងធ្វើបាបម្ចាស់ផ្ទះ និងគ្រួសារ ហើយដណ្តើមយកកេរមត៌ករបស់គាត់ផង។ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងកំពុងតែរៀបចំផែនការដាក់ទោសមនុស្សប្រភេទនេះ។ ខ្មាំងនឹងជាន់កអ្នករាល់គ្នា អ្នករាល់គ្នានឹងដើរឱនមុខ ដ្បិតពេលនោះ ជាពេលវេទនាយ៉ាងខ្លាំង។ នៅថ្ងៃនោះ មនុស្សម្នានឹងយករឿងអ្នកទៅសើចលេង ហើយចងក្រងជាទំនួញសម្រាប់ស្មូត្រថា ពួកយើងបានបាត់បង់អ្វីៗទាំងអស់! ខ្មាំងលេបទឹកដីដែលជាមត៌ករបស់ពួកយើង! បច្ចាមិត្តដេញពួកយើងចេញពីស្រុក រួចយកទឹកដីចែកគ្នា!។ ហេតុនេះ ពេលប្រជាជនរបស់ព្រះអម្ចាស់បែងចែកដីគ្នា គ្មាននរណាម្នាក់វាស់ដីចែកឱ្យអ្នកឡើយ»។
ទំនុកតម្កើងលេខ ១០ (៩),១-៤.៧-៨.១៤ បទព្រហ្មគីតិ
| ១ | ឱ! ព្រះជាម្ចាស់អើយ | ហេតុអ្វីឡើយក៏ព្រះអង្គ | |
| ចាកឆ្ងាយយាងទៅគង់ | សម្ងំឈឹងដូច្នេះណា? | ។ | |
| ២ | មនុស្សពាលតាមធ្វើបាប | អ្នកទន់ទាបរងវេទនា | |
| គេប្រើល្បិចពាលា | ឱ្យអ្នកជាជាប់អន្ទាក់ | ។ | |
| ៣ | មនុស្សពាលតែងតែអួត | កុហកភូតភរលួចលាក់ | |
| ពេលបានជោគជ័យជាក់ | គេចំអកដាក់ព្រះអង្គ | ។ | |
| ៤ | ពួកគេវាយឫកខ្ពស់ | ពោលទ្រគោះដោយមិនចង់ | |
| រវល់នឹងព្រះអង្គ | គិតលះបង់ព្រះអម្ចាស់ | ។ | |
| ៧ | មាត់គាត់ជេរផ្តាសា | មិនបានការពាក្យចោលម្សៀត | |
| បង្កាច់កុហកទៀត | មនុស្សទុច្ចរិតមិនគួររាប់ | ។ | |
| ៨ | គេតែងពួនស្ទាក់ចាំ | នៅក្បែរភូមិហើយសម្លាប់ | |
| គេចាំឃ្លាំមើលជាប់ | រួចសម្លាប់ជនត្រង់ស្លូត | ។ | |
| ១៤ | ព្រះអង្គទតឃើញទុក្ខ | លំបាកសុខនៃមនុស្សយើង | |
| កម្សត់អត់ទីពឹង | ព្រះអង្គនឹងជួយជានិច្ច | ។ | |
| មនុស្សដែលទន់ទាប | ជាដរាបផ្ញើជីវិត | ||
| លើព្រះម្ចាស់ជានិច្ច | ទ្រង់មិនភ្លេចជនទុរគត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន១៤៧ ១,៣
អាលេលូយ៉ា! អាលេលូយ៉ា!
គួរនាំគ្នាធ្វើបុណ្យលើកតម្កើងព្រះជាម្ចាស់! ការសរសើរលើកតម្កើងព្រះអង្គ ពិតជាការដ៏ល្អប្រពៃ! ព្រះអង្គមើលថែទាំមនុស្សដែលមានចិត្តសោកសង្រេង ទ្រង់ព្យាបាលមុខរបួសរបស់គេ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ១២,១៤-២១)
ពួកខាងគណៈផារីស៊ីពិគ្រោះគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ កាលព្រះយេស៊ូជ្រាបដូច្នោះ ព្រះអង្គយាងចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមព្រះអង្គទៅដែរ។ ព្រះអង្គបានប្រោសពួកគេឱ្យជាពីជំងឺទាំងអស់គ្នា តែព្រះអង្គគំរាមគេយ៉ាងម៉ឺងម៉ាត់ មិនឱ្យនិយាយប្រាប់អ្នកដទៃថា ព្រះអង្គជានរណាឡើយ ដើម្បីឱ្យស្របទៅនឹងសេចក្តីដែលមានចែងទុកដោយសារព្យាការីអេសាយថា៖ «លោកនេះហើយជាអ្នកបម្រើដែលយើងបានជ្រើសរើស ជាអ្នកដែលយើងស្រឡាញ់ ហើយធ្វើឱ្យចិត្តយើងរីករាយ យើងនឹងដាក់វិញ្ញាណរបស់យើងឱ្យសណ្ឋិតលើលោក ហើយលោកនឹងប្រាប់ឱ្យជាតិសាសន៍ទាំងអស់ស្គាល់សេចក្តីសុចរិត។ លោកនឹងមិនឈ្លោះប្រកែកជាមួយនរណាឡើយ ហើយក៏មិនស្រែកដាក់នរណាផង។ គ្មាននរណាឮសំឡេងរបស់លោកនៅតាមទីផ្សារទេ។ លោកនឹងមិនកាច់ដើមត្រែងណា ដែលទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹងរលត់នោះដែរ។ គឺលោកធ្វើដូច្នេះ រហូតដល់លោកនាំសេចក្តីសុចរិតឱ្យមានជ័យជម្នះ។ ជាតិសាសន៍ទាំងអស់នឹងនាំគ្នាសង្ឃឹមលើលោក»។