០៧ កក្កដា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវធម្មតា អាទិត្យទី១៤ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរព្យាការីហូសេ (ហស ៨,៤-៧.១១-១៣)

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ជនជាតិអ៊ីស្រាអែលតែងតាំងស្តេចដោយឥតសាកសួរយើង ហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ ពួកគេយកមាសប្រាក់របស់ខ្លួនទៅសូន្យធ្វើរូបព្រះក្លែងក្លាយ ដែលបណ្តាលឱ្យខ្លួនត្រូវវិនាស។ អ្នកក្រុងសាម៉ារីអើយ! ចូរយករូបព្រះគោរបស់អ្នកបោះចោលទៅ! កំហឹងរបស់យើងឆាបឆេះទៅលើអ្នករាល់គ្នា តើដល់ពេលណាទើបអ្នករាល់គ្នាអាចរស់នៅដោយឥតសៅហ្មង? រូបគោនោះកើត​ចេញមកពីអ៊ីស្រាអែល មានជាងឆ្លាក់ធ្វើវា គឺវាមិនមែនជាព្រះទេ! ហេតុនេះហើយ បានជារូបគោរបស់សាម៉ារីនឹងត្រូវបាក់បែកខ្ទេចខ្ទីជាពុំខាន។ ពួកគេសាបព្រោះខ្យល់ ពួកគេនឹងទទួលផលជាព្យុះ។ ស្រូវស្កកគ្មានបាយហូប ហើយប្រសិនបើមាន ក៏គង់តែជន​បរទេសមកលេបយកទៅបាត់ដែរ។ អេប្រាអ៊ីមបានសង់អាសនៈកាន់តែច្រើនឡើងៗ ដើម្បីឱ្យបានរួចពីបាប តែអាសនៈទាំងនោះ ក្លាយទៅជាកន្លែងដែលនាំឱ្យគេប្រព្រឹត្ត​អំពើបាបទៅវិញ! ទោះបីយើងបានចែងវិន័យទុកឱ្យគេច្រើនយ៉ាងណាក្តី ក៏គេមិន​រវីរវល់អើពើដែរ។ ពួកគេយកសត្វមកធ្វើយញ្ញបូជាឱ្យយើង ព្រោះពួកគេចូលចិត្ត​បរិភោគសាច់។ ប៉ុន្តែ យើងជាព្រះអម្ចាស់! យើងមិនពេញចិត្តនឹងតង្វាយរបស់​ពួកគេទេ យើងនឹកឃើញអំពើបាបរបស់ពួកគេ ហើយដាក់ទោសពួកគេតាមអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ ពួកគេត្រូវតែត្រឡប់ទៅស្រុកអេស៊ីបវិញ»។​

ទំនុកតម្កើងលេខ ១១៥ (១១៣ក),៣-៩.១១ បទកាកគតិ

ព្រះរបស់ខ្ញុំ នៅទីបរម សុខឥតឧបមា
  ទ្រង់សព្វព្រះទ័យ ធ្វើកិច្ចអស្ចារ្យ អ្វីសព្វប្រការ
    បានឥតមានទាស់
ឯព្រះពួកអ្នក ប្រាកដជាជាក់ ព្រះក្លែងក្លាយស្មោះ
  ខ្លះធ្វើពីឈើ គគីរកកោះ ពីប្រាក់ពីមាស
    ជាព្រះមនុស្សច្នៃ
ព្រះនោះមានមាត់ និយាយមិនកើត មិនដែលចេញស្តី
  តាមតែជាងឆ្លាក់ ដាក់មកធ្វើអ្វី ភ្នែកឥតប្រស្រី
    មើលអ្វីមិនបាន
រីឯត្រចៀក មានប្រាកដជាក់ តែមិនចំណាន
  ព្រោះស្ដាប់មិនកើត មិនដឹងដើមដាន ច្រមុះដែលមាន
    តែមិនដឹងក្លិន
មានសព្វទាំងដៃ តែមិនអាចលៃ ប៉ះពាល់ឬកាន់
  មានជើងនៅស្ងៀម ព្រោះដើរមិនបាន បំពង់កមាន
    តែគ្មានសំឡេង
សូមឱ្យអស់អ្នក ដែលបានដាប់ឆ្លាក់ រូបព្រះនោះឯង
  ហើយផ្ញើជីវិត គ្មានគិតកោតក្រែង ឱ្យគេចំបែង
    ដូចព្រះទាំងនោះ
អ៊ីស្រាអែលអើយ ចូរកុំកន្តើយ ជីវិតផ្ញើព្រះ
  នោះទ្រង់នឹងជួយ អ្នកបានទាំងអស់ ជាខែលគ្រឿងក្រោះ
    ពាំងអ្នករាល់គ្នា
១១ អ្នកដែលកោតខ្លាច ព្រះមានអំណាច នឹងមិនជួបទុក្ខ
  បើផ្ញើជីវិត អ្នកនឹងបានសុខ ពីនេះទៅមុខ
    ផុតទុក្ខល្ហើយល្ហែ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ១០,១៤)

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គជាគង្វាលដ៏ល្អប្រសើរ យើងខ្ញុំសុខចិត្តដើរតាមព្រះអង្គ។ សូមព្រះអង្គណែនាំយើងខ្ញុំឆ្ពោះទៅកាន់ប្រភពនៃជីវិត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៩,៣២-៣៨) 

នៅគ្រានោះ គេនាំមនុស្សគម្នាក់ដែលមានខ្មោចចូលមកគាល់ព្រះយេស៊ូ។ កាល​ព្រះអង្គដេញខ្មោចចេញហើយ មនុស្សគក៏និយាយបាន។ មហាជននាំគ្នាស្ងើចសរសើរយ៉ាងខ្លាំង ទាំងពោលថា៖ «យើងមិនដែលឃើញការអស្ចារ្យបែបនេះនៅស្រុក​អ៊ីស្រាអែលឡើយ»។ ប៉ុន្តែ ពួកខាងគណៈផារីស៊ីពោលថា៖ «គាត់ដេញខ្មោចបានដូច្នេះ មកពីស្តេចខ្មោចបានប្រគល់អំណាចឱ្យ»។ បន្ទាប់មក ព្រះយេស៊ូយាងទៅ​តាមក្រុងនិងតាមភូមិនានា ព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងធម្មសាលា ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអ្នកជំងឺ និង​អ្នកពិការគ្រប់ប្រភេទឱ្យបានជាផង។ កាលព្រះអង្គទតឃើញមហាជន ទ្រង់មាន​ព្រះហឫទ័យអាណិតអាសូរគេពន់ពេកណាស់ ព្រោះអ្នកទាំងនោះអស់កម្លាំងល្វើយ ធ្លាក់ទឹកចិត្ត ប្រៀបបីដូចជាចៀមដែលគ្មានគង្វាលថែទាំ។ ព្រះអង្គមានព្រះបន្ទូលទៅ​កាន់ក្រុមសាវ័កថា៖​ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមានតិចពេក។ ហេតុនេះ ចូរអង្វរម្ចាស់ស្រែ ឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក»។