ថ្ងៃពុធ រដូវធម្មតា អាទិត្យទី១៣ ឆ្នាំ«គូ»
ពណ៌បៃតង
សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស (អម ៥,១៤-១៥.២១-២៤)
ចូរខិតខំប្រព្រឹត្តអំពើល្អ កុំប្រព្រឹត្តអំពើអាក្រក់ឱ្យសោះ នោះអ្នករាល់គ្នានឹងមានជីវិតគង់វង្ស ហើយព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល នឹងគង់ជាមួយអ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់និយាយមកស្រាប់។ ចូរស្អប់អំពើអាក្រក់ ហើយស្រឡាញ់អំពើល្អ ចូរកាត់ក្តីដោយគតិយុត្តិធម៌ ប្រហែលជាព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអាណិតអាសូរដល់ពូជពង្សលោកយ៉ូសែបដែលនៅសេសសល់។
យើងស្អប់ខ្ពើមពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនអាចទ្រាំនឹងពិធីផ្សេងៗ ដែលអ្នករាល់គ្នាប្រារព្ធដែរ។ ពេលអ្នករាល់គ្នាយកតង្វាយដុត និងតង្វាយម្សៅមកឱ្យយើង យើងមិនពេញចិត្តទេ យើងក៏មិនរវីរវល់នឹងកូនគោដ៏ធាត់ៗដែលអ្នករាល់គ្នាយកមកធ្វើយញ្ញបូជាមេត្រីភាពដែរ។ ចូរឈប់ច្រៀងទំនុកតម្កើងដ៏ស្រកៀរត្រចៀកនេះទៅ! យើងក៏មិនចង់ស្តាប់សំឡេងពិណរបស់អ្នករាល់គ្នាដែរ។ ផ្ទុយទៅវិញ ចូរគោរពច្បាប់ទុកដូចជាប្រភពនៃជីវិតរបស់អ្នករាល់គ្នា ហើយឱ្យយុត្តិធម៌ហូរចេញមក ដូចទឹកស្ទឹងដែលមិនចេះរីងស្ងួត»។
ទំនុកតម្កើងលេខ ៥០ (៤៩),៧-១០.១២-១៣.១៦-១៧ បទព្រហ្មគីតិ
| ៧ | ប្រជាជនបវរ | នាំគ្នាមកស្តាប់ពាក្យពិត | |
| អ៊ីស្រាអែលអើយកុំគិត | យើងនេះពិតព្រះអ្នកហើយ | ។ | |
| ៨ | យើងមិនស្តីបន្ទោស | អ្នកទាំងអស់ដែលបានថ្វាយ | |
| យញ្ញបូជាទាំងឡាយ | អចិន្ត្រៃមិនដែលអាក់ | ។ | |
| ៩ | យើងមិនត្រូវការយក | គោបាមកពីផ្ទះអ្នក | |
| ពពែធាត់ដល់ថ្នាក់ | ពីក្រោលអ្នកនោះឡើយណា | ។ | |
| ១០ | ដ្បិតសត្វទាំងប៉ុន្មាន | ដែលធ្លាប់មានក្នុងព្រឹក្សា | |
| សត្វរាប់សែននោះណា | គឺសុទ្ធជាកម្មសិទ្ធិយើង | ។ | |
| ១២ | ប្រសិនបើយើងឃ្លាន | យើងនឹងហ៊ានមិនបាច់ខ្វល់ | |
| អ្វីៗគ្មានសេសសល់ | លើសកលយើងជាម្ចាស់ | ។ | |
| ១៣ | យើងមិនដែលត្រូវការ | សាច់គោបាយើងស្អប់ណាស់ | |
| ហើយក្រៅអំពីនោះ | យើងមិនប៉ះឈាមពពែ | ។ | |
| ១៦ | ព្រះម្ចាស់មានបន្ទូល | ទៅមនុស្សពាលឥតស្ទើរស្ទាក់ | |
| ហេតុអ្វីបានជាអ្នក | សូត្រឥតអាក់ក្រឹត្យវិន័យ | ។ | |
| ហើយចេះតែទន្ទេញ | ឥតទោម្នេញរៀងរាល់ថ្ងៃ | ||
| ពាក្យសម្ពន្ធមេត្រី | ជាមួយយើងដូច្នេះណា | ។ | |
| ១៧ | ប៉ុន្តែអ្នកថ្លោះធ្លោយ | មិនស្តាប់ឡើយនូវវាចា | |
| ទូន្មានគ្រប់អាត្មា | អ្នកបែរជាចោលបង់បោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យក ១.១៨)
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! ព្រះអង្គប្រទានជីវិតថ្មីឱ្យយើងខ្ញុំ ដោយសារព្រះបន្ទូលនៃសេចក្តីពិត។ ព្រះអង្គត្រាស់ហៅយើងខ្ញុំឱ្យទៅជាផលដំបូង មុនអ្វីៗទាំងអស់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៨,២៨-៣៤)
ព្រះយេស៊ូ និងក្រុមសាវ័កទៅដល់ត្រើយម្ខាងនៃបឹងទីបេរីយ៉ាដ ក្នុងតំបន់កាដារ៉ា។ ពេលនោះ មានបុរសខ្មោចចូលពីរនាក់ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះអង្គ។ បុរសទាំងពីរនេះកាចណាស់ គ្មាននរណាហ៊ានដើរកាត់តាមនោះឡើយ។ អ្នកទាំងពីរស្រែកឡើងថា៖ «ព្រះបុត្រារបស់ព្រះជាម្ចាស់អើយ! តើព្រះអង្គចង់ធ្វើអ្វីយើងខ្ញុំ? ព្រះអង្គយាងមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំមុនពេលកំណត់ឬ?»។ នៅឆ្ងាយពីនោះបន្តិច មានជ្រូកមួយហ្វូងធំកំពុងរកស៊ី។ ពួកខ្មោចអង្វរព្រះយេស៊ូថា៖ «បើព្រះអង្គចង់ដេញយើងខ្ញុំ សូមបញ្ជូនយើងខ្ញុំឱ្យទៅចូលក្នុងជ្រូកមួយហ្វូងនេះទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅខ្មោចថា៖ «ទៅចុះ!»។ ពួកខ្មោចក៏ចេញពីបុរសទាំងពីរ ហើយទៅចូលក្នុងជ្រូក។ ពេលនោះ ហ្វូងជ្រូកបោលចុះតាមជម្រាលភ្នំតម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ អ្នកថែរក្សាហ្វូងជ្រូក នាំគ្នាយករឿងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសខ្មោចចូលទាំងពីរនាក់នោះផង។ អ្នកភូមិទាំងអស់ក៏នាំគ្នាចេញមកគាល់ព្រះយេស៊ូ លុះបានឃើញហើយ គេអង្វរព្រះអង្គឱ្យចាកចេញពីស្រុកភូមិរបស់គេ។