១៨ មិថុនា ២០២៦

Written on 09/02/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវធម្មតា អាទិត្យទី១១ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ៤៨,១-១៤

ព្យាការីអេលីងើបឡើងដូចភ្លើង ពាក្យសម្តីរបស់លោកភ្លឺដូចចន្លុះក្នុងពេលយប់។ លោកធ្វើឱ្យទុរ្ភិក្សកើតមាននៅស្រុកអ៊ីស្រាអែល។ លោកស្រឡាញ់ព្រះជាម្ចាស់យ៉ាងខ្លាំង លោកធ្វើឱ្យប្រជាជននៅសល់តែមួយចំនួនតូចប៉ុណ្ណោះ។ តាមបញ្ជារបស់ព្រះ​អម្ចាស់ លោកធ្វើឱ្យមេឃរាំង ហើយធ្វើឱ្យភ្លើងធ្លាក់ពីលើមេឃមកចំនួនបីដងដែរ។ ព្យាការីអេលីអើយ! លោកប្រកបដោយសិរីរុងរឿង ដោយលោកសម្តែងបាដិហារិយ៍។ តើនរណាអាចប្រៀបស្មើនឹងលោកបាន? លោកប្រោសមនុស្សស្លាប់ម្នាក់ឱ្យរស់ឡើង​វិញ ដោយសារព្រះបន្ទូលរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកទម្លាក់សេ្តចជាច្រើនអង្គឱ្យ​វិនាសអន្តរាយ ព្រមទាំងទម្លាក់មេដឹកនាំឱ្យធ្លាក់ពីមុខដំណែងរបស់ខ្លួនដែរ។ នៅលើ​​ភ្នំស៊ីណៃ លោកឮព្រះអម្ចាស់ស្តីបន្ទោសលោក។ នៅលើភ្នំហូរ៉ែប លោកក៏ឮព្រះអង្គដាក់​ទណ្ឌកម្មដែរ។ លោកចាក់ប្រេងអភិសេកសេ្តចជាច្រើនអង្គ ដើម្បីរកយុត្តិធម៌ឱ្យប្រជាជនអ៊ីស្រាអែល លោកក៏ចាក់ប្រេងតែងតាំងព្យាការីឱ្យបន្តមុខតំណែងរបស់ខ្លួនដែរ។ ព្រះអម្ចាស់លើកលោកឡើងដោយភ្លើងកួច នៅលើរទេះទឹមដោយសេះភ្លើងផង។ ក្នុងគម្ពីរមានចែងថា ពេលអនាគតលោកទទួលភារកិច្ចបន្ធូរព្រះពិរោធរបស់ព្រះជាម្ចាស់មុនពេលព្រះអង្គដាក់ទណ្ឌកម្ម គឺលោកនឹងបង្វែរចិត្តឪពុកទៅរកកូន ព្រមទាំងស្រោចស្រង់កុលសម្ព័ន្ធរបស់លោកយ៉ាកុប ឱ្យបានដូចដើមឡើងវិញផង។ អ្នកដែលបានឃើញលោក និងអ្នកដែលស្លាប់ទៅទាំងស្រឡាញ់ព្រះអម្ចាស់ មានសុភមង្គលហើយ! យើងក៏​ពិត​ជាមានជីវិតមិនខាន។ កាលព្យាការីអេលីបាត់ទៅក្នុងភ្លើងកួចនោះ ព្យាការីអេលីសេ​បានពោរពេញដោយវិញ្ញាណរបស់ព្យាការីអេលី។ អស់មួយជីវិតរបស់លោក គ្មានអ្នកកាន់អំណាចណាម្នាក់ អាចបំភ័យលោកឱ្យខ្លាចទេ ហើយក៏គ្មាននរណាអាចបង្ខំលោកបានដែរ។ គ្មានអ្វីបង្ក​ការលំបាកដល់លោកឡើយ សូម្បីតែលោកទទួលមរណភាពហើយក្តី ក៏សពរបស់លោកអាចថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ដែរ។ ពេលលោកមានជីវិតនៅឡើយ លោកបាន​សម្តែងបាដិហារិយ៍ ហើយក្រោយពេលលោកទទួលមរណភាពទៅ លោកក៏ប្រព្រឹត្តកិច្ចការគួរឱ្យអស្ចារ្យដែរ។

ទំនុកតម្កើងលេខ ៩៧ (៩៦),១-៧.១០ បទពាក្យ ៧

១ ព្រះជាម្ចាស់ទ្រង់គ្រងរាជ្យ ពេញដោយអំណាចដ៏យូរលង់  
  ចូរឱ្យផែនដីរីករាយឡើង កោះទាំងឡាយផងអរសប្បាយ ។
២ មានពពកខ្មួលខ្មៅងងឹត ព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ  
  ព្រះអង្គគ្រងរាជ្យដោយប្រពៃ សុចរិតថ្លាថ្លៃល្អត្រចង់ ។
៣ មានភ្លើងឆេះនៅមុខព្រះម្ចាស់ សត្រូវច្រើនណាស់ត្រូវបាត់បង់  
  អ្នកដែលប្រឆាំងច្បាំងព្រះអង្គ គ្មានសល់ម្នាក់ផងក្ស័យសង្ខារ ។
៤ មានផ្លេកបន្ទោរជះពន្លឺ ខ្ទរខ្ទាររន្ទឺសព្វលោកា  
  ផែនដីតក់ស្លុតឥតឧបមា ញ័រអស់កាយាដោយភិតភ័យ ។
៥ ភ្នំនានាដែលនៅចំពោះ ភក្ត្រព្រះអម្ចាស់ត្រូវរលាយ  
  ដូចជាក្រមួនត្រូវអន្តរាយ ដោយកំដៅថ្ងៃនៅមិនបាន ។
៦ ផ្ទៃមេឃក៏បានស្រែកប្រកាស ពីក្តីសប្បុរសល្អថ្កើងថ្កាន  
  ឱ្យប្រជារាស្ត្រទាំងប៉ុន្មាន នៅគ្រប់ទីស្ថានបានដឹងយល់ ។
៧ អស់អ្នកដែលថ្វាយបង្គំព្រះ ក្លែងក្លាយទាំងអស់នឹងកង្វល់  
  អួតអាងពីការគោរពដល់ ព្រះឥតបានផលត្រូវអាម៉ាស់ ។
  ឱព្រះទាំងឡាយមានគរគោក ច្រើននៅលើលោកចូររូតរះ  
  ក្រាបថ្វាយបង្គំព្រះអម្ចាស់ គឺទ្រង់ជាព្រះលើលោកា ។
១០ អ្នកដែលស្រឡាញ់ព្រះអម្ចាស់ និងអ្នកដែលស្មោះស្ម័គ្រទៀងត្រង់  
  ចូរស្អប់អំពើកាចយង់ឃ្នង ព្រះអង្គនឹងរងថែរក្សា  

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រ៉ូម៨,១៥

អាលេលូយ៉ា! អាលេលូយ៉ា!
យើងបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដោយព្រះវិញ្ញាណនេះ យើងបន្លឺសំឡេងថា «អប្បា!» ឱព្រះបិតា!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៦,៧-១៥) 

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «ពេលអ្នករាល់គ្នាអធិដ្ឋាន កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍​ដទៃនោះឡើយ។ គេនឹកស្មានបើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្តាប់​គេ។ កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នា ជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសូមព្រះអង្គទៅទៀត។ អ្នករាល់គ្នាត្រូវទូលព្រះអង្គដូច​តទៅ៖ ឱព្រះបិតាយើងខ្ញុំ ដែលគង់នៅស្ថានបរមសុខអើយ! សូមសម្តែងព្រះបារមី​​​ឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ សូម​ឱ្យព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសឱ្យយើងខ្ញុំ ដូច​យើងខ្ញុំអត់ទោសឱ្យអស់អ្នក ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្តោយឱ្យ​យើងខ្ញុំចាញ់ការល្បួង តែសូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច។ បើអ្នករាល់គ្នា អត់ទោសឱ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ក៏អត់​ទោសឱ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែបើអ្នករាល់គ្នា មិនអត់ទោសឱ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសឱ្យអ្នករាល់គ្នាដែរ»។