០៨ មិថុនា ២០២៦

Written on 04/02/2026
Sokhorn Oem

ថ្ងៃចន្ទ រដូវធម្មតា អាទិត្យទី១០ ឆ្នាំ«គូ»
 ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ (១ពង្ស ១៧,១-៦)

ព្យាការីអេលីជាអ្នកភូមិទីសបេ ក្នុងស្រុកកាឡាដ ទូលព្រះបាទអខាប់ថា៖ «ក្នុងព្រះនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលទូល​បង្គំគោរពបម្រើ ទូលបង្គំសូមទូលព្រះករុណាថា ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មាន​សន្សើម គ្មានភ្លៀងទេ លើកលែងតែទូលបង្គំបង្គាប់ឱ្យធ្លាក់មក»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីអេលីថា៖ «ចូរចាកចេញពីទីនេះ ធ្វើ​ដំណើរទៅទិសខាងកើត ហើយពួនសម្ងំនៅក្បែរជ្រោះ កេរីត ដែលស្ថិតនៅខាងកើត​ទន្លេយ័រដាន់។ អ្នកអាចផឹកទឹកជ្រោះ ហើយយើងបានបង្គាប់ក្អែកឱ្យពាំអាហារ​យកទៅទីនោះ»។ លោកក៏ចាកចេញទៅ ហើយធ្វើតាមព្រះបន្ទូលព្រះអម្ចាស់ គឺលោកទៅស្នាក់អាស្រ័យនៅក្បែរស្ទឹងកេរីត ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់។ ក្អែកតែងតែពាំនំប័ុង និងសាច់យកមកឱ្យលោកទាំងព្រឹក ទាំងល្ងាច ហើយលោកក៏​បរិភោគទឹកជ្រោះនោះ។

ទំនុកតម្កើងលេខ ១២១ (១២០),១-៨ បទពាក្យ ៧ 

១ ខ្ញុំងើបមុខឡើងភ្នែកសម្លឹង ឯនាយល្វើយល្វឹងទៅដល់ភ្នំ  
  ថាតើនរណានឹងជួយខ្ញុំ ឱ្យផុតទុក្ខធំគ្រប់ៗគ្រា ។
២ គឺមានតែអង្គព្រះអម្ចាស់ ដែលប្រណីប្រោសរាល់វេលា  
  ទ្រង់បង្កើតដីផ្ទៃមេឃា ព្រះអង្គគឺជាព្រះសង្គ្រោះ ។
៣ សូមទ្រង់មេត្តាកុំបណ្តោយ ឱ្យជើងអ្នកធ្លោយរងរបួស  
  ករុណាអាសូរជួយសង្គ្រោះ កុំឱ្យមានគ្រោះឬត្រូវដួល ។
៤ ព្រះអង្គដែលថែទាំការពារ អ៊ីស្រាអែលគ្រប់គ្នាបានសុខស្រួល  
  ព្រះអង្គមិនងុយងោកប្រែប្រួល ទ្រង់ក៏មិនដែលផ្ទំលក់ឡើយ ។
៥ ព្រះអម្ចាស់តែងរក្សាថែ ការពារឥតល្ហែមិនកន្តើយ  
  ទ្រង់គង់នៅខាងស្តាំអ្នកហើយ កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ ។
៦ ក្នុងពេលថ្ងៃមានព្រះអាទិត្យ នឹងមិនរោមរឹតធ្វើទោសទុក្ខ  
  ឯព្រះចន្ទចរនៅពេលយប់ ក៏មិនមានទុក្ខដល់អ្នកដែរ ។
៧ ព្រះអម្ចាស់នឹងថែរក្សា រារាំងបាំងការពារថ្នមថែ  
  ហេតុការណ៍អាក្រក់ទ្រង់បង្វែរ មិនឱ្យកើតក្បែររូបអ្នកឡើយ ។
៨ ព្រះអម្ចាស់ថែទាំអ្នកគ្រប់ អ្វីៗទាំងសព្វមិនកន្តើយ  
  កិច្ចការអ្នកធ្វើនឹងធូរស្បើយ ពីពេលនេះហើយតរៀងទៅ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ៥,១២

អាលេលូយ៉ា! អាលេលូយ៉ា! 
ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (មថ ៥,១-១២)

ព្រះយេស៊ូទតឃើញមហាជនដែលដើរតាមព្រះអង្គ។ ព្រះអង្គយាងឡើងទៅលើភ្នំ រួចគង់នៅទីនោះ។ សាវ័កនាំគ្នាចូលមកគាល់ព្រះអង្គ។ ព្រះអង្គក៏មានព្រះបន្ទូល​បង្រៀនគេថា៖ «អ្នកណាដាក់ចិត្តជាអ្នកក្រីក្រ អ្នកនោះមានសុភមង្គល ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អ្នកណាមានចិត្តស្លូតបូត អ្នកនោះមាន​សុភមង្គលហើយ ដ្បិតពួកគេនឹងទទួលទឹកដីទុកជាមត៌ក!។ អ្នកណាសោកសៅ អ្នក​នោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងសម្រាលទុក្ខពួកគេ។ អ្នកណាស្រេក​ឃ្លានសេចក្តីសុចរិត អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះជាម្ចាស់នឹងប្រទានឱ្យ​ពួកគេឆ្អែត។ អ្នកណាមានចិត្តមេត្តាករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះ​ជាម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណាដល់ពួកគេវិញ។ អ្នកណាមានចិត្តបរិសុទ្ធ អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងឃើញព្រះជាម្ចាស់។ អ្នកណាកសាង​សន្តិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្ររបស់ព្រះ​ជាម្ចាស់។ អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមាន​សុភមង្គល ដ្បិតគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!»។ ប្រសិនបើមានគេត្មះតិះដៀល បៀតបៀន និងមានគេនិយាយអាក្រក់គ្រប់យ៉ាងបង្ខូចឈ្មោះអ្នករាល់គ្នាព្រោះតែខ្ញុំ នោះអ្នករាល់គ្នាមានសុភមង្គលហើយ។ ចូរអរ​សប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅស្ថានបរមសុខ ​ដ្បិតពួកព្យាការីដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។