២៤ ឧសភា ២០២៦

Written on 15/12/2025
Sokhorn Oem

ថ្ងៃអាទិត្យ បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក ឆ្នាំ«ក» 
ពណ៌ក្រហម 

ពាក្យលំនាំ

(អ្នកអានពាក្យលំនាំនេះ គឺអ្នកផ្សេងពីអ្នកប្រកាសព្រះបន្ទូល)
តាមគម្ពីរដំណឹងល្អតាមលោកយ៉ូហាន ព្រះយេស៊ូផ្លុំខ្យល់ គឺព្រះវិញ្ញាណលើក្រុមសាវ័កនៅថ្ងៃ​ព្រះ​អង្គទទួលព្រះជន្មថ្មីពីព្រះបិតា។ ព្រះវិញ្ញាណ​ជា​ព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។ តាមលោកម៉ាថាយ លោកលូកា និង​លោក​យ៉ូហាន ព្រះយេស៊ូចាត់ក្រុមសាវ័កឱ្យទៅប្រកាសដំណឹងល្អនៅថ្ងៃព្រះអង្គទទួលព្រះជន្មថ្មីពីព្រះបិតា។ រីឯលោកលូកាជាអ្នកនិពន្ធគម្ពីរកិច្ចការគ្រីស្តទូតដែរ លោកចែងថា ព្រះយេស៊ូចាត់ព្រះវិញ្ញាណនៅបុណ្យថ្ងៃទី៥០ វិញ ជាថ្ងៃជនជាតិយូដានាំគ្នារម្លឹកអំពីព្រះជាម្ចាស់ប្រទានធម្មវិន័យនៅលើភ្នំស៊ីណៃពីដើម។ លោកលូកាចែងដូច្នេះដើម្បីពន្យល់ថា ព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ជាធម្មវិន័យថ្មីរបស់ព្រះសហគមន៍។ ព្រះសហគមន៍ជាប្រជារាស្រ្តថ្មីរបស់ព្រះជាម្ចាស់ មានភារកិច្ចប្រមែប្រមូលមនុស្សដែលខ្ចាត់ខ្ចាយគ្នាឱ្យចូលរួមក្នុងមហាគ្រួសារតែមួយ។

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះគ្រីស្តចាក់បង្ហូរព្រះវិញ្ញាណព្រះអង្គលើមនុស្ស​គ្រប់ជាតិសាសន៍។ សូមទ្រង់ព្រះមេត្តាប្រោសប្រណីដល់មនុស្សលោកដែលបាក់បែកគ្នា ឱ្យរួមគ្នាជាធ្លុង​តែមួយក្នុង​មហា​គ្រួសាររបស់ព្រះអង្គ សូមប្រោសយើងខ្ញុំជាព្រះសហគមន៍ ឱ្យធ្វើជាសញ្ញាសម្គាល់នៃពិភពលោកថ្មីដែលរួបរួមគ្នា​ជាធ្លុងតែមួយផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ២,១-១១)

នៅបុណ្យថ្ងៃទីហាសិបមកដល់ ក្រុមសាវ័ករួមប្រជុំទាំងអស់គ្នានៅកន្លែងតែមួយ។ រំពេចនោះ ស្រាប់​តែ​មាន​ឮ​ស្នូរ​សន្ធឹកពីលើមេឃមក ដូចជាខ្យល់បក់បោកយ៉ាងខ្លាំងពេញក្នុងផ្ទះដែលគេនៅ។ ក្រុមសាវ័កបានឃើញ ហាក់​ដូច​ជាមានអណ្តាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ។ អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្តើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានឱ្យ។ ពេល​​នោះ មានជន​ជាតិ​យូដាជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់មកពីប្រទេសនានាក្នុងពិភពលោកទាំងមូលស្នាក់​នៅ​ក្រុង​យេរូសា​ឡឹម​ដែរ។ ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះ​ម្នាក់​ៗបានឮក្រុមសាវ័កនិយាយភាសារបស់ខ្លួន។ អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរទាំងពោល​ថា​៖ «អ្នក​ដែល​​កំពុងនិយាយនេះសុទ្ធតែជាអ្នកស្រុកាលីឡេទេតើ។ ចុះហេតុដូចម្តេចបានជា​យើងឮគេ​និយាយ​ភាសា​របស់​យើង​រៀងៗខ្លួនទៅវិញដូច្នេះ? គឺទាំងអ្នកស្រុកប៉ារថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមី ស្រុកយូ​ដា ​ស្រុកកាប៉ាដូស ស្រុកប៉ុនតុស ស្រុកអាស៊ី ស្រុកព្រីស៊ី ស្រុកប៉ាមភីលី ស្រុកអេស៊ីប ស្រុកលីប៊ីដែល​នៅក្បែ​រស្រុក​គី​រ៉េន និងអស់អ្នកមកពីក្រុងរ៉ូមទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះ​ក្រែត​ ទាំង​ជនជាតិ​អា​រ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។

ទំនុកតម្កើងលេខ ១០៤ (១០៣),១.២៤.២៩-៣១.៣៤ បទពាក្យ ៧

ខ្ញុំសូមតម្កើងព្រះអម្ចាស់ ប្រសើរខ្លាំងណាស់អស់ពីចិត្ត  
  ព្រះអង្គជាព្រះនៃខ្ញុំពិត ឧត្តមបំផុតលើលោកា
២៤ បពិត្រព្រះអើយព្រះអម្ចាស់ គ្រប់ស្នាព្រះហស្តច្រើនមិនតិច  
  ផែនដីមានអ្វីច្រើនអនេក សុទ្ធតែកើតមកពីព្រះអង្គ
២៩ ប្រសិនបើទ្រង់មិនរវល់ នោះគេនឹងខ្វល់ជួបភ័យគ្រោះ  
  បើទ្រង់ដកយកខ្យល់ទាំងអស់ នោះគេលែងរស់នឹងក្សិណក្ស័យ
៣០ ពេលណាព្រះអង្គទ្រង់ប្រទាន ដង្ហើមឱ្យមានខ្យល់និស្ស័យ  
  គេកើតឡើងវិញពេញផែនដី សព្វអស់អ្វីៗមានព្រមគ្នា
៣១ សូមសិរីរុងរឿងរបស់ ព្រះអម្ចាស់អស់កល្បយូរយារ  
  សូមទ្រង់រីករាយដោយសារស្នា ព្រះហស្តអស្ចារ្យរបស់ទ្រង់
៣៤ ឱ!ព្រះអម្ចាស់សូមឱ្យបទ ដែលខ្ញុំកំណត់បានគួរគាប់  
  ឱ្យខ្ញុំសប្បាយចិត្តអរជាប់ ដោយសារតែព្រះជាអម្ចាស់

អត្ថបទទី២៖ សូមថ្លែងលិខិតទី១របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ១( ករ ១២,៣-៧.១២-១៣)

បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមជម្រាបបងប្អូនថា ប្រសិនបើអ្នក​ណាម្នាក់​មានព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ក្នុង​ខ្លួន​ អ្នកនោះពុំអាចពោលថា៖ “ព្រះយេស៊ូត្រូវបណ្តាសា” កើតទេ ហើយបើគ្មាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ក្នុងខ្លួន​ទេ​នោះ ​ក៏គ្មាននរណាម្នាក់អាចពោលថា៖ “ព្រះយេស៊ូជាព្រះអម្ចាស់” បានដែរ។ មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះ​វិញ្ញាណតែមួយព្រះអង្គដដែល។ មានមុខងារផ្សេងៗពីគ្នា តែមានព្រះអម្ចាស់តែមួយព្រះអង្គដដែល។ មានសកម្ម​ភាព​ផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គដដែលទេ ដែលបំពេញសកម្មភាពទាំងនោះនៅក្នុងម​នុស្ស​ទាំង​អស់​។ ព្រះជាម្ចាស់ប្រោសប្រទានឱ្យម្នាក់ៗសម្តែងព្រះវិញ្ញាណ ដើម្បីជាប្រយោជន៍រួម។ សូមយកឧទាហរណ៍មួយ ទោះបីមនុស្សមានសរីរាង្គច្រើនយ៉ាងណាក្តី ក៏មានរូបកាយតែមួយ។ សរីរាង្គទាំង​នោះ​ផ្សំគ្នាជារូបកាយតែមួយ។ ចំពោះព្រះគ្រីស្តក៏ដូច្នេះដែរ យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្តី សាសន៍​ក្រិក​ក្តី អ្នកងារក្តី អ្នកជាក្តី ក៏យើងបានទទួលពិធីជ្រមុជក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងក្នុងព្រះកាយតែមួយ ហើយ​យើងទាំងអស់គ្នា ក៏សុទ្ធតែបានទទួលទានពីព្រះវិញ្ញាណតែមួយដែរ។

បទលើកតម្កើងព្រះវិញ្ញាណ បទពាក្យ ៧

ឱ! ព្រះវិញ្ញាណព្រះបវរ សូមយាងកុះករក្នុងដួងចិត្ត  
សូមចាត់ពន្លឺរស្មីពិត ឱ្យមកតាំងស្ថិតលើអស់យើង
ឱ! ព្រះបិតាអ្នកកម្សត់ ក្រីក្រទុគ៌តបិតាថ្កើង  
យាងមកប្រទានកុំបីឆ្មើង អំណោយក្រាស់ស្តើងកូនទទួល
សូមយាងមកបំភ្លឺគំនិត បំភ្លឺដួងចិត្តកុំឱ្យជ្រួល  
ទប់ឱ្យនឹងនមិនរំជួល រស់នៅសុខស្រួលក្នុងអំណោយ
ព្រះអង្គលួងលោមដួងចិត្តខ្ញុំ ទ្រង់គង់សម្ងំមិនមែនខ្សោយ  
ព្រះអង្គជាម្លប់ពីមុខក្រោយ ត្រជាក់ត្រជុំពេលខ្ញុំហត់
ព្រះអង្គប្រទានឱ្យសម្រាក កុំឱ្យលំបាកហួសកំណត់  
ក្តៅហួតក្តៅហែងហេវកម្សត់ ព្រះអង្គជាផ្លិតបក់ត្រជាក់
កាលណាយើងខ្ញុំកើតទុក្ខព្រួយ ព្រះអង្គលើកស្ទួយមិនស្ទើរស្ទាក់  
ទឹកចិត្តខ្ញុំឡើងខ្ពស់ប្រត្យ័ក្ស ឥតបីមានញាក់ស្លុតរន្ធត់
ឱ! ពន្លឺចែងត្រចះ ត្រចង់ឥតខ្វះមិនរលត់  
យាងមកបំភ្លឺនិងបំពត់ អ្នកជឿសង្ឃឹមលើព្រះអង្គ
កុំតែព្រះអង្គយាងមកប្រោស យាងមកសន្តោសគ្មានបង្អង់  
កុំអីមនុស្សលោកគ្មានផ្លូវត្រង់ គ្មានចិត្តគ្មានចង់ធ្វើអ្វីឡើយ
កិច្ចការទាំងអស់ដែលគេធ្វើ ជុំពាក់បាបស្ទើរពុំដែលស្បើយ  
សូមទ្រង់យាងមកលាងឱ្យហើយ អ្វីៗអាក្រក់ចេញឱ្យអស់
សូមទ្រង់ស្រោចលើចិត្តហែងហួត កុំឱ្យក្រៀមស្ងួតសោះកក្រោះ  
និងចិត្តដែលមានស្នាមរបួស ឱ្យមានសម្រស់ស្រស់បំព្រង
សូមបន្ទន់ចិត្ត កាយ វាចា កុំឱ្យមុសាមានសៅហ្មង  
សូមប្រទានតាមព្រះបំណង ព្រះទ័យថ្លាយង់កុំខានណា
សូមតម្រង់ចិត្តកោងវេរវៀច ចិត្តខូចកាចកៀចដោយហឹង្សា  
ខន្តីអំណត់តាមមាគ៌ា តាមក្តីប្រាថ្នាព្រះទ័យទ្រង់
សូមទ្រង់ប្រទានអំណោយសព្វ ឱ្យមានភពភ័ព្វបែបទំនង  
ដល់អ្នកជឿផងតាមបំណង ចិត្តជឿលើទ្រង់ជាអម្ចាស់
សូមទ្រង់ប្រទានបុណ្យកុសល ឱ្យបានមគ្គផលក្រែលក្រៃក្រាស់  
អំណរសប្បាយមានដេរដាស រហូតដល់អស់កល្បទៅហោង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ឱ! ព្រះវិញ្ញាណដ៏វិសុទ្ធ! សូមយាងមក! សូមជ្រួតជ្រាបចិត្តគំនិតអ្នកបម្រើព្រះអង្គ! សូម​ប្រោសប្រទានសេចក្តីស្រឡាញ់របស់ព្រះអង្គឱ្យយើងខ្ញុំផង! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ២០,១៩-២៣)

ក្រោយពីព្រះយេស៊ូសោយទិវង្គតនៅល្ងាចថ្ងៃអាទិត្យ ក្រុមសាវ័កនៅក្នុងផ្ទះខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្តាលចំណោមពួកគេ ហើយមាន​ព្រះបន្ទូល​ថា៖ «សូម​ឱ្យអ្នក​រាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ត និង​នៅ​​ត្រង់ឆ្អឹងជំនីរឱ្យគេឃើញផង។ ក្រុមសាវ័កសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។ ព្រះយេស៊ូមាន​ព្រះ​បន្ទូល​ទៅគេសាជាថ្មីថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត! ដូចព្រះបិតា​បានចាត់​ខ្ញុំឱ្យមក​យ៉ាង​ណា​ ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅយ៉ាងនោះដែរ»។ បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណ!។ បើអ្នក​រាល់​គ្នាលើកលែងទោសអ្នកណាឱ្យរួចពីបាប ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឱ្យរួចពីបាបដែរ។ ផ្ទុយទៅ​វិញ​ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាប្រទានព្រះវិញ្ញាណមកយើងខ្ញុំ តាមព្រះបន្ទូលសន្យានៃ​ព្រះ​​​បុត្រាព្រះអង្គ។ សូមព្រះវិញ្ញាណបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយល់ការអាថ៌កំបាំងដ៏អស្ចារ្យនៃអភិបូជា និង​ណែ​នាំ​ឱ្យ​ស្គាល់​សេចក្តីពិតគ្រប់យ៉ាងទៀតផង។

ធម៌លើកតម្កើង

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត ជាព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែល​មានព្រះជន្ម​គង់​នៅអស់កល្បជានិច្ច! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ និងសូមលើកតម្កើងសិរីរុងរឿងរបស់​ព្រះអង្គ។​ ព្រះអង្គ​បាន​ប្រោស​ប្រទានព្រះវិញ្ញាណឱ្យយើងខ្ញុំជាបុត្រធីតាព្រះអង្គ ដើម្បីឱ្យយើងខ្ញុំរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ។ កាល​ព្រះសហគមន៍ទើបកើតមក ព្រះវិញ្ញាណបានប្រោសឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះ​អង្គជាព្រះដ៏ពិតប្រាកដ​តែ​មួយ ដើម្បីឱ្យគេប្រកាសជំនឿតែមួយ តាមភាសារៀងៗខ្លួន។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូម​លើក​​តម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គថែរក្សា​ព្រះសហគមន៍​ជា​និច្ច។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានព្រះវិញ្ញាណដល់ព្រះសហគមន៍ឱ្យបានពេញបរិបូណ៌។ សូមឱ្យយើងខ្ញុំជា​គ្រីស្ត​បរិស័ទ​មានជំនឿកាន់តែមាំមួនឡើងៗ និងស្ម័គ្រចិត្តរួមរស់ជាមួយព្រះបុត្រាកាន់តែជិតស្និទ្ធឡើងៗ ព្រមទាំងបង្ហាញការសង្គ្រោះរបស់ព្រះអង្គ ឱ្យមនុស្សលោកសព្វថ្ងៃនេះឃើញផង។