ថ្ងៃសៅរ៍ រដូវបុណ្យចម្លង អាទិត្យទី០៥
ពណ៌ស
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រទានជីវិតថ្មីឱ្យមនុស្សដោយសាជំនឿ និងដោយពិធីជ្រមុជទឹក។ ព្រះអង្គក៏បានប្រោសយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យនាំដំណឹងល្អនៃការសង្គ្រោះនេះ ដល់មនុស្សលោកសព្វថ្ងៃនេះផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ១៦,១-១០)
លោកប៉ូលធ្វើដំណើរចេញពីក្រុងអន់ទីយ៉ូកមកដល់ក្រុងឌែរបេ រួចទៅដល់ក្រុងលីស្ត្រា។ នៅក្រុងលីស្ត្រានោះ មានសាវ័កម្នាក់ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ដែលជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក។ គាត់មានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមបងប្អូននៅក្រុងលីស្ត្រា និងបងប្អូននៅក្រុងអ៊ីកូញ៉ុម។ លោកប៉ូលមានបំណងយកគាត់ឱ្យរួមដំណើរទៅជាមួយ។ លោកនាំគាត់មកធ្វើពិធីកាត់ស្បែកឱ្យ ព្រោះលោកយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថា ឪពុកគាត់ជាសាសន៍ក្រិក។ នៅតាមក្រុងនានាដែលពួកលោកប៉ូលធ្វើដំណើរកាត់ លោកប្រាប់អ្នកជឿឱ្យដឹងអំពីសេចក្តីសម្រេចរបស់ក្រុមគ្រីស្តទូត និងព្រឹទ្ធាចារ្យនៅក្រុងយេរូសាឡឹម ហើយសុំឱ្យគេអនុវត្តតាម។ ព្រះសហគមន៍នានាក៏កាន់តែមាំមួនជារៀងរាល់ថ្ងៃ ហើយមានចំនួនកាន់តែច្រើនជាលំដាប់។ ព្រះវិញ្ញាណដ៏វិសុទ្ធឃាត់ពួកលោកប៉ូលមិនឱ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយ បានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគី និងដែនដីកាឡាទី។ ពេលទៅដល់ជិតស្រុកមីស៊ី លោកមានបំណងទៅស្រុកប៊ីធីនី ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតឱ្យទៅទេ។ ដូច្នេះ លោកនាំគ្នាឆ្លងកាត់ស្រុកមីស៊ីទៅដល់ក្រុងត្រូអាស។ នៅពេលយប់ លោកប៉ូលនិមិត្តឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោកអញ្ជើញឆ្លងមកស្រុកម៉ាសេដូនជួយយើងខ្ញុំផង!»។ ក្រោយពេលលោកឃើញនិមិត្តហេតុនេះហើយ យើងរូតរះចេញដំណើរទៅស្រុកម៉ាសេដូនជាប្រញាប់ ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើងឱ្យទៅនាំដំណឹងល្អដល់អ្នកស្រុកនោះ។
ទំនុកតម្កើងលេខ ១០០ (៩៩), ១-៣.៥ បទកាកគតិ
| ១ | មនុស្សលើផែនដ | ទាំងប្រុសទាំងស្រី | ចូរអបអរឡើង |
| សាទរព្រះម្ចាស់ | ជាព្រះថ្កុំថ្កើង | ព្រះម្ចាស់នៃយើង | |
| កុំបីរួញរា | ។ | ||
| ២ | នាំគ្នាគោរព | ទាំងថ្ងៃទាំងយប់ | ដោយចិត្តជ្រះថ្លា |
| នាំគ្នាមកជិត | អង្គព្រះនាមា | ច្រៀងហ៊ោរខ្ញៀវខ្ញា | |
| ដោយអរសប្បាយ | ។ | ||
| ៣ | ចូរអ្នកដឹងថា | ព្រះម្ចាស់ពិតជា | ព្រះយើងគ្រប់កាយ |
| ជាព្រះអម្ចាស់ | ពិតឥតក្លែងក្លាយ | បង្កើតយើងហើយ | |
| ទ្រង់ថែថ្នាក់ថ្នម | ។ | ||
| ៥ | ដ្បិតព្រះអម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាហ្មត់ហ្មង |
| គង់នៅស្ថិតស្ថេរ | អង្វែងយូរលង់ | ស្មោះស្ម័គ្រកន្លង | |
| អស់កល្បតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (កូឡូ ៣,១)
អាលេលូយ៉ា! អាលេលូយ៉ា!
ដោយបងប្អូនបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្ត ចូរបងប្អូនស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្តគង់នៅខាងស្តាំព្រះជាម្ចាស់នោះវិញ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៥,១៨-២១)
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។ ប្រសិនបើអ្នករាល់គ្នាកើតមកពីលោកីយ៍ នោះលោកីយ៍មុខជាស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅខាងគេ។ ប៉ុន្តែ ខ្ញុំបានយកអ្នករាល់គ្នាចេញពីអំណាចលោកីយ៍មក ហើយអ្នករាល់គ្នាមិនកើតពីលោកីយ៍ទេ ហេតុនេះហើយ បានជាលោកីយ៍ស្អប់អ្នករាល់គ្នា។ ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នាដែរ។ ប្រសិនបើគេប្រតិបត្តិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្តិតាមពាក្យរបស់អ្នករាល់គ្នាដែរ។ ប៉ុន្តែ គេប្រព្រឹត្តអំពើទាំងនោះចំពោះអ្នករាល់គ្នា ព្រោះតែនាមខ្ញុំ មកពីគេពុំបានស្គាល់ព្រះអង្គដែលបានចាត់ខ្ញុំឱ្យមកទេ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតា! ក្នុងអភិបូជានេះ យើងខ្ញុំសូមរួមជាមួយព្រះយេស៊ូដើម្បីលើកតម្កើងព្រះអង្គ។ ទោះមនុស្សលោកមិនស្រឡាញ់ព្រះអង្គក៏ដោយ ក៏ព្រះអង្គនៅតែស្រឡាញ់មនុស្សលោកជានិច្ច។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត ដែលយើងខ្ញុំសូមថ្វាយក្នុងនាមមនុស្សលោកទាំងអស់។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំចូលរួមជាមួយព្រះយេស៊ូគ្រីស្តដែលបានបូជាព្រះជន្ម។ ព្រះអង្គក៏បានជ្រើសរើស និងចាត់យើងខ្ញុំឱ្យទៅក្នុងពិភពលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំមានចិត្តស្រឡាញ់អ្នកដែលស្អប់យើងខ្ញុំ ដូចព្រះបុត្រាព្រះអង្គ។ សូមលើកទឹកចិត្តគ្រីស្តបរិស័ទដែលត្រូវគេបៀតបៀនផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ។