២៣ មេសា ២០២៦

Written on 27/06/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ រដូវបុណ្យចម្លង អាទិត្យទី០៣
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ ដោយមិនរើសមុខនរណាឡើយ។ ព្រះអង្គក៏សព្វព្រះហឫទ័យសង្គ្រោះអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ក្នុងពេលស្តាប់ព្រះបន្ទូល។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៨,២៦-៤០)

ទេវទូតរបស់ព្រះអម្ចាស់មានប្រសាសន៍មកកាន់លោកភីលីពថា៖ «សូមក្រោក​ឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុង​កាសា ផ្លូវនោះស្ងាត់ទៅហើយ»។ លោកភីលីពក៏ក្រោកឡើងចេញដំណើរ​ទៅ។ នៅតាមផ្លូវមានជនជាតិអេត្យូពីម្នាក់ជាមនុស្សគម្រៀវ លោកជាមន្ត្រីជាន់ខ្ពស់​របស់ព្រះមហាក្សត្រិយានី​កន់ដាស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី លោកក៏ជាអ្នកកាន់កាប់ព្រះរាជទ្រព្យទាំងប៉ុន្មានដែរ។ លោកមក​ថ្វាយបង្គំ​ព្រះជាម្ចាស់​នៅក្រុងយេរូសាឡឹម ហើយធ្វើដំណើរវិលត្រឡប់ទៅវិញដោយជិះរទេះសេះ ទាំងអាន​គម្ពីរព្យាការី​អេសា​យ​ផង។ ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិត​រទេះសេះនោះទៅ»។ លោកភីលីពក៏រត់​ទៅមុខ ហើយ​ឮមន្ត្រីអេត្យូពីអានគម្ពីរ​ព្យាការីអេសាយ។ លោកភីលីពសួរមន្ត្រីនោះថា៖ «តើលោកយល់សេចក្តីដែល​លោក​កំពុងតែអាននេះឬទេ?»។ លោកមន្ត្រីតបមកវិញថា៖ «ធ្វើដូចម្តេច​នឹង​ឱ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់​ណែនាំ​សោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។ រីឯអត្ថបទគម្ពីរដែល​លោកកំពុង​អាននោះគឺ “លោកត្រូវគេនាំយកទៅ ដូចជាចៀមដែលគេនាំទៅសម្លាប់។ លោកពុំ​បា​នហើបមាត់ទាល់តែសោះ គឺ​ប្រៀប​បីដូចជាកូនចៀមដែលស្ងៀម​​ស្ងាត់នៅមុខអ្នកកាត់រោមដែរ។ លោកត្រូវគេបន្ទាបបន្ថោក ហើយគេមិន​រកយុត្តិធម៌ជូន​លោក​ឡើយ។ គ្មាននរណាអាចតំណាលអំពីពូជពង្សរបស់លោក​បានទេ ព្រោះគេបានដកជីវិតរបស់លោកចេញ​ពី​ផែនដីនេះបាត់ទៅហើយ”។ មន្ត្រីនោះសួរលោកភីលីពថា៖ «សូមប្រាប់ខ្ញុំផង តើព្យាការីមានប្រសាសន៍​ដូច្នេះ សំដៅលើអ្នកណា? តើលោកមាន​ប្រសាសន៍អំពីខ្លួនលោកផ្ទាល់ ឬមាន​ប្រសាសន៍អំពីអ្នកណាម្នាក់ផ្សេងទៀត?»។ លោកភីលីព​ក៏ជម្រាប​ជូន​ដំណឹងល្អ​អំពីព្រះយេស៊ូប្រាប់លោក ដោយចាប់ផ្តើមពីអត្ថបទគម្ពីរនោះទៅ។ លោក​ទាំងពីរចេះតែបន្តដំណើរទៅមុខ។ លុះ​ដល់​កន្លែងមួយមានទឹក លោកមន្ត្រី​មានប្រសាសន៍ថា៖ «ទីនេះមានទឹក តើមានអ្វីឃាត់ខ្ញុំមិនឱ្យទទួលពិធីជ្រមុជទឹក!»។ លោកបញ្ជាឱ្យគេបញ្ឈប់រទេះសេះ។ លោកមន្ត្រី និងលោកភីលីពចុះទៅក្នុងទឹកទាំងពីរនាក់ ហើយលោកភីលីព​ក៏ធ្វើ​ពិធីជ្រមុជទឹក​ជូនលោក​មន្ត្រីនោះ។ កាលលោកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណនៃព្រះអម្ចាស់​បាន​លើក​លោកភីលីពយកចេញបាត់ទៅ លោកមន្ត្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ត្រីបន្តដំណើរ​ទៅមុខ​ទៀត​ដោយចិត្តត្រេកអរសប្បាយ។ រីឯលោកភីលីព គេបែរជាឃើញលោកនៅ​ឯក្រុង​អាសូតឯណោះ។ បន្ទា​ប់​មក លោកធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ទាំងនាំដំណឹងល្អរហូតទៅដល់ក្រុង​សេសារ៉េ។

ទំនុកតម្កើងលេខ ៦៦ (៦៥),៨-៩.១៦-១៧.៤-៥.២០ បទកាកគតិ

ប្រជាជនអើ កុំនៅកន្តើយ រួញរាខកខាន
  តម្កើងព្រះអង្គ ខ្ពស់ហួសអស់ស្ថាន នោះយើងនឹងបាន
    សុខដោយបារមី
ព្រះអង្គប្រទាន ពួកយើងឱ្យមាន ជីវិតស្រស់ថ្មី
  ទ្រង់មិនបណ្តោយ ឱ្យភ្លាត់ដល់ដី មិនឱ្យយើងក្ស័យ
    រួចរស់ជីវិត
១៦ សូមអ្នកទាំងអស់ ដែលធ្លាប់ស្ម័គ្រស្មោះ លើព្រះគ្មានហ្មង
  ខ្ញុំនឹងរៀបរាប់ គ្រប់កិច្ចដែលទ្រង់ មានមកកន្លង
    មកលើរូបខ្ញុំ
១៧ ខ្ញុំស្រែកហៅរក សូមព្រះយាងមក កុំគង់សំងំ
  ខ្ញុំស្រែកដង្ហោយ រកព្រះឧត្តម សូរសំឡេងខ្ញុំ
    តម្កើងទ្រង់ផង
មនុស្សម្នាលើដី ទាំងប្រុសទាំងស្រី ក្រាបថ្វាយព្រះអង្គ
  គេនាំគ្នាច្រៀង លើកសិរីផង ច្រៀងបទតម្កើង
    ព្រះនាមល្បាញល្បី
ចូរយើងនាំគ្នា ពីគ្រប់ទិសា កុំនៅធ្វើហី
  មើលស្នាព្រះហស្ត សុទ្ធតែប្រពៃ ដែលទ្រង់លកលៃ
    ធ្វើមកមនុស្សលោក
២០ សូមថ្កើងព្រះម្ចាស់ ខ្ពង់ខ្ពស់ពេកណាស់ ដោយចិត្តស្មោះសរ
  ទ្រង់ពុំបដិសេធ ពាក្យខ្ញុំអង្វរ ទ្រង់ប្រទានពរ
    ដល់ខ្ញុំជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះអង្គជាអាហារដែលផ្តល់ជីវិត ហើយដែលចុះពីស្ថានបរមសុខមក អ្នកណាបរិភោគអាហារនេះនឹងរស់នៅអស់កល្បជានិច្ច។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៦,៤៤-៥១) 

ក្រោយពីពេលព្រះយេស៊ូប្រទាននំប៉័ងឱ្យបណ្តាជន ព្រះអង្គមានព្រះបន្ទូល​ទៅកាន់ពួកគេថា៖ «ប្រសិនបើព្រះបិតាដែលចាត់ខ្ញុំឱ្យមកមិនទាក់ទាញ​ចិត្ត​គេទេ គ្មាននរណាម្នាក់អាចមករកខ្ញុំបានឡើយ។ រីឯខ្ញុំ ខ្ញុំនឹងប្រោសអ្នកនោះ​ឱ្យមានជីវិតរស់ឡើងវិញនៅថ្ងៃចុងក្រោយបំផុត។ ក្នុងគម្ពីរព្យាការីមានចែងទុកមកថា “ព្រះជាម្ចាស់នឹងប្រៀនប្រដៅមនុស្សទាំងអស់”។ អស់អ្នកដែល​បានស្តាប់ព្រះបិតា ហើយទទួលយកការប្រៀនប្រដៅរបស់ព្រះអង្គ អ្នកនោះ​មុខជាមករកខ្ញុំពុំខាន។ គ្មាននរណាម្នាក់បានឃើញព្រះបិតាឡើយ លើកលែងតែអ្នកដែលមកពីព្រះជាម្ចាស់ប៉ុណ្ណោះ គឺអ្នកនោះហើយបានឃើញព្រះអង្គ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្ប​ជានិច្ច។ ខ្ញុំនេះហើយជាអាហារដែលផ្តល់ជីវិត។ បុព្វបុរសរបស់អ្នករាល់គ្នា​បានបរិភោគនំម៉ាណានៅវាលរហោស្ថាន ហើយគាត់ទទួលមរណភាពអស់។ រីឯអាហារដែលចុះពីស្ថានបរមសុខមកនេះ អ្នកណាបរិភោគ អ្នកនោះមិនស្លាប់​ឡើយ។ ខ្ញុំនេះហើយជាអាហារដែលមានជីវិត ចុះពីស្ថានបរមសុខមក។ អ្នក​ណាបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច។ អាហារដែលខ្ញុំនឹង​ឱ្យ​នោះ គឺខ្លួនខ្ញុំផ្ទាល់ដែលត្រូវបូជាសម្រាប់ឱ្យមនុស្សលោកមានជីវិត»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតាប្រកបដោយព្រះប្រាជ្ញាញាណឈ្លាសវៃ! ព្រះអង្គតែងតែប្រៀនប្រដៅមនុស្សទាំងអស់ និងទាក់ទាញ​ចិត្តគេឱ្យស្គាល់ព្រះអង្គ។ ក្នុងអភិបូជានេះ ព្រះអង្គក៏ប្រោសយើងខ្ញុំជាបុត្រធីតាឱ្យចូលរួបរួមជាមួយព្រះ​យេស៊ូ​គ្រីស្ត​ដែល​បូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាទាក់ទាញចិត្តយើងខ្ញុំ ឱ្យរស់នៅគ្រប់ពេលវេលាស្របតាមអគ្គសញ្ញាដែល​យើង​ខ្ញុំនាំគ្នាប្រារព្ធនៅពេលនេះផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងអភិបូជានេះ ព្រះយេស៊ូបានប្រទានព្រះបន្ទូល និងព្រះកាយផ្ទាល់របស់ព្រះអង្គឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ទទួលការប្រៀនប្រដៅរបស់ព្រះអង្គ សូមឱ្យថ្ងៃណាមួយ យើងខ្ញុំរួបរួមជាមួយព្រះបុត្រានឹងឃើញព្រះបិតានៅស្ថានបរមសុខ បានរួមជាមួយព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែង​តរៀងទៅ។