១៧ មេសា​ ២០២៦

Written on 03/07/2026
Sokhorn Oem

ថ្ងៃសុក្រ សប្តាហ៍បុណ្យចម្លង អាទិត្យទី០២
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកយ៉ាងក្រៃលែង!។ ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រាសោយទិវង្គតលើឈើឆ្កាង ដើម្បី​ឱ្យយើងខ្ញុំបានរួចពីបាប។ សូមព្រះអង្គប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះយេស៊ូដែល​ទទួលព្រះជន្មថ្មី ហើយដែលសោយរាជ្យជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៥,៣៤-៤២)

ពេលក្រុមគ្រីស្តទូតនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ មានបុរសម្នាក់ខាងគណៈ​ផារីស៊ី ឈ្មោះកាម៉ាលីអែល ជាធម្មាចារ្យដែលប្រជាជនគោរពគ្រប់ៗគ្នាក្រោកឈរឡើង សុំគេឱ្យនាំក្រុមគ្រីស្តទូតចេញពីទីនោះមួយស្របក់ រួចមានប្រសាសន៍ទៅកាន់អង្គប្រជុំថា៖ «អស់លោកជាជនជាតិអុីស្រាអែលអើយ! សូមប្រយ័ត្ននឹងអំពើដែលអស់លោកប៉ុនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។ ក្នុង​ពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះ​ថឺដាសបានតាំងខ្លួនឡើងជាវីរជន ហើយ​ប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯ​ពួកអ្នកដែលចូលដៃជាមួយគាត់ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។ បន្ទាប់​មក នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេលើកខ្លួនឡើងបញ្ចុះបញ្ចូលមនុស្សជាច្រើនឱ្យទៅតាមគាត់។ យូដាសក៏ត្រូវ​គេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែក​គ្នាអស់ទៅ។ ឥឡូវនេះ ខ្ញុំសូមជម្រាបអស់លោកថា សូមកុំរវីរវល់នឹងអ្នក​ទាំងនេះទៀតធ្វើអ្វី លែងគេឱ្យទៅវិញទៅ។ ប្រសិនបើគម្រោងការ និងកិច្ច​ការដែលគេចាប់ផ្តើមធ្វើមានប្រភពចេញមកពីមនុស្ស នោះមុខតែនឹងរលាយ​សាបសូន្យជាមិន​ខាន។ ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញ​មកពីព្រះជាម្ចាស់ អស់លោកពុំអាចរំលាយបានឡើយ។ ហេតុនេះ សូមប្រុង​ប្រយ័ត្ន ក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ»។ គេយល់ស្របតាមយោបល់របស់លោកកាម៉ាលីអែលទាំងអស់គ្នា គេក៏ហៅ​ក្រុម​គ្រីស្តទូតមកវិញ ហើយបញ្ជាឱ្យវាយនឹងរំពាត់ ទាំងហាមប្រាមមិនឱ្យប្រ​កាស​​អំពីព្រះនាមព្រះយេស៊ូទៀត រួចលែងឱ្យត្រឡប់ទៅវិញ។ ក្រុមគ្រីស្តទូតចាក​ចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានឱ្យ​គេមានកិត្តិ​យសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។ ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនដំណឹងល្អអំពីព្រះយេស៊ូជាព្រះគ្រីស្តនៅក្នុងព្រះវិហារ និងនៅតាមផ្ទះឥតឈប់ឈរឡើយ។

ទំនុកតម្កើងលេខ ២៧(២៦), ១.២.៤-៥.១៣-១៤ បទពាក្យ ៧

ព្រះអម្ចាស់ទ្រង់ជាពន្លឺ នាមល្បីរន្ទឺព្រះសង្គ្រោះ  
  មិនឱ្យខ្ញុំខ្លាចនរណាសោះ ជាកំពែងខ្ពស់ជួយជីវិត
ពេលពួកមនុស្សពាលជាបច្ចា រូតរះម្នីម្នាចូលមកជិត  
  ពួកគេចង់មកផ្តាច់ជីវិត តែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល
ខ្ញុំទូលព្រះម្ចាស់នូវសេចក្តី តែមួយគត់ខ្លីឱ្យបានច្បាស់  
  គឺចង់ស្នាក់នៅដំណាក់ព្រះ ឥតមានក្រឡះមួយជីវិត
  ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ ឫទ្ធានុភាពថ្កុំថ្កើងពិត  
  នឹងថ្វាយបង្គំម្ចាស់ជីវិត ព្រះអង្គគង់ស្ថិតក្នុងវិហារ
ពេលខ្ញុំជួបគ្រោះអាសន្នភ័យ ព្រះអង្គដឹកដៃខ្ញុំម្នីម្នា  
  ចូលខ្លួនជ្រកក្នុងព្រះពន្លា បំពួនអាត្មាថ្មដាបាំង
១៣ ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន ឃើញសុខក្សេមក្សាន្តមិនអាស្រូវ  
  មង្គលកើតពីព្រះម្ចាស់នៅ ក្នុងលោកតទៅជាមិនខាន
១៤ ចូរទុកចិត្តលើព្រះអម្ចាស់ ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន  
  ចូរមានកម្លាំងចិត្តក្លាហាន នោះអ្នកនឹងមានសុភមង្គល

អបអរសាទរព្រះគម្ពីរដំណឹងល្អតាម (កក ១៤,៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានសម្តែងព្រះហឫទ័យសប្បុរស! ព្រះអង្គប្រទានឱ្យយើងមានម្ហូបអាហារយ៉ាងបរិបូណ៌ និងមានអំណរសប្បាយ​ផង! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៦,១-១៥)

នៅគ្រានោះ ព្រះយេស៊ូយាងទៅត្រើយខាងនាយសមុទ្រកាលីឡេដែលមាន​ឈ្មោះថា សមុទ្រទីបេរីយ៉ាដ។ មានបណ្តាជនច្រើនកុះករ​មកតាមព្រះអង្គ ព្រោះគេបានឃើញទីសម្គាល់ដែលព្រះអង្គបានធ្វើ ដោយប្រោសអ្នក​ជំងឺ​ឱ្យជា។ ព្រះយេស៊ូយាងឡើងទៅលើភ្នំ ហើយ​គង់​នៅទីនោះជាមួយក្រុមសាវ័ក។ ពេល​​នោះបុណ្យចម្លង ជាបុណ្យរបស់ជនជាតិយូដាកាន់តែខិតជិតណាស់ហើយ។ ព្រះយេស៊ូទតឃើញបណ្តាជនមកតាមព្រះអង្គច្រើនកុះករយ៉ាងនេះ ទ្រង់មាន​ព្រះបន្ទូលទៅលោកភីលីពថា៖ «តើយើងទៅរកទិញអាហារឯណា​មកចែកឱ្យ​អ្នកទាំងនេះបរិភោគបាន?»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បង​មើលចិត្តលោកភីលីព តាមពិតព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបម្រុង​នឹងធ្វើស្រេចទៅហើយ។ លោកភីលីពទូលថា៖ «ទោះបីយើងយកប្រាក់ពីររយ​ដួងទៅទិញនំប័ុងក៏មិនគ្រាន់ដែរ សូម្បីតែម្នាក់មួយដុំតូចៗក៏មិនបានផង»។ មានសាវ័កម្នាក់ឈ្មោះអន់ដ្រេ ជាប្អូនរបស់លោកស៊ីម៉ូនសិលាទូលព្រះអង្គ​ថា៖ ​«នៅទីនេះក្មេងប្រុសម្នាក់មាន​នំប័ុងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែ បើ​មានតែប៉ុណ្ណឹង ធ្វើម្តេចនឹងឱ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?» ព្រះ​យេស៊ូមានព្រះបន្ទូលថា៖ «សុំឱ្យគេអង្គុយចុះ»។ នៅទីនោះមានស្មៅច្រើន បណ្តាជនក៏នាំគ្នាអង្គុយ។ មានមនុស្សប្រុសទាំងអស់ប្រមាណប្រាំពាន់នាក់។ ព្រះយេស៊ូយកនំប័ុងមកកាន់ អរព្រះគុណព្រះជាម្ចាស់ រួចប្រទានឱ្យអ្នកអង្គុយ​នៅទីនោះ។ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ ទ្រង់ប្រទានឱ្យគេតាមតែម្នាក់ៗចង់បាន លុះគេបានបរិភោគឆ្អែតហើយ ព្រះយេស៊ូមានព្រះបន្ទូលទៅ​ក្រុម​សាវ័កថា៖ «ចូរប្រមូលនំប័ុងដែលនៅសល់កុំឱ្យមានបាត់មួយដុំសោះ​ឡើយ»។ ក្រុមសាវ័កនាំគ្នារើសសំណល់នំប័ុងទាំងប្រាំដុំដែលបណ្តាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ កាលមនុស្សម្នាឃើញទីសម្គាល់ដែល​ព្រះ​យេស៊ូបានធ្វើនោះ ក៏ពោលថា៖ «លោកនេះពិតជាព្យាការីដែលត្រូវមកក្នុង​ពិភពលោកមែន»។ ព្រះយេស៊ូជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គយកទៅ​តែងតាំងជាស្តេច ដូច្នេះព្រះអង្គក៏យាងចាកចេញពីគេឡើងទៅលើភ្នំសាជា​ថ្មី​តែមួយព្រះអង្គឯង។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកយ៉ាងក្រៃលែង! កាលពីដើម ព្រះបុត្រាយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយរបស់ក្មេងម្នាក់មកចិញ្ចឹមមនុស្សរាប់ពាន់នាក់។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយដ៏ស្តួចស្តើងរបស់យើងខ្ញុំ យកធ្វើជាព្រះកាយព្រះគ្រីស្តដែលចិញ្ចឹមអស់អ្នកដែលជឿសង្ឃឹមលើព្រះអង្គផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំ ធ្វើជាអាហារដ៏ប្រសើរ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ស្វែងរកព្រះរាជ្យរបស់ព្រះអង្គ ដោយអស់សមត្ថភាព និងរស់នៅក្នុងលោកនេះតាមរបៀបដែលបញ្ជាក់នូវជំនឿរបស់យើងខ្ញុំផង។