១១ មេសា ២០២៦

Written on 09/07/2026
Sokhorn Oem

ថ្ងៃសៅរ៍ សប្តាហ៍បុណ្យចម្លង អាទិត្យទី០១
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះបិតាដែលមានតេជានុភាពសព្វប្រការ! ដោយអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គសព្វព្រះហឫទ័យឱ្យបុត្រធីតារបស់ព្រះអង្គកើនចំនួនឡើងជាលំដាប់។ សូមទ្រង់ព្រះមេត្តាថែរក្សាបុត្រធីតាដែលទើបនឹងកើតថ្មីនោះ។ សូមឱ្យពួកគេបានជីវិតអមតៈរបស់ព្រះគ្រីស្តដើម្បីឱ្យថ្ងៃណាមួយគេអាចចូលរួមក្នុងពិធីមង្គលការនៃស្ថានបរមសុខផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៤,១៣-២១)

ក្រុមប្រឹក្សាជាន់ខ្ពស់ឃើញលោកសិលា និងលោកយ៉ូហានមានចិត្តអង់អាច។​ គេងឿងឆ្ងល់ខ្លាំងណាស់ ដ្បិតគេដឹងថា លោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា លោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ។ ប៉ុន្តែ ពួកគេរកពាក្យឆ្លើយតបវិញមិនបានសោះ ព្រោះគេឃើញបុរសដែលបានជានោះឈរនៅជាមួយស្រាប់។ ពួកគេក៏បញ្ជាឱ្យលោកទាំងពីរចេញពីអង្គប្រជុំ ហើយពិគ្រោះគ្នាថា៖ «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេបានធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេស យើងមិនអាចបដិសេធបាន។ ដូច្នេះ តោងយើងហាមប្រាម និងគំរាមគេកុំឱ្យប្រកាសប្រាប់នរណាអំពីឈ្មោះនោះតទៅទៀតឡើយ ដើម្បីកុំឱ្យរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជន»។ ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឱ្យនិយាយ និងបង្រៀនអំពីព្រះនាមព្រះយេស៊ូជាដាច់ខាត។ លោកសិលា និងលោកយ៉ូហានមានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើលចុះ! ដើម្បីឱ្យបានស្របតាមព្រះហឫទ័យព្រះជាម្ចាស់ គួរឱ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់ព្រះអង្គ?។ យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ដែលយើងខ្ញុំបានឃើញបានឮនោះពុំកើតឡើយ»។ ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុដើម្បីដាក់ទោសលោកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងឱ្យទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ចំពោះហេតុការណ៍ ដែលកើតមានឡើងនោះគ្រប់ៗគ្នា។

ទំនុកតម្កើងលេខ ១១៨ (១១៧), ១.១៤-២១ បទពាក្យ ៧

សូមលើកតម្កើងព្រះអម្ចាស់ ប្រសើរពេកណាស់ព្រះទ័យថ្លៃ  
  សប្បុរសករុណាត្រាប្រណី ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ
១៤ ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក  
  មានព្រះនាមព្រះផុតទុក្ខសោក ព្រះអង្គចេញមកច្បាំងការពារ
១៥ មនុស្សសុចរិតចិត្តអង់អាច មិនចេះកោតខ្លាចស្រែកគ្រប់គ្នា  
  ច្រៀងថ្វាយព្រះអង្គមានឫទ្ធា សម្តែងចេស្តាអានុភាព
១៦ ព្រះអង្គសម្តែងបារមីខ្ពស់ ប្រសើលើសលស់មិនទន់ទាប  
  ព្រះអង្គបង្ហាញឱ្យគេជ្រាប ឫទ្ធានុភាពអស្ចារ្យក្រៃ
១៧ ខ្ញុំត្រូវនៅរស់មានជីវិត មិនត្រូវស្លាប់ផុតចាកលោកីយ៍  
  ដើម្បីរៀបរាប់ពីសេចក្ដី ស្នាព្រះហស្តថ្លៃព្រះអម្ចាស់
១៨ ព្រះអង្គប្រដៅវាយអប់រំ ទះតប់រូបខ្ញុំប្រាកដណាស់  
  តែទ្រង់ស្រឡាញ់មិនឱ្យប្រាស មិនឱ្យមានគ្រោះឬត្រូវស្លាប់
១៩ ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស សុចរិតស្រីប្រុសមកប្រញាប់  
  ខ្ញុំនឹងចូលទៅឱ្យបានឆាប់ នឹងថ្លែងរៀបរាប់អរគុណទ្រង់
២០ ទ្វារនេះជាទ្វារព្រះអម្ចាស់ សូមជនស្រីប្រុសដើរតម្រង់  
  អ្នកសុចរិតអើយកុំបង្អង់ ទ្វារបើកបម្រុងនៅចាំអ្នក
២១ ខ្ញុំនឹងតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់  
  តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ ថែមទាំងថ្នាក់ថ្នមខ្ញុំដិតដល់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ១១៨,២៤)

អាលេលូយ៉ា! អាលេលូយ៉ា!
នេះជាថ្ងៃដ៏អស្ចារ្យបំផុត! យើងនាំគ្នាត្រេកអរសប្បាយរីករាយឡើង!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកូស (មក ១៦,៩-១៥)

ព្រះយេស៊ូក្រោកឈរឡើងពីចំណោមមនុស្សស្លាប់នៅព្រឹកថ្ងៃអាទិត្យ ទ្រង់បានបង្ហាញព្រះអង្គឱ្យនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលព្រះអង្គបានដេញខ្មោចប្រាំពីរចេញពីនាង។ នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលរស់នៅជាមួយព្រះយេស៊ូកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។ ពេលគេឮថា ព្រះអង្គមានព្រះជន្មគង់នៅ ហើយឮ​ថា នាងបានឃើញព្រះអង្គ គេមិនជឿនាងឡើយ។ បន្ទាប់មក ព្រះយេស៊ូបានបង្ហាញព្រះអង្គឱ្យសាវ័កពីរនាក់ឃើញតាមទ្រង់ទ្រាយមួយផ្សេងទៀត ក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។ អ្នកទាំងពីរក៏នាំដំណឹងមកប្រាប់សាវ័កឯទៀតៗដែរ តែពួកគេនៅតែមិន​ជឿ​ដដែល។ នៅទីបំផុត ព្រះយេស៊ូក៏បង្ហាញខ្លួនឱ្យក្រុមសាវ័កទាំងដប់មួយនាក់ឃើញនៅពេលដែលគេកំពុងបរិភោគ។ ព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹងរូសពុំព្រមជឿ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូជាព្រះបុត្រាបានបូជាព្រះជន្ម ដោយទ្រង់សព្វព្រះហឫទ័យធ្វើតាមព្រះបញ្ជារបស់ព្រះអង្គរហូតដល់ទីបំផុត។ ក្រុមសាវ័កក៏សុខចិត្តធ្វើតាមបង្គាប់របស់ព្រះអង្គ ជាជាងធ្វើតាមបង្គាប់របស់មនុស្ស។ សូមទ្រង់ព្រះមេត្តាប្រទានសេចក្តីក្លាហានឱ្យយើងខ្ញុំ សូមឱ្យយើងខ្ញុំហ៊ានធ្វើតាមបង្គាប់ព្រះអង្គជានិច្ច ទុកជាសក្ការបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាប្រកបដោយធម៌ព្រះមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យប្រទានជីវិតថ្មីឱ្យយើងខ្ញុំជាប្រជារាស្រ្តរបស់ព្រះអង្គ ដោយអគ្គសញ្ញាជ្រមុជទឹក និងដោយព្រះកាយព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងខ្ញុំរស់នៅតាមជីវិតថ្មីនោះផង។