១២ មេសា ២០២៦

Written on 08/07/2026
Sokhorn Oem

ថ្ងៃអាទិត្យ រដូវបុណ្យចម្លង អាទិត្យទី០២
(ព្រះហឫទ័យមេត្តាករុណា) 

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែងហួសពីការស្មាន! សូមព្រះអង្គទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ កុំឱ្យមានចិត្តសង្ស័យឡើយ។ សូមប្រោសយើងខ្ញុំឱ្យយល់កាន់តែច្បាស់អំពីអត្ថន័យអគ្គសញ្ញាជ្រមុជទឹក ដែលបានជម្រះយើងខ្ញុំអំពីព្រះវិញ្ញាណដែលប្រទានជីវិតថ្មីឱ្យយើងខ្ញុំ និងអំពីព្រះលោហិតដ៏ប្រសើរ ដែលបានរំដោះយើងខ្ញុំផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ២,៤២-៤៧)

នៅសម័យដើមនៃព្រះសហគមន៍ បងប្អូនទាំងអស់ព្យាយាមស្តាប់សេចក្តីបង្រៀនរបស់ក្រុមគ្រីស្តទូត ព្យាយាមរួមរស់ជាមួយគ្នាជាបងប្អូន ព្យាយាមធ្វើពិធីកាច់នំប៉័ង និងព្យាយាមអធិដ្ឋាន។ មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមគ្រីស្តទូតបានសម្តែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗជាច្រើន។ អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ ហើយយករបស់របរដែលខ្លួនមានមកដាក់រួមគ្នាទាំងអស់។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួន យកប្រាក់មកចែកគ្នាតាមសេចក្តីត្រូវការរបស់ពួកគេម្នាក់ៗ។ ជារៀងរាល់ថ្ងៃ គេរួមចិត្តគំនិតគ្នា ព្យាយាមចូលព្រះវិហារ ធ្វើពិធីកាច់នំប៉័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសរផង។ គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អាន ពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះមកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។

ទំនុកតម្កើងលេខ ១១៨ (១១៧),១.៤.១៣-១៤.១៩.២១-២៥ បទពាក្យ ៧

សូមលើកតម្កើងព្រះអម្ចាស់ ប្រសើរពេកណាស់ព្រះទ័យថ្លៃ  
  សប្បុរសករុណាត្រាប្រណី ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ
អស់អ្នកគោរពកោតខ្លាចព្រះ ក៏ត្រូវប្រកាសឱ្យក្តែងៗ  
  ដូចអុីស្រាអែលកុំបីក្រែង ហឫទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ
១៣ ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ  
  រកឱ្យព្រះជួយឆាប់រហ័ស ពេលនោះព្រះម្ចាស់ទ្រង់យាងមក
១៤ ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក  
  មានព្រះនាមព្រះផុតទុក្ខសោក ព្រះអង្គចេញមកច្បាំងការពារ
១៩ ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស សុចរិតស្រីប្រុសមកប្រញាប់  
  ខ្ញុំនឹងចូលទៅឱ្យបានដប នឹងថ្លែងរៀបរាប់អរគុណទ្រង់
២១ ខ្ញុំនឹងតម្កើងព្រះអម្ចាស់ ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់  
  តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ ថែមទាំងថ្នាក់ថ្នមខ្ញុំដិតដល់
២២ ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ ប្រែជារឹងមាំបែរជាកល់  
  ជើងសសរផ្ទះមាំឥតខ្វល់ ល្បីល្បាញឮដល់សព្វជាតិសាសន៍
២៣ ព្រះអង្គសម្រេចការអស្ចារ្យ ដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់  
  អស្ចារ្យពេកក្រៃយើងឃើញច្បាស់ គួរស្ញប់ស្ញែងណាស់គួរគោរព
២៤ ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស កំណត់ទុកច្បាស់ឱ្យយើងឈប់  
  នាំគ្នាសប្បាយកុំនៅជ្រប់ គ្រប់ភូមិគ្រប់ស្រុកអរទាំងអស
២៥ ឱព្រះអម្ចាស់សូមសង្រ្គោះ ឱ្យខ្ញុំល្បីឈ្មោះមានសម្រស់  
  មានជោគមានជ័យខ្លាំងឥតខ្ចោះ យើងនឹកអាឡោះអាល័យណាស់

អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់គ្រីស្តទូតសិលា ១ (សល ១,៣-៩)

សូមសរសើរតម្កើងព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើងឱ្យកើតជាថ្មីដោយប្រោសព្រះយេស៊ូគ្រីស្តឱ្យក្រោកឈរឡើងពីចំណោមមនុស្សស្លាប់ មានព្រះជន្មថ្មីដ៏រុងរឿង ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដូច្នេះ យើងមានសេចក្តីសង្ឃឹមដែលមិនចេះសាបសូន្យ ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បម្រុងទុកមត៌កនេះឱ្យបងប្អូននៅស្ថានបរមសុខ ហើយឫទ្ធានុភាពរបស់ព្រះអង្គ ថែរក្សា​បងប្អូនដោយសារជំនឿ ដើម្បីឱ្យបងប្អូនទទួលការសង្រ្គោះដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសម្តែងនៅចុងក្រោយបំផុត។ ហេតុនេះហើយ បាន​​​​​​​​​​ជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំង ទោះបីពេលនេះបងប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងៗក្នុងមួយរយៈពេលខ្លីក៏ដោយ។ ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូនឱ្យមានតម្លៃលើសមាស ដែ​​​​​​​​​​លតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសម្រាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រីស្តសម្តែងខ្លួនឱ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្តិយសជាមិនខាន។ បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្តី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន ព្រោះ​បងប្អូនបានទទួលការសង្រ្គោះសម្រាប់ព្រលឹងខ្លួនដែលជាទីដៅនៃជំនឿរបស់បងប្អូន។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ២០,២៩)

អាលេលូយ៉ា! អាលេលូយ៉ា!
លោកថូម៉ាសបានឃើញព្រះអម្ចាស់ ហើយបានជឿ។ អ្នកជឿដោយឥតបានឃើញ ពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ២០,១៩-៣១)

នៅល្ងាចថ្ងៃអាទិត្យក្រោយព្រះយេស៊ូសោយទិវង្គត ក្រុមសាវ័កនៅក្នុងផ្ទះ ខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមកឈរនៅកណ្តាលចំណោមពួកគេ ហើយមានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ត និងនៅត្រង់ឆ្អឹងជំនីរឱ្យគេឃើញផង។ ក្រុមសាវ័កសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖«សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត! ដូចព្រះបិតាបានចាត់ខ្ញុំឱ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅយ៉ាងនោះដែរ»។ បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេ ទាំងមានព្រះបន្ទូលថា៖«ចូរទទួលព្រះវិញ្ញាណ!។ បើអ្នករាល់គ្នាលើកលែងទោសអ្នកនោះឱ្យរួចពីបាប ព្រះជាម្ចាស់ ក៏នឹងលើកលែងទោសអ្នកនោះឱ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។ កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាសហៅឌីឌីម ជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំងដប់ពីរមិនបាននៅជាមួយពួកគេទេ។ សាវ័កឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្តែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។ ប្រាំបីថ្ងៃក្រោយមក ក្រុមសាវ័កជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ទ្វារផ្ទះខ្ទាស់ជាប់ ព្រះយេស៊ូយាងមកឈរនៅកណ្តាលចំណោមពួកគេទាំងមានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តី សុខសាន្ត!»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ។ លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គលហើយ!»។ ព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើនទៀតឱ្យក្រុមសាវ័កឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។ រីឯសេចក្តីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឱ្យអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយឱ្យអ្នករាល់គ្នាដែលជឿមានជីវិតដោយរួមជាមួយព្រះអង្គ។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយពីយើងខ្ញុំទាំងអស់គ្នាជាបុត្រធីតាដែលកើតជាថ្មី ដោយរួមជាមួយព្រះគ្រីស្ត។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមនឹងសក្ការបូជារបស់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ធម៌លើកតម្កើង

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាច​នៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។

ពាក្យអរព្រះគុណ

បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គប្រោសយើងខ្ញុំឱ្យទទួលជីវិតថ្មី ដោយយើងខ្ញុំជឿលើព្រះបុត្រាដែលសោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណព្រះអង្គយាងមកប្រែចិត្តគំនិតយើងខ្ញុំ ឱ្យអាចរស់នៅតាមឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គផង។