១១ កុម្ភៈ ២០២៦

Written on 06/09/2026
Sokhorn Oem

ថ្ងៃពុធ រដូវធម្មតា អាទិត្យទី០៥ ឆ្នាំ«គូ»
ពណ៌បៃតង 

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី ១ (១ពង្ស ១០,១-១០)

ព្រះមហាក្សត្រិយានីស្រុកសាបា បានឮអំពីកិត្តិនាមដ៏ល្បីល្បាញដែលព្រះបាទ​សាឡូម៉ូនទទួលពីព្រះអម្ចាស់។ ដូច្នេះ ព្រះនាងក៏យាងមកគាល់ព្រះបាទសាឡូម៉ូន​ដើម្បីល្បងប្រាជ្ញា ដោយចោទសួរជាប្រស្នាផ្សេងៗ ព្រះនាងយាងមកដល់ក្រុង​យេរូសាឡឹម ដោយមានរាជបម្រើយ៉ាងច្រើនហែហម ព្រមទាំងមានសត្វអូដ្ឋជាច្រើន​ដឹកគ្រឿងក្រអូប មាស និងត្បូងជាច្រើនផង។ ព្រះនាងចូលទៅគាល់ព្រះបាទ​សាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះនាងបានរិះគិតទុកជាមុន។ ព្រះបាទសាឡូម៉ូនឆ្លើយនឹងសំនួររបស់ព្រះនាងត្រូវទាំងអស់ ឥតមានសំនួរណាមួយដែលព្រះរាជាឆ្លើយពុំរួចនោះឡើយ។ ព្រះមហាក្សត្រិយានីស្រុកសាបា សង្កេតឃើញប្រាជ្ញាដ៏ឈ្លាសវៃរបស់ព្រះបាទ​សាឡូម៉ូន និងឃើញវាំងដែលទ្រង់បានសង់ ព្រមទាំងឃើញ​ព្រះស្ងោយនៅលើតុស្តេច លំនៅដ្ឋានរបស់នាម៉ឺនមន្រ្តី របៀបរបបនឹងឯកសណ្ឋាន​របស់ពួករាជបម្រើ ពួកមហាតលិក និងឃើញដង្វាយដុតទាំងមូលដែលស្តេចថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះនាងក៏កោតស្ញប់ស្ញែងយ៉ាងខ្លាំង។ ព្រះនាងមានសវនីយទៅកាន់ព្រះបាទសាឡូម៉ូនថា៖ «ពាក្យទាំងប៉ុន្មាន ដែលខ្ញុំម្ចាស់បានឮគេនិយាយនៅក្នុងស្រុករបស់ខ្ញុំម្ចាស់ ស្តីអំពីព្រះករុណានិងអំពីប្រាជ្ញារបស់ព្រះករុណានោះពិតជាត្រឹមត្រូវមែន! មុនពេលខ្ញុំម្ចាស់មកដល់ និងមុនពេលខ្ញុំម្ចាស់ឃើញផ្ទាល់នឹងភ្នែកខ្ញុំម្ចាស់មិនបានជឿពាក្យគេទេ។ ឥឡូវនេះ ខ្ញុំម្ចាស់យល់ឃើញថា អ្វីៗដែលគេរៀប​រាប់នោះ បានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ។ ព្រះករុណាមានប្រាជ្ញា ហើយចម្រុង​ចម្រើន លើសពីសេចក្តីដែលខ្ញុំបានឮទៅទៀត។ រាជបម្រើនិងពួកនាម៉ឺនមន្រ្តីទាំង​ប៉ុន្មានដែលនៅជុំវិញព្រះករុណា ពិតជាមានសុភម្គលហើយ ព្រោះពួកគេបានស្តាប់រាជឱង្ការពោរពេញដោយប្រាជ្ញារបស់ព្រះករុណា។ សូមលើកតម្កើងព្រះអម្ចាស់ ជា​ព្រះរបស់ព្រះករុណា ដែលបានប្រោសប្រណីព្រះករុណា ហើយជ្រើសរើសព្រះករុណាឱ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ស្រឡាញ់ជនជាតិអ៊ីស្រាអែលជានិច្ច ហេតុនេះហើយ បានជាព្រះអង្គជ្រើសរើសព្រះករុណាឱ្យធ្វើជាស្តេច ដើម្បី​គ្រប់គ្រង ដោយសុចរិត និងយុត្តិធម៌»។ ព្រះមហាក្សត្រិយានីស្រុកសាបា យកមាស​ទម្ងន់បួនពាន់គីឡូក្រាម មកថ្វាយព្រះរាជា រួមជាមួយគ្រឿងក្រអូប និងត្បូងយ៉ាងច្រើន​ផង។ តាំងពីពេលនោះមក ពុំមានអ្នកណាយកគ្រឿងក្រអូបយ៉ាងច្រើនមកថ្វាយព្រះ​​បាទសាឡូម៉ូន ដូចព្រះមហាក្សត្រិយានី ស្រុកសាបាឡើយ។

ទំនុកតម្កើងលេខ ៣៧ (៣៦),៥-៦.៣០-៣១.៣៩-៤០ បទព្រហ្មគីតិ

ចូរផ្ញើព្រេងវាសនា ក្នុងហត្ថាព្រះអង្គផង  
  ព្រះអង្គនឹងគ្រប់គ្រង ឥតមានហ្មងតាមសន្យា
ព្រះអង្គនឹងបង្ហាញ ឱ្យគេឃើញយ៉ាងច្បាស់ថា  
  អ្នកសុចរិតថ្លៃថ្លា ដូចសុរិយាពេញរស្មី
៣០ មនុស្សសុចរិត គេចូលចិត្តត្រង់ត្រឹមត្រូវ  
  ពោលពាក្យមិនអាស្រូវ ឥតហ្មងសៅឥតងាករេ
៣១ វិន័យព្រះអម្ចាស់ ដិតជាប់ច្បាស់ក្នុងចិត្តគេ  
  មិនឃ្លាតចាកបែកបែរ ពីមាគ៌ាព្រះអង្គឡើយ
៣៩ ព្រះម្ចាស់តែងសង្គ្រោះ មនុស្សទាំងអស់ឥតទោរម្នេញ  
  ជាកំពែងពោរពេញ ការពារពាំងគ្រាអាសន្ន
៤០ ព្រះអម្ចាស់សង្រ្គោះ និងរំដោះមិនភាំងភាន់  
  សង្រ្គោះគេបន្ទាន់ ព្រោះគេជ្រកក្រោមបារមី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (១​សម ១៦,៧)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ពុំឈ្វេងយល់ប្ញកពាខាងក្រៅ​ដូចមនុស្សលោកទេ ព្រះអង្គស្ទង់ចិត្តគំនិតគេវិញ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស (មក ៧,១៤-២៣)

ព្រះយេស៊ូត្រាស់ហៅបណ្តាជនមក រួចទ្រង់មានព្រះបន្ទូលទៅគេថា៖ «ចូរស្តាប់ខ្ញុំ​ទាំងអស់គ្នា ហើយយល់ឱ្យច្បាស់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឱ្យមនុស្សត្រឡប់ទៅជាមិនបរិសុទ្ធបានឡើយ។ ផ្ទុយទៅវិញ មានតែអ្វីៗចេញពីមនុស្សប៉ុណ្ណោះដែលធ្វើឱ្យមិនបរិសុទ្ធ»។ កាលព្រះយេស៊ូយាងចេញពីបណ្តាជនចូលទៅក្នុងផ្ទះ ក្រុមសាវ័កនាំគ្នាទូលសួរ​ព្រះអង្គ អំពីប្រស្នានេះ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាក៏គ្មានប្រាជ្ញាដូចពួកគេដែរឬ? អ្នករាល់គ្នាត្រូវយល់ថា អ្វីៗពីខាងក្រៅចូលទៅក្នុងមនុស្ស ពុំអាចធ្វើឱ្យគេត្រឡប់ទៅជាមិនបរិសុទ្ធបានឡើយ ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេគឺចូលទៅក្នុងពោះវិញ រួចចេញមកធ្លាក់ទៅទីបន្ទោរបង់»។ ដូច្នេះ ព្រះអង្គបញ្ជាក់ថាគ្រប់អាហារសុទ្ធតែបរិសុទ្ធទាំងអស់»។ ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែ​អ្វីៗចេញពីមនុស្សប៉ុណ្ណោះ ដែលធ្វើឱ្យគេមិនបរិសុទ្ធ ដ្បិតគំនិតអាក្រក់ទាំងប៉ុន្មាន​​សុទ្ធតែចេញមកពីខាងក្នុងចិត្តរបស់មនុស្ស គឺគំនិតដែលនាំឱ្យប្រព្រឹត្តកាមគុណ ថោកទាប លួចប្លន់ កាប់សម្លាប់ ផិតក្បត់ លោភលន់ចង់បានទ្រព្យគេ កាចសាហាវបោក​ប្រាសគេ ប្រព្រឹត្តអបាយមុខ ច្រណែនឈ្នានីស អំនួត និងគំនិតលេលា ការអាក្រក់​ទាំងនេះហើយដែលចេញពីខាងក្នុងមនុស្សមក ធ្វើឱ្យគេក្លាយទៅជាមិនបរិសុទ្ធ»។